អនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក បាននាំយកអំណោយ ទៅប្រគល់ជូនដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ១ខ្នងអស់ទាំងស្រុង

0

កំពង់ធំ÷ លោកស្រី អ៉ឹម សុខវីន អនុប្រធានអនុសាខាកាកបាទក្រហមស្រុកតាំងគោក និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក ទៅចែកជូនគ្រួសារភ្លើងឆេះផ្ទះ១គ្រួសារអស់ទាំងស្រុង ស្ថិតនៅភូមិប៉ប្រក ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ។

តាមរបាយការណ៍របស់លោកស្រី អ៉ឹម សុខវីន បានបញ្ជាក់ថាម្ចាស់ផ្ទះឈ្មោះ ប៉េង សុខឃាង ភេទប្រុសអាយុ២៩ឆ្នាំ ប្រពន្ធឈ្មោះ ស្ងួន សុគុណ អាយុ២៩ឆ្នាំ សមាជិកគ្រួសារមានឈ្មោះ÷ ១.ឈ្មោះ ប៉ាត កេក ភេទស្រីអាយុ៦៨ឆ្នាំចាស់ជរា ២.ឈ្មោះខន សុធារ៉ា ភេទប្រុសអាយុ០៦ឆ្នាំ
៣.ឈ្មោះខន សុធារ៉ា ភេទប្រុសអាយុ០៤ឆ្នាំ ៤.ឈ្មោះ ខន ណារី ភេទ ស្រីអាយុ០២ឆ្នាំ ៥.ឈ្មោះ សុខ លែនបញ្ញា ភេទស្រីអាយុ០៧ឆ្នាំ។ ករណីឆេះផ្ទះអស់ទាំងស្រុងគឺមានទំហំ៦ម៉ែត្រ×៨ម៉ែត្រ ដំបូលកាចជា២ខ្នងប្រក់ក្បឿង ជញ្ជាំងស័ង្កសី រនាបឈើ ឆេះអស់គ្រែចំនួន៣ ទូសង្ហារឹមចំនួន២ និងសម្ភារៈប្រើប្រាស់មួយចំនួនធំទៀតផងដែរ។

លោកស្រី អ៉ឹម សុខវីន អនុប្រធានអនុសាខាកាកបាទក្រហមស្រុកតាំងគោក បានលើកឡើងថាដោយមានការយកចិត្តទុកដាក់ពីសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ឯកឧត្តមតែងតែយកចិត្តទុកដាក់ដល់គ្រួសារដែលងាយរងគ្រោះ ដើម្បីឱ្យគាត់ទទួលបាននូវគ្រឿងឧបភោគបរិភោគ ក្នុងការដោះស្រាយជីវភាពបានមួយកំរិត។ ជាក់ស្ដែងដោយសារបាតុភូតធម្មជាតិកើតឡើងជាបន្តបន្ទាប់ បានធ្វើឱ្យរាំងស្ទះក្នុងការបង្កបង្កើនផលប្រជាពលរដ្ឋមួយចំនួន ពិសេសគឺបញ្ហាភ្លើងឆេះផ្ទះ ខ្យល់កន្ត្រាក់ ទឹកជំនន់ គ្រោះរាំងស្ងួត ដែលកើតឡើងជាយថាហេតុ តាមពាក្យស្លោក(ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយដល់មូលដ្ឋាន)។

សូមបញ្ជាក់ផងដែរថា គ្រួសារដែលរងគ្រោះដោយអគ្គីភ័យលេបត្របាក់ផ្ទះ១ខ្នងអស់ទាំងស្រុងបានទទួលអំណោយពីអនុសាខាកាកបាទក្រហមស្រុកតាំងគោករួមមាន÷ អង្ករ៥០គីឡូក្រាម មី១កេស ទឹកសុទ្ធ២កេស តង់១ ទឹកត្រី ទឹកស៉ីអ៉ីវ៤យួរ ត្រីខ១យួរ  ឃីត១កញ្ចប់ធំ និហថវិកា២០០.០០០រៀល។ អំណោយរបស់ព្រះចៅអធិការវត្តវត្តសរសីរួមមាន÷ អង្ករ១០០គីឡូក្រាម មី៣កេស ទឹកក្រូច២កេស ទឹកត្រី ទឹកស៉ីអ៉ីវ៤យួរ ត្រីខ៣យួរ សៀង ០៥គីឡូក្រាម ប្រេងឆា០២លីត្រ គ្រឿងទេស០១កញ្ចប់ និងថវិកា២០០.០០០រៀល។ ចំណែកឯរដ្ឋបាលឃុំស្វាយភ្លើង រួមមាន÷ សៀវភៅសរសេរ១០ក្បាល កាតាប៣ និងថវិកា ១០០.០០០រៀល។ ៤.ប្រជាពលរដ្ឋភូមិប៉ប្រក ប្រគល់ថវិកា ២០០.០០០រៀល។ ក្នុងនោះព្រះចៅអធិការវត្តស្វាយភ្លើង គល់ថវិកា១០០.០០០រៀលផងដែរ។ អត្ថបទលោក ធូ កែវមុន្នី