ខេត្តបន្ទាយមានជ័យ៖ក្រុមទាហានសៀម បានចូលជ្រៅក្នុងទឹកដីកម្ពុជា មិនតិចជាង ២០០ម៉ែត្រនោះទេ ដើម្បីដាក់ពង្រាយ និង
ព័ទ្ធលួសបន្លា ធ្វើឲ្យប្រជាពលរដ្ឋដែលរស់នៅជិតតំបន់ព្រំដែន ៦គ្រួសារ បានបាត់បង់ផ្ទះសម្បែង ស្ថិតនៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ដើម្បីគោរពបទឈប់បាញ់ និងសុវត្ថិភាពប្រជាពលរដ្ឋ កម្ពុជាមិនតបតដោយហិង្សាទេ ដោយរង់ចាំការសម្រេចរបស់ថ្នាក់ជាតិ។
លោកថា ដីផ្ទះរបស់ លោកយាយ នាង ជឿន ដែលធ្លាប់រស់នៅរាប់ឆ្នាំ បែរជាត្រូវទាហានថៃបណ្ដាញចេញ និងព័ទ្ធលួសបិទមិនឱ្យចូល ហើយលោកយាយ ដែលពិការជើង បានត្រឹមអង្គុយលើរទះសម្លឹងមើលផ្ទះ ដោយក្ដីស្ដាយស្រណោះ និងឈឺចាប់បំផុត។
លោក អ៊ុំ រាត្រី បានបញ្ជាក់ទៀតថា នៅក្នុងភូមិខាងលើនេះ មានផ្ទះពលរដ្ឋខ្មែរ ៣ខ្នង ត្រូវបានទាហានថៃឡោមព័ទ្ធដោយលួសបន្លា ចាប់តាំងពីថ្ងៃទី១៤សីហា២០២៥ នោះមក៕





































