ស្នងការនគរបាលខេត្តកំពង់ធំ បានដាក់ចេញនូវវិធានការជំនាញ ដេីម្បីថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ 

0

កំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានដាក់ចេញនូវវិធានការជំនាញ ដេីម្បីថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ នេះ។ ក្នុងពេលអញ្ជើញ ទៅអមដំណើរឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដើម្បីចូលរួមបើកកញ្ចប់វិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងវិទ្យាល័យកំពង់ធំ ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ បានឱ្យដឹងថា ដោយទទួលបានប្រសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ  លោកបានដាក់ចេញនូវវិធានការជំនាញ សំដៅថែរក្សាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ នេះ ដំណើរការទៅដោយមានភាពរលូន និងស្ងប់ស្ងាត់ យ៉ាងល្អប្រសើរ ស្របតាមការរំពឹងទុក របស់ថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់មកឧត្តមសេនីយ៍ទោ សំណូមពរឱ្យបេក្ខជនប្រឡងទាំងអស់ថែរក្សាសុខភាពឪ្យបានល្អ ជាមួយការធ្វើដំណើរទៅប្រឡងប្រកបដោយសុវត្ថិភាព និងទាន់ពេលវេលាប្រទ្បង ជាមួយភាពជឿជាក់លើសមត្ថភាពរបស់ខ្លួនឯង និងត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ។ ហើយការខិតខំប្រឹងប្រែងដ៏លំបាកជាច្រើនឆ្នាំកន្លងមកនេះ បានបំពាក់បំប៉នសមត្ថភាពជាកម្លាំងកាយកម្លាំងចិត្ត គំនិតប្រាជ្ញា និងជំនាញ ភាពប៉ិនប្រសប់ប្រកបដោយគំនិតឆ្នៃប្រឌិត ដែលកើតចេញពីការសិក្សា គឺជាធនធានបញ្ញាដ៏ចាំបាច់មិនអាចខ្វះបាន ដើម្បីធានានិរន្តភាពនៃការសិក្សា ព្រមទាំងចូលរួមការអភិវឌ្ឍន៍ ប្រទេសជាតិនាពេលអនាគត។

ជាកិច្ចចុងក្រោយ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានជូនពរ ដល់ប្អូនៗបេក្ខជន បេក្ខនារី ដែលចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ នេះ សូមជួបតែសុខសំណាងល្អ និងទទួលបានជ័យលាភី គ្រប់ៗគ្នា។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ ស្ដីពីផែនការការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅតាមមណ្ឌលប្រឡង សញ្ញាបត្រទុតិយភូមិ ក្នុងសម័យប្រឡង ថ្ងៃទី ២៨ ខែ សីហា ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា អង្គភាពបានដាក់ចេញនូវផែនការសរុប កម្លាំងសរុប មធ្យោបាយសរុប ក្នុងនោះ÷ ទី១.ប្រើប្រាស់កងកម្លាំងនគរបាលជាតិ សរុបចំនួន ៣៧០ នាក់។ ទី២.មធ្យោបាយរថយន្តពន្លត់អគ្គិភ័យចំនួន ០៦គ្រឿង,.រថយន្តស៊ីរ៉ែន ០៤ គ្រឿង,.រថយន្តសង្គ្រោះចំនួន ០១ គ្រឿង,.ម៉ូតូប្រដេញ ០៦ គ្រឿង ។ ទី៣.វិទ្យុទំនាក់ទំនង ២៧០ គ្រឿង ការពារមណ្ឌលប្រឡងទាំង ១៣កន្លែង ស្មើនឹង ២៣៤ បន្ទប់, មានបេក្ខជនចូលរួមប្រឡងចំនួន ៥៧៩៥នាក់។ ដោយអ៊ុម ញឹប