អនុព័ន្ធយោធា៩ប្រទេស ចុះពិនិត្យទីតាំងគ្រាប់ផ្លោង និងជំរុំភៀសសឹក នៅក្នុងខេត្តឧត្តរមានជ័យ !

0

ខេត្តឧត្តរមានជ័យ៖ ​ក្រុម​អនុព័ន្ធយោធា​បរទេស​ប្រចាំ​កម្ពុជា​ ​(MACPP)​ ដែល​មាន​និវេសនដ្ឋាន​ស្ថិត​ក្នុង ​និង​ក្រៅ​ប្រទេស​កម្ពុជា ១៤រូ   ប ​មកពី ៩​ប្រទេស ​បាន​ចុះ​ទៅកាន់​ខេត្តឧត្តរមាន​ជ័យ ​ដើម្បី​ពិនិត្យ​ស្ថានភាព​ជាក់​ស្ដែង ​ដែល​ទាហាន​ថៃ​បាន​ផ្លោង​គ្រាប់​ចូល​ និង​ជំរុំភៀស​សឹក ​ស្ថិត​ក្នុង​ភូមិសាស្រ្ត​ស្រុកបន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ​ នា​ព្រឹក​ថ្ងៃ​ទី​១០ ​ខែ​សីហា ឆ្នាំ២០២៥។

ក្រុម​អនុព័ន្ធយោធាទាំង ១៤រូប ​ មកពី ៩​ប្រទេស ​រួម​មាន៖ ​ប្រទេស​អូស្ត្រាលី ​ចក្រភពអង់គ្លេស កាណាដា ចិន​ ​បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងប្រទេសវៀតណាម បាន​ចុះ​ពិនិត្យជាក់ស្តែង ការអនុវត្តបទឈប់បាញ់ នៅ​​វត្ត​តាមាន់​សែន​ជ័យ ​សាលារៀន ​មណ្ឌលសុខភាព ​ទីតាំង​គ្រាប់​មិន​ទាន់ផ្ទុះ MK 84 និងជំរុំ​ភៀស​សឹកនៅវត្តភ្នំថ្មកំបោរ ស្ថិតក្នុងបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។​

គួរបញ្ជាក់ថា បេសកកម្ម និងសកម្មភាពនេះ បានកើតចេញពីលទ្ធផលដែលបន្តពីកិច្ចប្រជុំពិសេស និងកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានឯកភាពគ្នាអនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់ ដែលសម្រេចបានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី។

ស្របពេលជាមួយនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងកម្ពុជា-ថៃនោះ កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបំពេញការងារប្រកបដោយស្មារតីស្ថាបនា ភាពស្មោះត្រង់ និងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ម៉ាឡេស៊ី បណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាការអនុវត្តបទឈប់បាញ់ ប្រកបដោយប្រសិទ្ធភាព និងពេញលេញ និងដោះស្រាយរាល់វិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្កការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។

នៅក្នុងឱកាសចុះពិនិត្យកាកសំណល់សង្គ្រាម (២៤-២៨កក្កដា២០២៥) នោះ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស ក៏បានបញ្ជាក់ប្រាប់ អនុព័ន្ធយោធាទាំង ៩ប្រទេស ឱ្យបានដឹងពីទង្វើ និងសកម្មភាពទាហានថៃ ដែលបានប្រើប្រាស់​ជំពាម​បាញ់​ជាង ​១០០គ្រាប់ សំដៅមកកាន់​ប្រាសាទ​តាមាន់​​ ក៏ប៉ុន្តែ កងទ័ព​កម្ពុជា​មិនបាន​តបត​វិញនោះឡើយ៕​ដោយ៖ឡុង សំបូរ