បាត់ដំបង: បុរសវ័យចំណាស់ម្នាក់ដែលត្រូវជាប្តីបានស្លាប់នៅតាមផ្លូវពេលបញ្ជូនទៅកាន់មន្ទីរពេទ្យនិងស្ត្រីជាភរិយាបានរងរបួសជាទម្ងន់ ខណ:ដែលតាយាយកំពុងជិះម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ59ក្នុងទិសដៅពីជើងទៅត្បូងកាលពីថ្ងៃទី20-4-15វេលាម៉ោង4,30នាទីល្ងាច លុះទៅដល់ចំនុចភូមិសំរោង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក៏ត្រូវរថយន្តមួយគ្រឿងមកបុកចំពីក្រោយ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុគឺមាន
ម៉ូតូមួយគ្រឿងម៉ាកDream ធុនC125 ព៌ណខ្មៅ ពាក់ស្លាកលេខបាត់ដំបង1G 2525 ជិះគ្នាពីរនាក់តាយាយ ក្នុងទិសដៅពីជើងទៅត្បូងក្នុងដំណើរយឺតៗព្រោះជាមនុស្សចាស់ៗទៅហើយ។
របាយការណ៍បានបន្តថា លុះទៅដល់ចំនុចកើតហេតុគឺជាចំនុចផ្លូវកោង ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកតួរីស ធុនទេសចរណ៍ព៌ណស ពាក់ស្លាកលេខភ្នំពេញ 2U 0803 ដែលកំពុងធ្វើដំណើរយ៉ាងលឿនក្នុងទិសដៅស្របគ្នា ហើយទំនងជាផ្លូវកោងបាំងមើលមិនឃើញផងនោះ បានបុកយ៉ាងពេញទំហុឹងចំពីក្រោយម៉ូតូ បណ្តាលអោយតានិងយាយផ្លោងចេញពីម៉ូតូព្រមទាំងរងរបួសជាទម្ងន់។
ភ្លាមៗនោះដែរមុនពេលដែលសមត្ថកិច្ចចុះទៅដល់ អ្នកបើកបររថយន្តបានរត់គេចខ្លួន
បាត់ស្រមោលតែម្តង ដោយបន្សល់ទុកតែរថយន្ត និងជនរងគ្រោះនៅនឹងកន្លែងកើតហេតុ លុះពេលដែលសមត្ថកិច្ចចុះទៅដល់ក៏បានបញ្ជូនជនរងគ្រោះទាំងពីរនាក់ទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យដោយលោកមានឈ្មោះអៀង ណន អាយុ71ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ចំណែកស្ត្រីដែលជាភរិយាឈ្មោះប្រាក់ ណន អាយុ66ឆ្នាំ ព្រមទាំងមានរបួសធ្ងន់ធ្ងរពេក ទើបក្រុមគ្រូពេទ្យសំរេចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងវិញ។
បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចបានយកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង
ទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវរកអ្នកបើកបររថយន្តអោយចូលខ្លួនមកដោះស្រាយលើបញ្ហានេះ ព្រោះវាជាកំហុសរបស់រថយន្តទាំងស្រុងដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ន ព្រមទាំងប្រើប្រាស់ល្បឿនលឿននៅចំនុចផ្លូវកោង ឬផ្លូវបំបែក៕


































