រដ្ឋបាលខេត្តកំពង់ធំរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រង ទិន្នន័យដីធ្លីនៃតំបន់បឹងទន្លេសាប

0

កំពង់ធំ÷ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកិច្ចប្រជុំការចុះពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រង ទិន្នន័យដីធ្លីនៃតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានបង្ហាញពីគោលបំណងសំខាន់ៗមានការសិក្សា និងស្រង់ទិន្នន័យអំពីស្ថានភាពភូមិសាស្ត្រ ប្រជាសាស្ត្រ និងស្ថានភាព មុខរបររបស់ប្រជាពលរដ្ឋ តាមបណ្តាភូមិដែលស្ថិតនៅក្នុងតំបន់៣ និងតំបន់២, ពិនិត្យផលប៉ះពាល់ដែលកើតមានពីការអាស្រ័យផលរបស់ប្រជាពលរដ្ឋនៅ ក្នុងតំបន់ការពារបឹងទន្លេសាប, រៀបចំផែនការអភិវឌ្ឍ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់ ការពារបឹងទន្លេសាប និងដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពី ការទន្ទ្រានរបស់ជនខិលខូចទៅលើបឹងទន្លេសាប។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម ឡោ ដាវុធ បានថ្លែងថាបឹងទន្លេសាប ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា បឹងនេះបានផ្តល់ត្រីស្រស់សម្រាប់ជាអាហារប្រចាំថ្ងៃ ផ្តល់ប្រភពទឹកប្រើប្រាស់ និងស្រោចស្រពផ្តល់ការងារដល់ប្រជាពលរដ្ឋរស់នៅជុំវិញបឹងប្រមាណជាង១.៥លាននាក់។ អត្ថប្រយោជន៍ទាំងនេះត្រូវបានប៉ាន់ប្រមាណជាទឹកប្រាក់ប្រមាណជាង២.០០០លានដុល្លាអាមេរិកជារៀងរាល់ឆ្នាំ។ ផ្ទុយទៅវិញបឹងទន្លេសាបកំពុងទទួលរងផលប៉ះពាល់ពីសកម្មភាពមនុស្ស និងធម្មជាតិ ដែលបានបំផ្លាញជីវៈចម្រុះ នៅក្នុងបឹងក្នុងកម្រិតដែលគួរឱ្យព្រួយបារម្ភ និងទាមទារការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់បញ្ហាទាំងនេះពីគ្រប់ដៃគូពាក់ព័ន្ធ។

ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញនូវរបាយការណ៍បូកសរុបលទ្ធផលការងារពិនិត្យផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យដីធ្លី នៃតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ របាយការណ៍នេះ នឹងបង្ហាញលទ្ធផលដែលបានពីការសិក្សាស្រាវជ្រាវពីស្ថានភាពភូមិសាស្ត្រ ស្ថានភាពប្រជាសាស្ត្រ សង្គមសេដ្ឋកិច្ច និងការប្រើប្រាស់ដីនៅក្នុងភូមិ ឃុំ/សង្កាត់ ដែលស្ថិតនៅក្នុងតំបន់ការពារបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ លើសពីនេះទៅទៀត របាយការណ៍នេះក៏នឹងបង្ហាញផងដែរនូវផលប៉ះពាល់នៃសកម្មភាពអាស្រ័យផលរបស់ប្រជា ពលរដ្ឋ បញ្ហាប្រឈម សក្តានុពល ផែនការអភិវឌ្ឍន៍ឃុំ/សង្កាត់ ដែលមានស្រាប់ និងតម្រូវការកម្មវិធីអភិវឌ្ឍក្នុងឃុំ/សង្កាត់ នៃតំបន់ការពារបឹងទន្លេសាប។

ឯកឧត្តម ឡោ ដាវុធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្តកំពង់ធំ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដែលជួយសម្របសម្រួលការងារ និងបានចូលរួមយ៉ាងសស្រាក់សស្រាំនៅក្នុងដំណើរ ការប្រមូល និងផ្ទៀងផ្ទាត់ទិន្នន័យនារយៈពេលកន្លងទៅនេះ។ ចូលរួមចំណែកជាមូលដ្ឋានដល់ការរៀបចំផែនការអភិវឌ្ឍឃុំ នៅក្នុងតំបន់ការពារបឹងទន្លេសាប ដើម្បីធានា បានការអភិវឌ្ឍមួយដែលប្រកបដោយចីរភាព និងចំគោលដៅ ថែមទាំងត្រូវបានប្រើប្រាស់ដោយការចូលរួម និងគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលខេត្តកំពង់ធំ អាជ្ញាធរស្រុក/ឃុំ/សង្កាត់ និងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕