ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពជួញដូរគ្រឿងញៀន និងបាញ់ប្រហារគ្នានៅមុខក្រសួងព័ត៌មានបណ្តាលឱ្យមនុស្សស្លាប់និងរបួស នឹងត្រូវការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤ ដើម្បីសាកសួរតាមច្បាប់។ ជនសង្ស័យទាំង៤នាក់ឈ្មោះ ឆន លីន ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រងរបួសធ្ងន់ដោយសារខ្មាន់កាំភ្លើងបាញ់នៅមុខក្រសួងព័ត៌មាន ហើយក៏ជាមុខសញ្ញាចាស់មានដីកាចាប់ខ្លួនពីបទ ជួញដូរគ្រឿងញៀន , ឈ្មោះ ភន មួយ អាយុ៥២ឆ្នាំ មុខរបរកាត់ដេរ ជាម្ដាយរបស់ឈ្មោះឆន លីន, ឈ្មោះ ថុល រិទ្ធីយ៉ា អាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌមានជ័យ ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារពីបទ ឆក់ខ្សែកនិង ឈ្មោះ ដេត សុវិចិត្រ អាយុ២៩ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ជាសន្ដិសុខ និងធ្លាប់ជាប់ពន្ធនាគារ ពីបទ មនុស្សឃាត ។
ជនសង្ស័យទាំង៤នាក់នេះ បានត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ចាប់ខ្លួនជាបន្តបន្ទាប់កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ នៅក្នុងមន្ទីរសម្រាកព្យាបាលមនោរម្យ ស្ថិតនៅច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ក្រៅពីការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៥កញ្ចប់ធំ និងមួយកញ្ចប់តូច ជាថ្នាំគ្រវី ថ្នាំគ្រាប់ ថ្នាំម្សៅ ,អាវុធខ្លី ២ដើម កា៥៤ និងកា ៥៩ ព្រមទាំងម៉ូតូ ៣គ្រឿងទៀត ។
ពាក់ព័ន្ធករណីនេះ លោក ឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ ស្នងការរងនគរបាលរាជធានីភ្នំពេញ និងជាប្រធានការរិយាល័យកណ្តាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់នេះជាមុខសញ្ញាចាស់ ដែលកម្លាំងសមត្ថកិច្ចនគរបាលកំពុងតែស្វែងរកចាប់ខ្លួន តែក្រោយពីមានហេតុការណ៍បាញ់សម្លាប់នៅមុខក្រសួងព័ត៌មានកាលពីថ្ងៃទី២៣ខែមិនាឆ្នាំ២០១៤កន្លងមក ហើយបណ្តាលអោយស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ភ្លាមៗនោះខាងកម្លាំងសមត្ថកិច្ចនគរបាល
របស់លោក បានបើកការស៊ីបអង្កេត និងស្រាវជ្រាវរយៈពេលប្រមាណ មួយសប្តាហ៍ ក៏បានឈានទៅដល់ធ្វើការឃាត់ និងចាប់ខ្លួន ជនសង្ស័យម្នាក់ ដែលត្រូវបានជនមិនស្គាល់មុខបាញ់ រងរបួសធ្ងន់ និងបក្សពួក៣នាក់ផ្សេងទៀតជាមុខសញ្ញាចាស់ ក្នុងនោះបានដកហូតវត្ថុតាងមួយចំនួនដូចជា ម៉ូតូ៣គ្រឿង អាវុធ កា៥៤ មួយដើម កា៥៩ មួយដើម និងម៉ាទឹកកក៥កញ្ចប់តូច ស្មើនិងកន្លះគីឡូក្រាម។ ឧត្តមសេនីយ៍ ជួន ណារិន្ទ បានបន្តថា នៅមានមុខសញ្ញាចាស់ច្រើនទៀតដែលមិនទាន់
ចាប់ខ្លួន ហើយកម្លាំងរបស់លោក កំពុងធ្វើការស្រាវជ្រាវ ស្វែងរកចាប់ខ្លួន យ៉ាងយកចិត្តទុកដាក់ ដើម្បីសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋ។ គួររំលឹកថា កាលពីវេលាម៉ោង៥និង១០នាទីព្រឹកថ្ងៃទី២៣ មីនា ២០១៤ មានករណីបាញ់ប្រហារគ្នានៅមុខផ្ទះសំណាក់ម៉ីលីស មហាវិថីព្រះមុនីវង្ស ខាងត្បូងច្រកចូលក្រសួងព័ត៌មាន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្តាលឱ្យ
បុរសម្នាក់ស្លាប់ និងបុរសម្នាក់ទៀតរបួសធ្ងន់ និង ម្នាក់ទៀតរបួសស្រាល រីឯខ្មាន់កាំភ្លើងគេចខ្លួនបាត់ ។ មុនពេលកើតហេតុ បុរសឈ្មោះ វ៉ាន់ សុធារ៉ា, ផន ប៉ូលីន និង ជិន ហួតរ៉ាឌី ជិះម៉ូតូម៉ាកឌូក ពណ៌ខ្មៅលាយទឹកក្រូច ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្សឆ្ពោះទៅទិសខាងត្បូង ហើយក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកស៊ុយហ្ស៊ុយគីស្មាសជិះគ្នា៣នាក់ បើកដេញតាមពីក្រោយ ។ ពេលមកដល់មុខផ្ទះសំណាក់ម៉ីលីស ខាងត្បូងច្រកចូលក្រសួងព័ត៌មាន ម៉ូតូស៊ុយហ្ស៊ុយគីស្មាសបាន
វ៉ាខាងឆ្វេងដៃ រួចបុរសម្នាក់ដែលអង្គុយកណ្ដាលបានដកកាំភ្លើងខ្លីបាញ់ជាបន្ដបន្ទាប់ចំនួន២គ្រាប់មកលើអ្នកបើកម៉ូតូម៉ាកឌូក រួចហើយក្រុមខ្មាន់កាំភ្លើងនោះក៏បានបើកម៉ូតូបកក្រោយវិញឆ្ពោះ ទៅទិសខាងជើងបាត់ស្រមោលទៅ ។ ដោយឡែក ជនរងគ្រោះព្យាយាមបើកម៉ូតូរហូតដល់ម្ដុំផ្សារអូរឫស្សី ហើយទូរស័ព្ទហៅមិត្ដភក្ដិរបស់ខ្លួនមកជួយដឹកទៅមន្ទីរពេទ្យកាល់ម៉ែត តែបុរសឈ្មោះ វ៉ាន់ សុធារ៉ា បានស្លាប់នៅពាក់កណ្ដាលផ្លូវ ៕