រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃ ចេញប្រកាស ស្តីពីការអនុវត្តទណ្ឌកម្មវិន័យលើលោកវរសេនីយ៍ត្រី ហួត គង់ អធិការរងខណ្ឌចំការមន តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ ក្រោយរកឃើញកំហុសល្មើសនឹងបទវិន័យនគរបាលជាតិ ដែលតែងបង្កបញ្ហា ប្រើហិង្សាវាយលើពលរដ្ឋ ទាំងខ្លួនកំពុង
ស្រវឹង(២០២៣) និងថ្មីៗនេះស្រែកគំហក ប្រើសម្ដី កាយវិការមិនសមរម្យ ដាក់សាក្សីក្នុងរឿងក្តីឃាតកម្ម ថែមទៀតផង។
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានហៅមកណែនាំលើកចុងក្រោយលើ វរសេនីយ៍ត្រី ហួត គង់ អធិការរងខណ្ឌចំការមន ដែលតែងបង្កបញ្ហា និងការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យលើប្រជាពលរដ្ឋ នាំឲ្យមានការរិះគន់យ៉ាងចាស់ដៃ និងប៉ះពាល់ដល់ស្ថាប័ននគរបាល ដែលខ្លួនកំពុងបម្រើការងារថែមទៀតផង ទាំងដែលមន្ដ្រីនគរបាលម្នាក់កំពុងបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ។
វរសេនីយ៍ត្រី ហួត គង់ នៅយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ បានប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យទៅលើសាក្សីម្នាក់ ដែលជាអ្នកផ្ដល់ព័ត៌មាន អំពីករណីឃាតកម្មសម្លាប់ស្ដ្រីជនបរទេសម្នាក់ នៅខណ្ឌចំការមន ព្រមទាំងអ្នកសារព័ត៌មាន ដែលជួយផ្ដល់ព័ត៌មានដល់សមត្ថកិច្ច។ កាយវិការ និងពាក្យសម្ដីរបស់អធិការរងរូបនេះម្ដងហើយម្ដងទៀត គឺបានជះឥទ្ធិពលមិនល្អដល់ស្ថាប័ននគរបាលរាជធានីភ្នំពេញ។
បន្ទាប់ពីបញ្ចប់ការស្រាវជ្រាវ ដើម្បីបំបែកសំណុំរឿងឃាតកម្មហើយនោះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចេញមកបញ្ជាក់បន្ថែម អំពីចំណាត់ការលើអធិការរងរូបនេះ ដោយសម្រេចឲ្យស្នងការរងទទួលផែនធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅមកអប់រំ ណែនាំ ជាលើកចុងក្រោយ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដែលជាប្រធានអង្គភាព បានស្នើសុំការយោគយល់ចំពោះពលរដ្ឋ នូវទង្វើមិនគួរគម្បីរបស់មន្ដ្រីក្រោមឱវាទរ។
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា «ករណីលោកអធិការងនគរបាលខណ្ឌចំការមន ប្រើពាក្យសម្ដីមិនសមរម្យទៅលើក្មួយៗ កាលពីយប់មិញ(ខ្ញុំបាទសូមអព្យាស្រ័យផង ដោយមិនបានឆ្លើយតបបងប្អូនអ្នកលេងតាមបណ្ដាញសង្គម) ដោយខ្ញុំបាទរវល់ដឹកនាំបញ្ជាជំនាញ តាមស្រាវជ្រាវរកឃាតករជារឿងសំខាន់។ ចំពោះរូបលោកអធិការរង ខ្ញុំបាទបានបញ្ជាទៅ លោកស្នងការរងផែនធនធាន ហៅមកធ្វើការណែនាំអប់រំជាលើកចុងក្រោយ។ ខ្ញុំបាទ នឹងសង្ឃឹមជឿជាក់ថា បងប្អូនមហាជន និងជឿជាក់មកលើយើងខ្ញុំ មិនដែលលើកលែងឲ្យមន្ត្រី ដែលមានភាពអសកម្មនោះឡើយ ហើយក៏មិនគាំទ្រអ្នកដែលបង្កអសន្តិសុខក្នុងសង្គមជាតិដែរ។ សូមបងប្អូនចូលរួមគាំទ្រ ជាមួយសមត្ថកិច្ចយើងខ្ញុំ ដើម្បីភាពសុខសានប្រជាពលរដ្ឋ និងប្រទេសជាតិយើង»។
គួររំលឹកថា អធិការរងរូបនេះ កាលពីឆ្នាំ២០២៣ ធ្លាប់បង្កបញ្ហាម្ដងរួចមកហើយជាសាធារណៈ ដោយខ្លួនស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បានប្រើប្រាស់ហិង្សាលើប្រជាពលរដ្ឋនៅតាមដងផ្លូវ និងនាំឲ្យមានការរិះគន់យ៉ាងចាស់ដៃនៅលើបណ្ដាញសង្គម ចំពោះទង្វើដែលមិនសក្តិសមជាមន្ដ្រីបម្រើប្រជាពលរដ្ឋនោះឡើយ។ ករណីនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ តាមការសង្កេតក្នុងវីដេអូផ្សាយផ្ទាល់របស់អ្នកសារព័ត៌មាន លោកអធិការរង ហួត គង់ រូបនេះក៏ទំនងស្ថិតក្នុងស្ថានភាពស្រវឹងដូចគ្នាផងដែរ៕s/b





































