ទោះបីជាមានការចុះផ្សាយពត៌មាន និងមានសំណូមពរពីមជ្ឈដ្ឋានទូទៅយ៉ាងណាក៍ដោយ ចំណោតរថយន្តក្រុងកំពង់ឆ្នាំង (ភ្នំពេញ-កំពង់ឆ្នាំង) គេសង្កេតឃើញថា មិនទាន់មានការរៀបចំកែប្រែអោយបានល្អ ប្រសើរនៅឡើយ ដោយមានកន្លែង សម្រាប់អ្នកដំណើរជាតិ ក៍ដូចជាអ្នកដំណើរ
អន្តរជាតិអង្គុយលេង អោយបានត្រឹមត្រូវនៅឡើយទេ ។
ចំណោតរថយន្តក្រុងកំពង់ឆ្នាំង (ភ្នំពេញ-កំពង់ឆ្នាំង) បានក្លាយជាកន្លែងជួល សម្រាប់ប្រកបអាជីវកម្មផ្សេងៗដូចជាតាំងតូមលក់ដូរភេសជ្ជៈ ចំណីអាហារ និងកន្លែងប៉ះកង់រថយន្ត ដោយសមត្ថកិច្ចពាក់ព័ន្ធមិនបានត្រួតពិនិត្យ និងរៀបចំឬមានចំណាត់ការណាមួយអោយបានល្អប្រសើរ សមស្របឡើយ ។
មជ្ឈដ្ឋនទូទៅ បាននិយាយនិងរិះគន់ថា ដើមឡើយក្នុងចំណោតរថយន្តខាងលើ កន្លែងដែលជួលអោយប្រជាពលរដ្ឋលក់ដូរនោះ ជាកន្លែងសម្រាប់អោយអ្នកដំណើរអង្គុយលេង ឬរង់ចាំរថយន្ត ដើម្បីធ្វើដំណើរ ប៉ុន្តែ អ្នកគ្រប់គ្រងចំណោតរថយន្ត ដែលម៉ៅការពីរដ្ឋ មិនបានគិតគូររៀបចំអោយបានត្រឹមត្រូវ តាមការកំណត់ របស់រដ្ឋឡើយ ដោយសារតែចង់បានលាភសក្ការៈចូលហោប៉ៅ បែរជាយកកន្លែងសម្រាប់អ្នកដំណើរអង្គុយ ជួលអោយអាជីវករលក់ដូរទៅវិញ ។ ការធ្វើបែបនេះ មានការប៉ពាល់យ៉ាងខ្លាំង ដល់កេរ្តិ៍ឈ្មោះ មុខមាត់របស់ខេត្ត ព្រោះថា ចំណោតរយន្តក្នុងខេត្តមួយទាំងមូល បែរជាគ្មានកន្លែងអោយអ្នកដំណើរអង្គុយ ហើយកន្លែងដែលសម្រាប់អ្នកដំណើរអង្គុយលេងនោះ បែរជាយកទៅជួលអោយជាជីវករលក់ដូរខុសបែបបទទៅវិញ ។
ប្រជាពលរដ្ឋទូទៅ ក្នុងខេត្តកំពង់ឆ្នាំង សំណូមបន្តទៀតចំពោះអាជ្ញាធរខេត្ត និង ស្ថាប័នពាក់ព័ន្ធទាំងអស់ មេត្តា ត្រួតពិនិត្យ និងចាត់វិធានការរៀបចំឡើងវិញផង ព្រោះការធ្វើបែបនេះវាហាក់ដូចជាមិនសក្តិសមឡើយ ។
ពាក់ព័ន្ធនិងពត៌មានខាងលើនេះ លោក ផន សំបូរ អ្នកម៉ៅការចំណោតរថយន្តនេះ បាននិយាយប្រាប់អ្នកយកពត៌មានយើងនាពេលកន្លងមក ដោយសោះអង្គើយថា កន្លែងសម្រាប់អ្នកដំណើរអង្គុយលេងនេះ គឺគេជួលអោយអាជីវករលក់ដូរជាយូរណាស់មកហើយ ហើយរឿងនេះ វាគ្មានអ្វីគួរអោយភ្ញាក់ផ្អើលឡើយ ចំណែកកន្លែងអង្គុយមានគគោក ។
តែទោះបីយ៉ាងណាក៍ដោយ គប្បីអាជ្ញាធរខេត្ត ពិសេស ឯកឧត្តម ហ៊ី ណាត អភិបាលរងខេត្តកំពង់ឆ្នាំង ទទួលបន្ទុកសណ្តាប់ទូទៅក្នុងខេត្ត មេត្តាត្រួតពិនិត្យ និងរៀបចំឡើងវិញផង ដើម្បីចូលរួម ការប្រឡងប្រណាំងទីក្រុងស្អាត ប្រកបដោយសោភណ្ឌភាព ។
សូមរម្លឹកផងដែរថា ចំណោតរថយន្តក្នុងខេត្តដទៃ ដែលមានបញ្ហាដូចចំណោតក្នុងខេត្តកំពង់ឆ្នាំង តួយ៉ាងដូចជាចំណោតរថយន្តក្នុងខេត្តកំពង់ធំ អាជ្ញាធរខេត្ត និងអង្គភាព ស្ថាប័នពាក់ព័ន្ធ បានរៀបចំចាត់វិធានការយ៉ាងល្អប្រសើររួចរាល់ហើយ ។ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ចាំមើលថា តើចំណោតរថយន្តខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្ត ក៍ដូចជាស្ថាប័នពាក់ព័ន្ធ អាចមានលទ្ធភាព រៀបចំឡើងវិញអោយបានល្អប្រសើរ ដូចក្នុងខេត្តកំពង់ធំដែរឬយ៉ាងណា ?