កំពង់ធំ៖ ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព សមាជិកគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងជាប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ថ្លែងថាការអប់រំល្អគឺជាកូនសោសម្រាប់ដោះស្រាយបញ្ហាសង្គមនិងសេដ្ឋកិច្ចជាតិ។ លោកថ្លែងយ៉ាងដូច្នេះ ក្នុងពិធីប្រគល់វិញ្ញាបនបត្រនិងប័ណ្ណ
សរសើរដល់សិស្សានុសិស្សឆ្នើម នៃសាលាគ្រាប់ពូជល្អឆ្នាំសិក្សា ២០២៤-២០២៥ ជិត៨០០នាក់ នៅភោជនីយដ្ឋាន ឡូវ គឹម សេង ខេត្តកំពង់ធំ ថ្ងៃទី៣១ ខែសីហាឆ្នាំ ២០២៥ ។
ឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព បានលើកឡើងថា មូលធនមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើគុណធម៌ និងសុខភាពល្អមាំមួន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការគន្លឹះចំនួន ៥ ក្នុងនោះមានវិធានការគន្លឹះក្នុងវិស័យអប់រំ ដែលជាគោលដៅលើកម្ពស់គុណភាពអប់រំ ដោយសំដៅលើកកម្ពស់គុណភាពអប់រំ ក្នុងការពង្រឹងអភិបាលកិច្ចល្អ ការត្រួតពិនិត្យកែលម្អនិងកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមការពង្រឹងចំណេះដឹង វិន័យ សិលធម៌ និងឥរិយាបថរបស់សិស្ស ការយកចិត្តទុកដាក់លើសុខមារភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន ការជំរុញលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របពាក្យប្លោកភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ ។
លោកបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដោយធ្វើយ៉ាងណាឱ្យសាលារៀន ក្លាយជាអង្គភាពផ្ដល់សេវាសាធារណៈដែលមានប្រសិទ្ធភាពខ្ពស់អភិបាលកិច្ចល្អ និងមានគណនីយភាពជាមួយនឹងប្រជាជន និងសហគមន៍។ ដូច្នេះសាលារៀនត្រូវអនុវត្តតួនាទីប្រកបដោយការទទួលខុសត្រូវខ្ពស់ ពិសេសសកម្មភាពបង្រៀន និងរៀនដែលនាំទៅរកការប្រែប្រួលជាវិជ្ជមាននៃលទ្ធផលការសិក្សា របស់សិស្សប្រកបដោយវិន័យ សីលធម៌ គុណធម៌និងឥរិយាបទថ្លៃថ្នូរ សាកសមជាកុលបុត្រគល់ធីតា និងជាទំពាំងស្នងឬស្សីរបស់ជាតិ។
ជាមួយគ្នានោះដែរ លោក ខាត់ សុខអេង នាយកសាលាគ្រាប់ពូជល្អ បានបញ្ជាក់ថា សាលារៀនគ្រាប់ពូជល្អបង្កើតឡើង ចាប់ផ្តើមពីថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៧ ដែលមានសិស្សប្រមាណ២០នាក់ និងគ្រូតែ ៣នាក់ តែប៉ុណ្ណោះ។ ហើយរហូតមកដល់ឆ្នាំសិក្សា ២០២៤-២០២៥ នេះ មានសិស្សសរុបចំនួន ៨២៨នាក់ ស្រី ៣៤៣នាក់។ ហើយសាលាគ្រាប់ពូជល្អ ក៏នូវមានអគារសិក្សាថ្មីដ៏រឹងមាំ មានបន្ទប់សិក្សាធំលាយ បំពាក់ដោយបរិក្ខាទំនើបៗ ដូចជា ម៉ាស៊ីនត្រជាក់ កង្ការ ពន្លឺចេញចូលគ្រប់គ្រាន់ ការតុបតែងតាមថ្នាក់នីមួយៗស្របតាមកម្រិតយល់ដឹងរបស់ សិស្ស។
លោកក៏បានថ្លែង អំណរគុណ ដល់មាតាបិតា អាណា ព្យាបាល ដែលមានទំនុកចិត្ត បញ្ជូនកូនមកសិក្សានៅសាលាគ្រាប់ពូជល្អ។ ចំពោះសិស្សដែរទទួលបានវិញ្ញាបនបត្រនៅថ្ងៃនេះ មានសិស្សសរុបចំនួន ៤២៩នាក់ សំរាប់តែសិស្សបញ្ចប់ថ្នាក់មត្តេយ្យកម្រិតខ្ពស់ ថ្នាក់ទី៣ ថ្នាក់ទី៦ ទាំងកម្មវីធីភាសាខ្មែរ និងកម្មវិធីភាសាអង់គ្លេស ព្រមទាំងសិស្សឆ្នើមប្រចាំឆ្នាំគ្រប់កម្រិត។ អត្ថបទដោយ សូរហ៊ាន សំអាង-ពិនិត្យដោយអ៊ុមញឹប៕






































