កំពង់ធំ÷ លោកឧត្តមសេនីយ៍ទោ ហេង សុផល នាំយកថវិកាចំនួន៤,០០០,០០០រៀល របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ស ស៊ីណា ប្រគល់ជូនក្រុមគ្រួសារសព នៅរសៀលថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០២៥។
លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី លឹម អៀងចេង បានឆ្លៀតឱកាសដឹកនាំកងកម្លាំងចូលរួមទុក្ខ ជាមួយក្រុមគ្រួសារសព ស្ថិតនៅគេហដ្ឋាន នៃសព ក្នុងភូមិទី៦ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសពលោកឧត្តមសេនីយ៍ទោ ផាន់ សុផេង អតីតស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មានទុក្ខជាទម្ងន់ដោយសារលោកស្រី ដួង រដ្ឋា ត្រូវជាភរិយា បានទទួលមរណភាព កាលពីថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០២៥ វេលាម៉ោង ១៦ និង ៣០ នាទី ក្នុងជន្មាយុ ៦២ ឆ្នាំ ដោយរោគាពាធ ។
ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើចូលរួមរំលែកទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះក្រុមគ្រួសារសព មរណភាពលោកស្រី ដួង រដ្ឋា បន្សល់ទុកនូវបុរសពោះម៉ាយកូនកំព្រា ជាពិសេសមនុស្សដែលផ្តល់ភាពកក់ក្តៅក្នុងក្រុមគ្រួសារ ។
វេលាដ៏សែន ក្តុកក្តួលតក់ស្លុត រន្ធត់ យ៉ាងក្រៃលែងចំពោះមរណភាពលោកស្រី ដួង រដ្ឋា លោក ស្នងការ និងលោកស្រី បានសម្តែងនូវក្តី សោកសង្រេង អាឡោះ
អាល័យរកអ្វីប្រៀបផ្ទឹមពុំបាន នូវការបាត់បង់មហាធំធេង ក្នុងក្រុមគ្រួសារ ដែលជាឧត្តមភរិយា និងជាមាតាជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ចំពោះកូន ព្រមទាំងមនុស្សជាទីស្រឡាញ់ ។
ស្ថិតក្នុងឱកាស ដ៏សែនក្រៀមក្រំបំផុតនេះ លោកស្នងការ សូមចូលរួមនូវសមានទុក្ខដោយក្ដីអាឡោះអាល័យ និងឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសាកសិទ្ធក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់លោកស្រី ដួង រដ្ឋា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕ 




































