បងប្អូនជនភៀសសឹក ២.៨០៤គ្រួសារ បានត្រឡប់ទៅកាន់លំនៅឋានវិញ ក្រោមការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តសៀមរាប

0

សៀមរាប: បងប្អូនជាជនភៀសសឹកចំនួន ២.៨០៤គ្រួសារ ស្មើនឹង ៨.០៩៣នាក់ បានសម្រេចចិត្តត្រឡប់ទៅកាន់លំនៅឋានវិញ ក្រោមការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តសៀមរាប បន្ទាប់ពីស្ថានភាពនៅតំបន់សមរភូមិមានភាពស្ងប់ស្ងាត់ ក្រោមការព្រមព្រៀងលើបទឈប់បាញ់នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។
ស្របនឹងការត្រឡប់ទៅកាន់លំនៅឋានវិញរបស់បងប្អូនជាជនភៀសខ្លួន ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំឲ្យក្រុមការងាររៀបចំរថយន្តដឹកជញ្ជូន ធ្វើយ៉ាងណា ជូនបងប្អូនជនភៀសខ្លួនត្រឡប់ទៅលំនៅឋានវិញ នៅតាមបណ្ដាខេត្តឧត្តរមានជ័យ ,បន្ទាយមានជ័យ និងបាត់ដំបង ប្រកបដោយសុវត្ថិភាព ។ ឯកឧត្តម ក៏សូមការយោគយល់ចំពោះការរៀបចំកន្លែងស្នាក់នៅពុំទាន់បំពេញតម្រូវការ និង ឆ្លើយតបតាមសំណូមពររបស់បងប្អូនពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរ មន្ត្រីដែលបានរៀបចំទីតាំងស្នាក់នៅ ។
ជាមួយនឹងការត្រឡប់ទៅលំនៅឋានវិញនេះ បងប្អូនជាជនភៀសខ្លួន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន និង សម្តេចគត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប រួមនឹងអាជ្ញាធរក្រុង ស្រុក បងប្អូនសប្បុរសជន និងកងកម្លាំងប្រដាប់អាវុធ ព្រះចៅអធិការវត្ត និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលផ្ដល់ទីតាំងសុវត្ថិភាព និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំចាត់ចែងកន្លែងស្នាក់នៅ និងការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគគ្រប់គ្រាន់ ព្រមទាំងអនាម័យបរិស្ថាន ដល់ពួកគាត់ដែលបានភៀសខ្លួនចេញពីតំបន់សមរភូមិ ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មានបងប្អូនជនភៀសខ្លួនចំនួន ៥.៣៣៦គ្រួសារ ស្មើនឹង ១៨.២០៧នាក់ បាននឹងកំពុងស្នាក់នៅតាមបណ្ដាទីតាំងនានា ក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រោមការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ៕