ឯកឧត្តម ហាន កុសល ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីទិវាអក្ខរកម្មជាតិ ទិវាសន្តិភាពអន្តរជាតិលើកទី២៣ និងបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌរបស់រដ្ឋបាលខេត្ត និងពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

0

កំពង់ធំ÷ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកម្មវិធីទិវាអក្ខរកម្មជាតិ ៨ កញ្ញា ទិវាសន្តិភាពអន្តរជាតិលើកទី២៣ ២១ កញ្ញា និងកម្មវីធីកាន់បិណ្ឌ-ភ្ជុំបិណ្ឌរបស់រដ្ឋបាលខេត្ត និងពិធីគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ហាន កុសល បានលើកយកខ្លឹមសារសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាអក្ខរកម្មជាតិ ៨ កញ្ញា ឆ្នាំ២០២៥។ មន្ទីរ/អង្គភាពដែលពាក់ព័ន្ធការងារអប់រំ ដោយបំផុសចលនា មាតាបិតា អាណាព្យាបាល ឱ្យកូនចៅ បានចូលរៀនសូត្រ សំដៅធ្វើឱ្យមនុស្សគ្រប់រូបចេះអាន ចេះសរសេរ ចេះគិតលេខ និងចេះដោះស្រាយ រាល់បញ្ហាលំបាកដែលប្រឈមក្នុងជីវភាពរស់នៅ។ រៀបចំតុបតែងលម្អ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងបំភ្លឺភ្លើងពណ៌ គ្រប់មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ គ្រប់វត្តអារាម អគារសាធារណៈ ក្រុមហ៊ុន រោងចក្រ សហគ្រាស សាលារៀន ទីប្រជុំជន តាមដងផ្លូវសាធារណៈ និងណែនាំប្រជាពលរដ្ឋឱ្យលើកទង់ជាតិ នៅតាមគេហដ្ឋានដើម្បីអបអរសាទរ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា។ អំពាវនាវដល់អង្គការជាតិ អង្គការអន្តរជាតិ ផ្នែកឯកជន និងសាធារណជនទូទៅ ឱ្យចូលរួមជួយ គាំទ្រដល់សកម្មភាពនៃទិវាអក្ខរកម្មជាតិ ៨ កញ្ញា ក្នុងតំបន់រៀងៗខ្លួន សំដៅធ្វើយ៉ាងណាឱ្យទិវានេះ មានភាពផុសផុល និងមហោឡារិក។

ឯកឧត្តមអភិបាលរងខេត្តកំពង់ធំ បានបន្តទៀតថា ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិលបំផុសមន្ត្រីរាជការ បុគ្គលិក និយោជក និយោជិត កម្មករ យុទ្ធជន និងប្រជាពលរដ្ឋ ឱ្យយល់ដឹងអំពី អត្ថន័យទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ជាទិវាគ្មានអំពើហិង្សា និងបញ្ឈប់ការផ្ទុះអាវុធទូទាំងសកលលោក និងណែនាំឱ្យតុបតែងលម្អលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក បំភ្លឺភ្លើងពណ៌តាមអង្គភាព អគារសាធារណៈ ក្រុមហ៊ុន រោងចក្រ សហគ្រាស សាលារៀន តាមសួនច្បារ ទីធ្លាសាធារណៈ។

ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានគូសបញ្ជាក់ថាបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏មានសារសំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប។ គោលបំណងធំនៃពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ អ្នកមានគុណទាំងឡាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិ ទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ។ ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ដូចនេះផ្សព្វផ្សាយនូវមេត្តាធម៌ ចំពោះមនុស្សទូទៅ និងសុំសេចក្តីសុខសន្តិភាព សម្រាប់មនុស្ស ជាតិ ព្រមទាំងរំលឹកគ្រប់វត្តអារាមរក្សាអោយបាននូវប្រពៃណីជាតិដែលបានគោរពជារៀងរាល់ឆ្នាំ ។ អត្ថបទលោក ធូ កែវមុន្នី.ពិនិត្យដោយអ៊ុមញឹប