ពិធីប្រគល់សញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា២០២៤.២០២៥ នៅចុងសប្តាហ៍ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០២៥ សាលារៀនអារីហ្សូន

0

សៀមរាប៖ បានរៀបចំពិធី ប្រគល់សញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា២០២៤.២០២៥ ប័ណ្ណសរសើរ និង រង្វាន់ដល់ជ័យលាភី សិស្សឆ្នើមចំណាត់ថ្នាក់ លេខ១ ដល់លេខ៣ ក្រោមវត្តមានរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង ប្រធាននាយក ប្រតិបត្តិនៃស្ថាប័នអប់រំ អេជីនិងលោកជំទាវ ទា ដាវី និង លោកស្រី ថុន ស៊ីណា អនុប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីអស់លោក លោកស្រីជាប្រធានការិយាល័យអប់រំ នាយក នាយិកា វិទ្យាល័យក្នុងក្រុងសៀមរាប លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ថ្នាក់មត្តេយ្យ , ថ្នាក់បឋមសិក្សា និង មធ្យមសិក្សា រួមទាំងមាតាបិតា អាណាព្យាបាល សិស្ស ប្រមាណជា៥០០នាក់ចូលរួមផងដែរ ។
បន្ទាប់ពីកិច្ចស្វាគមន៍របស់លោក ម៉ី ភារិទ្ធ នាយកប្រតិបត្តិប្រចាំតំបន់ ធ្វើសេចក្តីរាយការណ៍ ពីសកម្មភាពការ បណ្តុះបណ្តាលសិស្សទាំងបីកម្រិតនៅសាលារៀនអារីហ្សូន និង ចំណាប់អារម្មណ៍របស់សិស្សទទួលបានអាហារូបករណ៍ សិស្សឆ្នើម និង ចំណាប់អារម្មណ៍ពីតំណាងមាតាបិតាសិស្ស និង លោកគ្រូអ្នកគ្រូរួចមក មានប្រសាសន៍នោះដែរ លោកស្រី ថុន ស៊ីណា អនុប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តសៀមរាប បានលើកឡើងថា តាមរយះការឡើងសំដែងរបស់ សិស្សានុសិស្សឃើញថា សាលារៀនអារីហ្សូនរបស់យើងនេះទាំង ហេដ្ឋារចនាសម្ព័ន្ធសាលារៀន ទាំងវិធីសាស្ត្ររៀននិងបង្រៀន ទាំងលទ្ធផលសិក្សារបស់សិស្សពិតជាឆ្លើយតបទៅនឹង គុណភាពជាមួយសាលាឯទៀតៗក្នុងតំបន់ និងសកលលោក។ ម៉្យាងទៀតលទ្ធផលទាំងនេះ ដោយការយកចិត្តទុកដាក់ខ្ពស់របស់លោកឧកញ៉ាវេជ្ជបណ្ឌិត ជាស្ថាបនិក និងជាប្រធាននាយកប្រតិបត្តិនៃស្ថាប័នអប់រំ អេជី និង លោកជំទាវ ដែលខិតខំស្រាវជ្រាវនិង វិនិយោគទំនើបកម្មពីប្រទេសដែលជឿនលឿនដែលមានលទ្ធផលការសិក្សាខ្ពស់យកមកបង្រៀន និង បំប៉នគ្រូបង្រៀនបន្ថែមតាមកម្មវិធីទំនើប ដើមី្បសិស្ស ទទួលបាននូវចំណេះដឹងផ្ទាល់ពីលោកគ្រូអ្នកគ្រូ។
មានប្រសាសន៍នោះដែរលោកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង បានលើកឡើងនូវគន្លឹះសំខាន់ៗ ដែលជាមូល ដ្ឋានគ្រឹះសម្រាប់លោកគ្រូអ្នកគ្រូបង្រៀន និង សិស្សសិក្សា ឲ្យក្លាយជាធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ស្រប តាមយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ។ ក្នុងការកសាងនិងអភិវឌ្ឍធនធានមនុស្សប្រកបដោយការយកចិត្តទុកដាក់និងទំនួលខុសត្រូវខ្ពស់ ។ លោកឧកញ៉ាបានផ្ដល់នូវដំបូន្មានដល់សិស្សានុសិស្សដែល បានចូលរួមឲ្យខិតខំប្រឹងប្រែងរៀនសូត្រនិងជៀសវាងអំពើអាក្រក់និងខុសច្បាប់ ។ លោកឧកញ៉ាគូសបញ្ជាក់ថា គុណភាពអប់រំរបស់សិស្សកើតពីសមត្ថភាពគ្រប់គ្រង និងការដឹកនាំសាលា ព្រមទាំងគុណភាពគ្រូបង្រៀន ដោយឈរលើគោលការណ៍ល្អបីយ៉ាងពោល គឺគ្រប់គ្រងល្អ បង្រៀនល្អ និងរៀនល្អ ។ ការពង្រឹងសមត្ថភាពគ្រូបង្រៀនបានល្អ ជួយឲ្យគុណភាពអប់រំរីកចម្រើន ព្រមទាំងដើរទាន់ល្បឿននៃបច្ចេកវិទ្យានៅក្នុងសង្គម ។ លោកឧកញ៉ាវេជ្ជបណ្ឌិត ជា សុខឃាង បានបញ្ជាក់ថា នាយកសាលាត្រូវមានភារកិច្ចចម្បងចូលរួមពង្រឹងគុណភាពសិស្ស និងលទ្ធផលសិក្សារបស់សិស្សឲ្យបានប្រសើរជានិច្ច ។ កត្តាដែលនាំឲ្យការសិក្សារបស់សិស្សល្អប្រសើរ ហើយសាលារៀន ផលិតសិស្សមានគុណភាព ត្រូវពឹងលើការចូលរួមពីភាគីសំខាន់ៗទាំងប្រាំ រួមមាន នាយកសាលា គ្រូបង្រៀន អាណាព្យាបាលសិស្ស សហគមន៍ និងសិស្សខ្លួនឯងផ្ទាល់ ។ ចំពោះបេសកកម្មរបស់សាលាវិញ គឺសាលារៀនធានាឲ្យបានការនូវផ្តល់នូវសេវាអប់រំ ប្រកបដោយគុណភាពខ្ពស់ដល់សិស្សានុសិស្សចាប់ពីអាយុ៣ឆ្នាំឡើងទៅហើយ សាលាមានឆន្ទៈខ្ពស់ក្នុងការធ្វើបច្ចុប្បន្នភាព និងទំនើបកម្មវិធីសិក្សា វិធីសាស្ត្របង្រៀន និងរៀននាសតវត្សទី២១ ។ សិស្សានុសិស្សនៃសាលារៀនអារីហ្សូន ត្រូវបានបណ្ដុះនូវវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាជាចម្បង ។ សាលារៀនអារីហ្សូន ធានាឲ្យមានវឌ្ឍនភាពទាំងសេវាអប់រំ និងធនធានហិរញ្ញវត្ថុ និង ភាគីទាំងប្រាំត្រូវទំនាក់ទំនងគ្នាឲ្យសកម្មនិងចូលរួមលើកកម្ពស់គុណភាពអប់រំ ។ លោកឧកញ៉ា បានធ្វើការផ្តាំផ្ញើ ដល់នាយកប្រតិបត្តិប្រចាំតំបន់ លោកគ្រូអ្នកគ្រូ និង សិស្ស ទាំងអស់ត្រូវតែមានវិន័យ គោរពពេលវេលា ទន់ភ្លន់តែម៉ឺងម៉ាត់ រៀនស្តាប់ រៀនគិត រៀនកត់ រៀនសួរ រៀនឆ្លើយ រៀននិយាយ រៀនធ្វើឲ្យសង្គមទទួលស្គាល់ ឲ្យតម្លៃ និងត្រូវការ ដូចពាក្យចាស់ពោលថា “គ្រូជាឪពុកម្តាយទីពីរ” ស្រឡាញ់សិស្ស យកចិត្តទុកដាក់ បារម្ភពីសិស្ស និង ជួយសិស្សគ្រប់ កាលៈទេសៈ៕