កំពង់ចាម: លោក ជិន សារ៉ាត អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាយុវជនទាំងអស់ ត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងជឿ ជាពិសេសត្រូវពិចារណាឱ្យបានច្បាស់លាស់ មុននឹងចែករំលែកព័ត៌មាននោះបន្ត លើបណ្ដាញ
សង្គម និងចែករំលែកដល់មិត្តភក្ដិ ឬក្រុមគ្រួសារ ការអំពាវនាវបែបនេះក្នុងឱកាសបន្តយុទ្ធនាការ ផ្សាព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីព័ត៌មានក្លែងក្លាយនៅតាមទីវត្តអារាម និងទីសាធារណៈផ្សេងៗ ក្នុងស្រុកកំពង់សៀម នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ។
បើតាម លោកជិន សារ៉ាត បានឱ្យដឹងថា យុទ្ធនាការនេះពិតជាសំខាន់ណាស់ ដូច្នេះហេីយក្រុមការងារនឹងបន្តចុះធ្វើនៅគ្រប់បណ្តាក្រុង-ស្រុកនានានៅទូទាំងខេត្តកំពង់ចាម ដើម្បីអប់រំដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ឱ្យមានការយល់ដឹងពីព័ត៌មានមានក្លែងក្លាយ ពោលគឺសំដៅទៅលើព័ត៌មានមិនពិត ព័ត៌មានញុះញង់ រើសអើង ឱ្យប្រើអំពើហង្សា តាមរយៈការផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធឺណេត ឬ បណ្តាញទំនាក់ទំនងសង្គម ដែលបង្កភាពចលាចលនៅក្នុងសង្គម។
លោកអនុប្រធានមន្ទីរព័ត៌មាន ខេត្តកំពង់ចាម បានបញ្ជាក់ថា យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» ត្រូវ បានរៀបចំឡើងក្នុងគោលបំណងកាត់បន្ថយ ជាអតិបរមានូវរាល់ប្រភេទព័ត៌មានក្លែងក្លាយ និង ឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយពីលំហព័ត៌មាន ក្នុងសង្គមកម្ពុជា សំដៅធានាសន្តិសុខ ព័ត៌មាន ពោលគឺការទទួលព័ត៌មានប្រកបដោយគុណភាព និង សុវត្ថិភាព ជូនប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស ៕






































