ខេត្តកំពង់ឆ្នាំង ៖អតីតយុទ្ឋជនពិការជើងស្តាំនៅក្នុងសង្គ្រាមម្នាក់បានសំដែងនូវក្តីកង្វល់របស់ខ្លួន ដោយបាននិយាយអោយភ្នាក់ងារ យកព័ត៌មានយើងជួយផ្សាយ ដើម្បីជួយដល់គាត់និងគ្រួសារ ដែលចង់បានផ្ទះ ដីសម្បទានសង្គមកិច្ច និងទាំងប្រាក់ខែរបស់កូនទាំង៦នាក់ ដែលបាត់ជាយូរឆ្នាំមកហើយ អោយបានដូចជាអតីតយុទ្ឋជនដទៃទៀតដែរ ព្រោះតែកន្លងមកគាត់បាន ដាក់ពាក្យស្នើសុំ ជាច្រើនដងមកហើយ តែមិនទទួលលទ្ឋផលឡើយ ។
នៅចំពោះភ្នាក់ងារសារព័ត៌មាន បុរសឈ្មោះ ក្រឹម សា អាយុ៤៧ឆ្នាំ ជាជនអតីតយុទ្ឋជន ពិការជើងស្តាំ ក្នុងសម័យសង្គ្រាម ដែលបច្ចុប្បន្នកំពុងរស់នៅ ភូមិស្រែចាន ឃុំ ទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ប្រកបមុខរបបជាជាងផ្សារដែក បានរៀបរាប់អោយដឹងថា៖រូបគាត់ បានចូលធ្វើទាហាន របស់រាជរដ្ឋាភិបាល នៅក្នុងស្រុកកំពង់ត្រឡាចនាឆ្នាំ១៩៨៤ និងបានធ្លាក់ខ្លួនពិការដោយគ្រាប់មីន នៅឆ្នាំ១៩៨៧ នៅសមរភូមិក្នុងខេត្តបាត់ដំបង។
ពេលធ្លាក់ខ្លួនពិការរូបគាត់បានទទួលរបបប្រាក់ខែជាធម្មតាដូចជនពិការដទៃទៀតដែរប៉ុន្តែតាំងពីរូបគាត់មានកូន១រហូតដល់កូន៦ មិនទាន់ទទួលបានប្រាក់ខែកូនឡើយ។ក្រោយមកគាត់បានឃើញសម្តេច ហ៊ុន សែន ចែកដីនិងផ្ទះសង្គមកិច្ច ដល់អតីតយុទ្ឋជន គាត់ចង់បានដូចគេដែរ ក៏បានដាក់ពាក្យស្នើសុំដីសម្បទានសង្គកិច្ច នៅមន្ទីរសង្គមកិច្ចខេត្ត តែគេមិនបានផ្តល់អោយឡើយ។បន្ទាប់មកគាត់ខំរកស៊ីសន្សំប្រាក់ទិញដីគេបានមួយប្លង់តូចល្មម តែគ្មានលទ្ឋភាពសង់ផ្ទះទេហើយបច្ចុប្បន្នដីគាត់ប៉ះពាល់ចំណីផ្លូវដែលរដ្ឋកំពុងអភិវឌ្ឍន៍ធ្វើផ្លូវកៅស៊ូ បើរដ្ឋកាត់យកទៅគឺគាត់នៅសល់ដីទំហំតែ៤ម៉ែត្រប៉ុណ្ណោះ។
ព្រោះតែហេតុនេះទើបគាត់ក៏បានដាក់ពាក្យស្នើសុំផ្ទះ និងដីមកមន្ទីរសង្គមកិច្ចជាថ្មីទៀត នៅឆ្នាំ២០១២ ប៉ុន្តែលើកនេះក៏ដូចលើមុនដែរនៅតែមិនបានដូចគ្នា។ក្រៅពីនោះគាត់នៅបានសុំប្រាក់ខែរបបកូនទាំង៦នាក់ក៏នៅតែមិនបានដូចបំណងដែរ។ដោយអស់សង្ឃឹម ទើបគាត់ពឹងអ្នកសារព័ត៌មាន ដើម្បីជួយ ផ្សាយនូវសំណូមពររបស់គាត់ ដែលចង់បានផ្ទះ ដីសម្បទានសង្គមកិច្ច និងប្រាក់ខែរបបកូនៗ ទាំង៦ជូនមន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជនខេត្តជួយដោះស្រាយអោយគាត់ផង។
ទាក់ទងនិងបញ្ហានេះ លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចនិងអតីតយុទ្ឋជនបានអោយដឹងថាៈគាត់មិនទាន់ឃើញឈ្មោះ ក្រឹម សា មកទំនាក់ទំនងក្នុងរឿងខាងលើនេះជាមួយគាត់ទេ។ បន្ទាប់មកគាត់បានជួបសួរមន្ត្រីជំនាញរបស់គាត់និងបានបកស្រាយថា៖ រឿងស្នើសុំដី ឆ្នាំ២០១២ -១៣គឺមាន តែក្នុង២០១៤មិនមានទេ ហើយសម្រាប់ឆ្នាំ២០១៥នេះ ខេត្តបានបង្កើតគណៈកម្មការស្រាវជ្រាវនិងវាយតម្លៃ លើឈ្មោះអតីតយុទ្ឋជន ដែលបានស្នើសុំដីទាំងនោះ តើពិតជាគ្មានដីមែនឬអត់ ចំណែកការស្នើសុំផ្ទះក្រសួងបានបិទហើយ។ដោយឡែក រឿងប្រាក់ខែកូនគឺត្រូវអោយគាត់យកសំបុត្រកំណើតកូនទាំង៦នាក់ និងសៀវភៅគ្រួសារដែលបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានមកដាក់ពាក្យសុំនៅមន្ទីរសង្គមកិច្ចខេត្តគឺពិតជាត្រូវដោះស្រាយអោយហើយ ៕


































