លោកឧត្តមសេនីយ៍ទោ ហេង សុផល ប្រគល់ជូន គ្រឿងឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋ ចំនួន ១២០គ្រូសារ ដែលមានខ្វះខាត មកពីសង្កាត់ព្រៃតាហ៊ូ និងសង្កាត់អាចារ្យលាក់ ក្នុងក្រុងស្ទឹងសែន

0

កំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ និងលោកស្រី លឹម អៀងចេង ដឹកនាំកងកម្លាំង ចុះសួរសុខទុក្ខ និងប្រគល់អំណោយមួយចំនួន ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត មកពីសង្កាត់ព្រៃតាហ៊ូ និងសង្កាត់អាចារ្យលាក់ ស្ថិតនៅភូមិក្ដី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥។

ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ដ បានថ្លែងថា ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត ថ្ងៃនេះ លោក មានក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយពុកម៉ែ បង ប្អូន នាឱកាសនេះ ។

លោកឧត្តមសេនីយ៍ទោ បន្តថា ប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា បន្តតាំងពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ ទទួលបាន សុខសន្តិភាពយ៉ាងពេញលេញ និងមានរីកចម្រើន ជាបន្តបន្ទាប់គ្រប់វិស័យ គួរជាទីមោទនៈ ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ សូមបន្តចូលរួមការពារសន្តិភាព ស្រឡាញ់សន្តិភាព គោរពអនុវត្តគោលការនានា របស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយបងប្អូនចូលរួមសហការ ជាមួយកម្លាំងអាជ្ញាធរមានសមត្ថកិច្ច សំដៅបង្ការ ទប់ស្កាត់ លុបបំបាត់បទល្មើសគ្រប់ប្រភេទ ក្នុងមូលដ្ឋាន ធានា ថែរក្សាបាន សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ រស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត។ ព្រមទាំងលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ សូមខិតខំប្រឹងប្រែងបង្ករបង្កើនផល តាមរយៈការចិញ្ចឹមសត្វ ដាំដំណាំ បន្លែ ផ្លែឈើ ដើម្បីជួយផ្គត់ផ្គង់ជីវភាពឱ្យកាន់តែល្អប្រសើរឡើង មួយកម្រិតទៀត។

ជាកិច្ចចុងក្រោយ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ម៉ៅ នី និងលោកស្រី ជី ថន ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដើម្បីប្រគល់ជូនប្រជាពលរដ្ឋ នាឱកាសនេះ ស្របតាមតម្រូវការចាំបាច់ក្នុងការចំណាយដោះស្រាយជីវិតជាប្រចាំថ្ងៃ។

បន្ទាប់មក លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងលោកស្រី លឹម អៀងចេង បានប្រគល់អំណោយ ជូនប្រជាពលរដ្ឋ ចំនួន ១២០ គ្រួសារក្នុង ០១ គ្រួសារទទួលបាន÷ ១.អង្ករចំនួន ២០ គីឡូក្រាម, ២.មីចំនួន ០១ កេស, ៣.ឃីតចំនួន ០១ កញ្ចប់ និងថវិកាមួយចំនួន៕