សៀមរាប នៅព្រឹកថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០១៤ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប មានរៀបចំធ្វើមីទ្ទិញអបអរសាទរខួបអនុស្សាវរីយលើកទី៣៦ ថ្ងៃបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា (២ធ្នូ ១៩៧៨ ២ធ្នូ ២០១៤) បច្ចុប្បន្នប្រែទៅជា រណសិរ្សសាមគ្គីអភិវឌ្ឍន៍
មាតុភូមិកម្ពុជា ក្រោមអធិបតីភាពលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង ជាអនុប្រធានគណៈអចិន្ត្រៃយ៍ គណៈកម្មា ធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុកម្ពុជាខេត្ត
មានប្រសាសន៍ឱកាសនោះលោក នូ ផល្លា បានលើកឡើងថា ស្មារតី២ធ្នូគឺជាបុព្វការីដ៏មានមហាគុណបការៈចំពោះជាតិ និង ប្រជាជន ស្របនឹងទិសស្លោកសច្ចធម៌ ប្រវត្តិសាស្ត្រ ដោយមានស្មារតីថ្ងៃទី២ធ្នូ ទើបមានស្មារតីថ្ងៃជ័យជំនះ៧មករា ហើយមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ ។
ដើម្បីភាពស្ថិតស្ថេរគង់វង្សរីកចម្រើននៃទឹកដីមាតុភូមិ និង ប្រជាជនខ្មែរ នឹងក្តីមោទនភាពក្រៃលែងចំពោះសមិទ្ធផលទាំងឡាយលើគ្រប់វិស័យដែលគណបក្សប្រជាជនកម្ពុជាយើងសម្រេចបានក្នុងបណ្តាឆ្នាំកន្លងទៅ ព្រមទាំងជំនឿដ៏មុតមាំចំពោះជោគជ័យថ្មីថែមទៀត ឈានឆ្ពោះទៅឆ្នាំ២០១៥ខាងមុខនេះ ស្របពេលទៅនឹងស្ថានភាពដែលប្រជាជនកម្ពុជាមានសុខសន្តិភាព និងពោរពេញទៅដោយមោទនភាព ចំពោះជោគជ័យដែលយើងសម្រេចបាន បន្ទាប់ពីថ្ងៃប្រវត្តិសាស្ត្រ ២ធ្នូ យើងទាំងអស់គ្នារួមចំណែក ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងប្រទេស។លោក នូ ផល្លា បានបន្តទៀតថា រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឲ្យចាកផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ស្មារតីថ្ងៃ២ធ្នូ បានជួយស្ដារ កសាងនឹងអភិវឌ្ឍន៍សង្គមជាតិលើគ្រប់វិស័យ ធ្វើឲ្យមាតុភូមិកម្ពុជាមានការរីកចម្រើនប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ រហូតមកដល់សព្វថ្ងៃនេះ ។
ឯកឧត្តមក៏បានគូសបញ្ជាក់ថា ការពង្រឹងពង្រីកកម្លាំងសាមគ្គីភាពប្រជាជនគ្រប់សមាសភាព ដើម្បីចូលរួមកសាង ស្របតាមស្មារតីលក្ខន្តិកៈ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី៥ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើបុព្វហេតុកសាង ការពារ និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនដូចបណ្តាប្រទេសជឿនលឿននៅលើពិភពលោក ។
លោកនូ ផល្លា ក៏បានបញ្ជាក់ថា រយៈពេល៣៦ឆ្នាំកន្លងផុតទៅ យើងទាំងអស់មិនអាចបំភ្លេចបាននូវអតីតកាលដ៏ខ្មៅងងឹត ដែលពោរពេញទៅដោយទុកវេទនា និង ការឈឺចាប់ខ្លោចផ្សារ និរាសព្រាត់ប្រាសក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។ស្ថិតនៅក្នុងសមុទ្រឈាមនិងទឹកភ្នែកប្រជាជនយើងបានបាត់បង់នូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ត្រូវរស់នៅក្នុងភាពភ័យរន្ធត់ តក់ ស្លុត រងចាំតែថ្ងៃមរណា ហើយទទួលរងនូវទារុណកម្ម និង ការសម្លាប់រង្គាល ក្រោមរបបដ៏ឃោរឃៅព្រៃផ្សៃនេះ។
ម្យ៉ាងទៀតប្រជាពលរដ្ឋកម្ពុជាសុទ្ធតែយល់ច្បាប់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស២ធ្នូ និង ស្មារតីថ្ងៃជ័យជំនះ ៧មករាទេ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ ។ លោកនូ ផល្លា ក៏បានគូស បញ្ជាក់ថា ដោយសារនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្វើឲ្យប្រទេសកម្ពុជាមាន សុខសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម និង ការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ចជាតិមានការងើបឡើងយ៉ាងឆាប់រហ័ស រក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដែលទ្រទ្រង់ដល់ការរីកចម្រើននៃវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងសំណង់ ។បើតាមការព្យាករណ៍របស់រាជរដ្ឋាភិបាល សេដ្ឋកិច្ចជាតិរំពឹងថា នឹងមានអត្រាប្រមាណ ៧.៦% ។
ក្នុងនោះដែរលោក អ៊ឹង ហឿន សមាជិកក្រុមប្រឹក្សាខេត្ត ក៏បានអាននូវសារលិខិតជូនពរ របស់សមាជិក សមាជិការណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុកម្ពុជាខេត្តសៀមរាបក្នុងការសម្តែងនូវកតញ្ញូតាធម៌ ចំពោះសម្តេចអគ្គមហាទាំងបីព្រមទាំងការធ្វើចំណាប់អារម្មណ៍និងប្តេជ្ញាចិត្ត របស់តំណាងសមាជិកនៃអង្គមីទ្ទិញនៃខួបលើកទី៣៦ ថ្ងៃបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាផងដែរ ៕



































