ដោយអ៊ុក ផ្លុង
សៀមរាប÷ កាលពីថ្ងៃទី១៩ ខែសីហា ២០២៥ឆ្នាំ លោក អឹង គឹម លាង អភិបាលរងខេត្ត សៀមរាប ជួបប្រជុំ មន្ត្រីស្រុក ខណ្ឌ ក្រុង មន្ទីរ និងស្ថាប័នពាក់ព័ន្ធពិភាក្សារឿងការការពារធនធានធម្មជាតិ ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប នៃ ដែនជម្រកសត្វព្រៃភ្នំត្នោត
ភ្នំពក បឹង ពែរ គូរលែនព្រហ្មទេព និងព្រៃសហគមន៍ ផ្សេងៗ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តម ក៏ បានផ្តោតសំខាន់ចំពោះឡធ្យូង កំពុងតែ ជាមូលហេតុដ៏ចម្បងធ្វើឲ្យព្រៃឈើក្នុងដែនជម្រកសត្វព្រៃ នានា វិនាសអន្តរាយយ៉ាងឆាប់រហ័ស។ ទោះបីជា កិច្ចប្រជុំ និងពិភាក្សា និងបទបញ្ជាផ្ទាល់ ពី ឯកឧត្តម អភិបាលរងខេត្ត ឲ្យយកចិត្តទុកដាក់ ក្នុងការការ ពារធនធានធម្មជាតិ បែបនេះក៏ដោយ ដោយឡែក ស្រុកជីក្រែង បទល្មើសព្រៃឈើនៅតែ កើតឡើង យ៉ាងអាណាធិបតេយ្យដដែល ជាពិសេសឡធ្យូង ឡាន រើម៉កដឹក ធ្យូងទាំងយប់ទាំងថ្ងៃ គ្មានមន្ត្រីជំនាញ ណាមួយ យកត្រចៀកស្ដាប់បទបញ្ហាឯកឧត្តម សោះឡើយ។ ជាក់ស្តែងនៅថ្ងៃព្រហស្បតិ៍ ទី២៨ សីហា ឆ្នាំ ២០២៥ នេះ មានឡាន ជាច្រើនគ្រឿងបានចូល មកដឹកធ្យូងដោយមាន គោយន្តកន្រ្តៃជាច្រើនគ្រឿងដឹកជញ្ជូនប្រមូលធ្យូង ឡើងឡាន ទាំងកណ្ដាលថ្ងៃ ដោយ មិនខ្ចី ខ្វល់ខ្វាយខ្លាចអ្នកអនុវត្តច្បាប់សោះឡើយ។
ករណីនេះកើតឡើងក្នុង ភូមិ ក្បាលដំរី ឃុំ ពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ជុំវិញបញ្ហាខាងលើនេះ អ្នកសារព័ត៌មាន បានទូរស័ព្ទទៅ ប្រធាន មន្ទីរ រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ទៀ គឹមសុទ្ធ លោកថាកំពុងជាប់ប្រជុំ ចំណែក នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ក្តី លោក សូផល្លា បានប្រាប់អ្នកសារព័ត៌មាន ថា លោកនឹងប្រាប់ឲ្យ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវទៅមើល ក្រោយមក លោកថា នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ និងជីក្រែង បានយកអំណោយទៅជូនវីរៈកងទ័ពនៅសមរភូមិមុខ រីឯ ប្រធានមន្ទីរ បរិស្ថានខេត្តសៀមរាប លោក ស៊ុន គង់ ទូរស័ព្ទចូល ច្រើនដង ប៉ុន្តែគ្មានការឆ្លើយតប ។ ជាចុងក្រោយ ប្រជាពលរដ្ឋ សូមសំណូមពរដល់ អភិបាលខេត្ត សៀមរាប ឯកឧត្ដម ប្រាក់ សោភ័ណ្ឌ មេត្តាដាក់បទបញ្ជាឲ្យមឹងម៉ាត់ ចំពោះមន្ត្រីបរិស្ថាន និងរដ្ឋបាលព្រៃឈើក្នុងការការពារធនធានធម្មជាតិ ជាពិសេស បទល្មើសព្រៃឈើ ពួកគាត់ បន្តថា បច្ចុប្បន្ននេះរឿងកាប់ កូនឈើ ចម្រុះ ចេញពីដែនជម្រកសត្វព្រៃ បឹងពែរ ក្នុង ស្រុកជីក្រែងមកធ្វើជាធ្យូងក្នុងមួយថ្ងៃៗ រាប់សិបគោយន្តកន្ត្រៃគ្មានមន្ត្រីជំនាញណាទប់ស្កាត់និងបង្ក្រាប ទាល់តែសោះ ពួកគាត់ ដាក់ការសង្ស័យថាឡធ្យូង គឺជាឆ្នាំងទិព្វឆ្អិនឯងរបស់មន្ត្រីបរិស្ថាន និងរដ្ឋបាលព្រៃឈើស្រុកជីក្រែង ហើយមើលទៅ បានជា អស់លោកមិនព្រមទប់ស្កាត់និងបង្ក្រាបទាល់តែសោះ៕






































