ខេត្តបន្ទាយមានជ័យ៖ចោរលួចម៉ូតូម្នាក់បានធ្វើសកម្មភាពលួចម៉ូតូនៅចំណុចផ្សារសាស្តារស្រុកសំពៅលូនខេត្តបាត់ដំបងហើយជិះម៉ូតូយកមកលក់នៅទឹកដីខេត្តបន្ទាយមានជ័យត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនរួចបញ្ជូនទៅ
តុលាការកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមីនាឆ្នាំ២០១៥។លោកម៉ុលសុភេទនាយការិយាល័យស្តីទីព្រហ្មទ័ណ្ឌកំរិតស្រាលបានឲ្យដឹងថា ជនសង្ស័យរូបនេះឈ្មោះ វ៉ា ឌី ហៅឌិន ឬធី អាយុ១៦ឆ្នាំ រស់នៅមិនពិតប្រាកដ ព្រមទាំងដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤ពាក់ស្លាកលេខបាត់ដំបង១R-២៤០១ដែលជននេះ បានធ្វើសកម្មភាពលួចកាច់កនៅចំណុចផ្សារសាស្តារស្រុកសំពៅលូនខេត្តបាត់ដំបង។លោកម៉ុលសុភេទបានបញ្ជាក់ទៀតថា «ក្រោយពេលធ្វើសកម្មភាពលួចកាច់កម៉ូតូនៅក្នុងទឹកដី ស្រុកសំពៅលូនបានហើយនោះជនសង្ស័យបានប្រគល់ប្រាក់ចំនួន២ម៉ឺនបាតទៅឲ្យបក្ខពួករបស់ខ្លួនយកម៉ូតូមួយគ្រឿងនេះ ជិះទៅខេត្តបន្ទាយមានជ័យនៅពេលយប់ថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៥»។
លោកម៉ុលសុភេទបានបន្តទៀតថាបន្ទាប់ពីមានព័ត៌មានស្តីពីសកម្មភាពកាច់កម៉ូតូរួចមកនគរបាល ខេត្តបាត់ដំបងបានសុំសហការមកស្នងការនគរបាលខេត្តបន្ទាយមានជ័យដើម្បីឲ្យជួយស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យរូបនេះតែម្តង។តាមមន្ត្រីនគរបាលរូបនេះ ក្រោយពីបញ្ចប់ការសាកសួរការិយាល័យបានបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ចំណែកម៉ូតូនគបាលចេត្តបន្ទាយមានជ័យកំពុងទំនាក់ទំនងជាមួយនគបាលខេត្តបាត់ដំបងដើម្បីប្រគល់ម៉ូតូឲ្យទៅម្ចាស់ដើមវិញ៕គង្គា


































