ដុតបំផ្លាញទំនិញខូចគុណភាពជាង ៥ពាន់គីឡូក្រាម ដែលឈ្មួញនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវ តាមច្រកព្រំដែនផ្លូវទឹក ក្នុងខេត្តព្រះវិហារ កម្ពុជា

0

ខេត្តព្រះវិហារ៖ ទំនិញខូចគុណភាពដែលបង្កផលប៉ះពាល់ ដល់សុខមាលភាពប្រជាពលរដ្ឋមានទម្ងន់ ៥ពាន់ ១៤០គីឡូក្រាម ដែលឈ្មួញនាំចេញពីប្រទេសថៃ ឆ្លងកាត់ប្រទេសឡាវ និងបាននាំចូលតាមច្រកព្រំដែនផ្លូទឹក (កំពង់ស្រឡៅ) ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានបង្ក្រាបដោយកម្លាំងយោធាការពារព្រំដែន ផ្នែកសឹករងឆែប ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្រោយពេលឈ្មួញបានសាងដាក់តាមរថយន្ត ៤គ្រឿង ដើម្បីនាំយកទៅចែកចាយក្នុងប្រទេស កាលពីយប់ថ្ងៃទី១៥សីហា២០២៥ កន្លងមកនេះ ទំនិញខូចគុណភាពទាំងនោះ ត្រូវបានអាជ្ញាធរ សហការជាមួយសាខាគយ និងរដ្ឋករខេត្ត គយតំបន់៥ និងមន្ត្រីជំនាញពាក់ព័ន្ធដុតបំផ្លាញចោលនោះហើយ នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណស្រុកឆែប ខេត្តព្រះវិហារ។

ការដុតបំផ្លាញទំនិញ ៤ប្រភេទ ដែលមានទម្ងន់ ៥ពាន់ ១៤០គីឡូក្រាម រួមមាន៖ កោះមាន់ ២០៥កេស ស្មើនឹង ២ពាន់ ៤៦០គីឡូក្រាម ,ស្លាបមាន់ ៤៥កេស ស្មើនឹង ៥៤០គីឡូក្រាម ,ត្រីកន្ធរ ១០០ការុង ស្មើនឹង ២ពាន់គីឡូក្រាម និងនំម្សៅបំពង ១៤០គីឡូក្រាម។ ដូច្នេះ ទំនិញ ៤ប្រភេទ ដែលត្រូវរឹបអូសបាននាយប់ថ្ងៃទី១៥សីហា២០២៥នោះ មានទម្ងន់សរុប ៥ពាន់ ១៤០គីឡូក្រាម ត្រូវបានធ្វើការដុតដុតកម្ទេចចោល នៅរសៀលថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៥។ ដោយឡែក រថយន្ត ៤គ្រឿង ដែលជាមធ្យោបាយបម្រើឲ្យការដឹកទំនិញខុសច្បាប់ និងខូចគុណភាពនោះ ត្រូវគេដឹងថា បានរក្សាទុកដោយអាជ្ញាធរស្រុកឆែប ខេត្តព្រះវិហារ៕ដោយ៖ឡុង សំបូរ