ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបញ្ចេញរបាយការណ៍ក្នុងឆមាសទី១ នៃឆ្នាំ២០២៥ ដោយបានបញ្ជាក់ពីករណីគ្រោះថ្នាក់ចរាចរណ៍ទៅទូទាំងប្រទេសបានកើតមានចំនួន១០៦៦លើក ក្នុងនោះបណ្តាលឲ្យមនុស្សស្លាប់ជិត៧០០នាក់ និងរបួសជាង១ពាន់នាក់។
យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅ ការងារឆមាសទី២ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ គ្រោះថ្នាក់កើតឡើងសរុប ១.០៦៦លើក (យប់៥៨%) បណ្តាលឱ្យស្លាប់ ៦៩៤នាក់ និងរបួស ១.៤៧៦នាក់ (ធ្ងន់៨៤៩នាក់)។
មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន៥០% មិនគោរពសិទ្ធិ ២១% មិនប្រកាន់ស្តាំ១១% ប្រជែងគ្រោះថ្នាក់៧% ស្រវឹង៥% បត់២% កត្តាយាន២% ងងុយ១% និងសញ្ញាចរាចរណ៍១%។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន៧៧% (៥៣៧/៦៩៤នាក់) មានអ្នកមិនពាក់មួក សុវត្ថិភាពចំនួន៦២% (៣៣២/៥៣៧នាក់)។ គ្រោះថ្នាក់បានកើតឡើងច្រើន នៅរាជធានីភ្នំពេញ ៣៦០លើក ខេត្តព្រះសីហនុ ៨២លើក និងខេត្តកណ្តាល ៦៦លើក។
ប្រភពបានលើកឡើងថា គិតក្នុងឆមាសទី១ ឆ្នាំ២០២៥ ធៀបនឹងឆមាសទី១ ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៤៦៨លើក ស្មើ៣១% (១.០៦៦/១.៥៣៤លើក) ចំនួនអ្ន កស្លាប់ថយចុះ ៩៩នាក់ ស្មើ១២% (៦៩៤/៧៩៣នាក់) និង ចំនួនអ្នករបួសថយចុះ ៦៤០នាក់ ស្មើ៣០% (១.៤៧៦/២.១១៦នាក់)។ ប្រៀបធៀបស្ថានភាពគ្រោះថ្នាក់ ចរាចរណ៍ឆមាសទី១ ឆ្នាំ២០២៥ ធៀបទៅនឹងឆមាសទី២ ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ២៤៤លើក ស្មើ១៩% (១.០៦៦/១.៣១០លើក) ចំនួនអ្នកស្លាប់ថយចុះ ២២នាក់ ស្មើ៣% (៦៩៤/៧១៦នាក់) និងចំនួន អ្នករបួសថយចុះ ១២៨នាក់ ស្មើ៨% (១.៤៧៦/១.៦០៤នាក់)។
គួរកត់សម្គាល់ថា សភាពការណ៍ចរាចរណ៍លើផ្លូវវាល្បឿនលឿនក្នុងឆមាសទី១នេះ មាន យានយន្តឆ្លងកាត់ សរុបចំនួន២.២៦៩.០៨៨គ្រឿង គ្រោះថ្នាក់កើតឡើង២០លើក (យប់ ១៤លើក) ខូចខាតយានចំនួន ៣៣គ្រឿង បណ្តាលឱ្យស្លាប់ចំនួន ៩នាក់ ឱ្យរបួសចំនួន ៣៩នាក់ (របួសធ្ងន់១២នាក់)។ គ្រោះថ្នាក់រថយន្តដឹកកម្មករមាន ចំនួន ៤លើក ខេត្តកំពង់ស្ពឺ ២លើក ខេត្តស្វាយរៀង ១លើក និង កំពង់ឆ្នាំង ១លើក បណ្តាលឱ្យស្លាប់ ១នាក់ រងរបួស ៩៤នាក់ ស្រី៨៦នាក់ (របួសធ្ងន់ ១១នាក់)៕



































