ខេត្តស្ទឹងត្រែង៖ បេក្ខជន ១១០៨នាក់ បានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងចំនួន ៣ ទូទាំងក្នុងខេត្តស្ទឹងត្រែង ហើយក៏ជាថ្ងៃដំបូង នៃការប្រកួតប្រជែងសត្ថភាពរបស់សិស្សានុសិស្ស សម្រាប់ជាឱកាសចាប់យកមុខជំនាញសិក្សាបន្ត នៅថ្នាក់ឧត្តមសិក្សា។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានសរសេរបង្ហាញឲ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ ខេត្តស្ទឹងត្រែង មានមណ្ឌលប្រឡងចំនួន៣ (កើន១មណ្ឌល) ស្មើនឹង ៤៥បន្ទប់ គឺ មណ្ឌលវិទ្យាល័យព្រះរាជបូជនីយកិច្ច,មណ្ឌលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងមណ្ឌលសាលាបឋមសិក្សាស្ទឹងត្រែងក្រុង។ លោកបានបញ្ជាក់ថា មណ្ឌលប្រឡងទាំង៣នេះ មានបេក្ខជនសរុបចំនួន ១១០៨នាក់ ស្រី ៦១១នាក់។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានបញ្ជាក់ទៀតថា នៅក្នុងការប្រឡងនេះ ត្រូវបានចែកចេញជាពីរថ្នាក់ គឺ ថ្នាក់វិទ្យាសាស្ត្រ ១មណ្ឌល មានបេក្ខជនចំនួន ១៤១នាក់ ស្រី ៨៦នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន ២មណ្ឌល មានបេក្ខជនចំនួន ៩២១នាក់ ស្រី ៥០២នាក់ និងក៏មានបេក្ខជនស្វ័យរិន ចំនួន ៤៦នាក់ ស្រី ២៣នាក់ ដែលបានចូលរួមក្នុងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងទាំង ៣ខាងលើ នៅទូទាំងក្នុងខេត្តស្ទឹងត្រែង ផងដែរ។
សូមជម្រាបថា រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧សីហា២០២៥ ម្សិលមិញ បានចេញសេចក្តីជូនដំណឹងដល់ការធ្វើអាជីវកម្មទាំងអស់ជុំវិញមណ្ឌលប្រឡងទាំង៣ ឲ្យមានការបិទអាជីវកម្មបណ្តោះអាសន្ន (រយៈពេលប្រឡង ២ថ្ងៃ) នូវការថតចម្លង និងការបិទការធ្វើចរាចរណ៍ នៅជុំវិញបរិវេណមណ្ឌលប្រឡង ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនបេក្ខជនប្រឡង ឲ្យបានល្អប្រសើរ។ ចំពោះការលក់ដូរដែលមានប្រើឧបករណ៍បំពងសម្លេង ក៏មានការហាមប្រាមផងដែរ៕ដោយ៖ឡុង សំបូរ





































