ខេត្តកំពត: អ្នកគ្រប់គ្រងផ្នែកនាំចេញផលិតផលចេក របស់កសិដ្ឋានចំការចេក ឡង មេត ស្ថិតនៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានបញ្ជាក់ថា ឆ្នាំនេះទិន្នផលចេកកើនឡើងខ្ពស់ ខណៈដែលការបញ្ជាទិញមានតម្រូវការច្រើន មិនទាន់អាចឆ្លើយតបបាននៅឡើយ។
បើតាមការប៉ានស្មានការនាំចេកចេញឆ្នាំនេះ អាចបានរង្វង់២ម៉ឹនតោន ហើយតាមគម្រោង ក្រុមហ៊ុននឹងពង្រីកផ្ទៃដីដាំចេកបន្លែម ព្រមទាំងត្រូវការបុគ្គលិកកម្មករបន្ថែមជាច្រើននាក់ផងដែរ។
អ្នកគ្រប់គ្រងផ្នែកនាំចេញផលិតផលចេករបស់នៅកសិដ្ឋានចម្ការចេក ឡង មេត លោក ផាន់ មករា បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះថា កសិដ្ឋានចម្ការចេកឡង មេត មានផ្ទៃដីដាំ និងប្រមូលផលជាង៤០០ហិកតា សម្រាប់ចែកចាយក្នុងស្រុក ពិសេសនាំចេញទៅប្រទេសចិន៧ឆ្នាំមកហើយ។ ក្នុង១ឆ្នាំចម្ការឡង មេត អាចផលិតចេកនាំចេញប្រមាណជាង១ម៉ឺនតោន ហើយបើទោះជាចម្ការចេកនេះមានអាយុកាលដាំច្រើនឆ្នាំហើយក៏ដោយ ក៏គុណភាពនិងទិន្នផលចេកមិនថយចុះទេ។ ជាក់ស្តែងឆ្នាំនេះ បើតាមការប៉ាន់ស្មានរបស់លោក ការនាំចេញអាចកើនដល់រង្វង់២ម៉ឺនតោន។ ហើយក្រុមហ៊ុនគ្រោងពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ខណៈដែលតម្រូវការទីផ្សារនាំចេញច្រើន មិនទាន់អាចផ្គត់ផ្គង់គ្រប់ ។
អ្នកគ្រប់គ្រងរូបនោះបានបន្តថា ជម្លោះព្រំដែនកម្ពុជា-ថៃ មិនធ្វើឲ្យប៉ះពាក់ដល់ខ្សែសង្វាក់ផលិតកម្ម និងការនាំចេញនោះទេ ព្រោះនាំចេញទៅចិន ផ្ទុយទៅវិញទីតាំងភូមិសាស្ត្រនៅក្នុងខេត្តកំពត អំណោយផលបំផុត សម្រាប់ដំណាំកសិកម្មទូទៅ គឺតែងតែមានគុណភាព និងរសជាតិល្អជាងគេ មិនថាម្រេច ចេក ដូង ឬទុរេននោះទេ ហើយខេត្តក៏សល់ដីទំនេរ ហើយកម្លាំងពលកម្មក៏មានដែរ គឺអំណោយផលល្អសម្រាប់ក្រុមហ៊ុនវិនិយោគទាំងក្នុង និងក្រៅស្រុកតែម្តង ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ឡង មេត ជាក្រុមហ៊ុននាំចេញចេកអំបូងលឿងមុនគេនៅកម្ពុជា និងក្នុងខេត្តកំពត ហើយបើតាមការបញ្ជាក់របស់បុគ្គលិកកម្មករ ថាក្រុមហ៊ុននេះ គោរពតាមច្បាប់ការងារល្អ ពិសេសការបើកប្រាក់ខែ និងប្រាក់ឈ្នួល ប្រាក់ថែមម៉ោង បានត្រឹមត្រូវ និងទៀងទាត់។ ពួកគាត់សប្បាយចិត្តនឹងធ្វើការព្រោះបាននៅក្បែរផ្ទះ មានចំណូលបន្ថែមអាចជួយសម្រួលដល់ជីវភាពគ្រួសារឲ្យកាន់តែល្អប្រសើរថែមទៀតផង៕ សេង ណារិទ្ធ





































