កាកបាទក្រហមខេត្តកំពង់ចាម ប្រគល់ម៉ូតូ១គ្រឿង និងសង់ផ្ទះ ជូនគ្រួសារកងទ័ពជួរមុខ ១គ្រួសារ ដែលមានស្ថានភាពជីវភាពលំបាកខ្លាំង នៅស្រុកកងមាស

0

កំពង់ចាម:​ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានកិត្តិយសសាខា កាកបាទក្រហមខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានសាខា កាកបាទក្រហមខេត្ត នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញ ចុះសួរសុខទុក្ខ អ្នកស្រី អេន ស៊ីណា អាយុ៣៨ឆ្នាំ ជាភរិយា កងទ័ពជួរមុខ ដែលមានស្ថានភាពជីវភាពខ្វះខាត ខ្លាំង រស់នៅភូមិរាយប៉ាយកណ្តាល ឃុំរាយប៉ាយ ស្រុកកងមាស ។

ក្នុងឱកាសនោះ ឯកឧត្តម ហង់ជួន ណារ៉ុន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរ សួរសុខដោយក្តី នឹករលឹក និងអាណិតអាសូរបំផុត ពីសំណាក់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធាន កិត្តិយសសាខា ពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចប្រធាន តែងតែ បានណែនាំអោយ សាខា អនុសាខា និងបណ្តាញការងារគ្រប់ថ្នាក់ របស់កាកបាទក្រហមកម្ពុជា យកចិត្តទុកដាក់ ជួយ ដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ អោយទាន់ពេលវេលា និងត្រូវគិតគូរ ផ្តោតទៅលើគ្រួសារកងទ័ពជួរមុខ ពលរដ្ឋភៀសសឹក និងផ្តល់ឱកាសការងារដល់ ពលករដែលត្រឡប់មកពីប្រទេសថៃ ។

សូមបញ្ជាក់ថា អ្នកស្រី អេន ស៊ីណា ជាភរិយាយោធិនជួរមុខនៅមុំ៣ ទិសព្រះវិហារ ដែល កំពុង បំពេញបេសកកម្មការពារបូរណភាពទឹកដី នៅសមរភូមិព្រំដែន។ អ្នកស្រី មានកូនស្រី ប្រុស ២ នាក់ក្នុងបន្ទុក និងមានផ្ទៃពោះ ៤ខែ ថែមទៀត ។

ដោយមើលឃើញពីស្ថានភាពជីវភាពលំបាក កង្វះមធ្យោបាយធ្វើដំណើរ និង ជម្រកស្នាក់នៅ ព្រោះមានតែកូនផ្ទះតូចមួយ បិទបាំងដោយសង្កសីចាស់ទ្រុឌទ្រោម ទើបថ្នាក់ដឹកនាំ សម្រេច សាងសង់ ផ្ទះថ្មផ្ទាល់ដី១ខ្នង ទំហំ ៥មx៨ម និងបង្កន់អនាម័យ ១បន្ទប់ ជូនសម្រាប់ប្រើប្រាស់ និងស្នាក់នៅ តទៅ ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានផ្តល់ជូនម៉ូតូ ថ្មី ១គ្រឿង សម្រាប់ជាមធ្យោបាយ ធ្វើដំណើរ របស់គ្រួសារកងទ័ពយើង និងផ្តល់អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន កាកបាទក្រហមកម្ពុជា ជូនអ្នកស្រី អេន ស៊ីណាផងដែរ រួមមាន៖ អង្ករ ៥០គក្រ ព្រមទាំង គ្រឿងឧបភោគ បរិភោគ និង ថវិកាចំនួន ១លានរៀល ផងដែរ៕