ខេត្តកំពង់ឆ្នាំង៖ អធិការណ៏ជាយូរមកហើយមួយ បានក្លាយជាអំពើហឹង្សាលួចបាញ់គ្រាប់ចំពាមកៅស៊ូ ធ្វើអោយព្រះគ្រូចៅអធិកាវត្ត និងនេន១អង្គ រងរបួសស្រាល និងជាចុងក្រោយដើម្បីបញ្ចប់អធិករណ៏ខាងលើនេះ ព្រះអនុគណស្រុក សម្រេចព្រះទ័យដកព្រះគ្រូចៅអធិការវត្ត និងព្រះសង្ឃនៅក្នុងវត្ត ទៅគង់នៅវត្តផ្សេង។ ហេតុការណ៏ទំនាស់ ក្លាយហឹង្សាបង្ករបួសស្នាមពេលចុងក្រោយនេះ បានកើតឡើង នៅយប់ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៥ នៅវត្តព្រះជ័យឥន្ទ្រាហៅ វត្តព្រះបន្ទាយធ្លក ស្ថិតនៅក្នុងភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូរណ៌ ។
ព្រះគ្រូចៅអធិការព្រះនាម ឡៃ សៀងហ៊ុន ព្រះជន្ម៣៣ព្រះវស្សា គង់នៅវត្តព្រះជ័យឥន្ទ្រា ហៅ វត្តព្រះបន្ទាយធ្លក បានមានសង្ឃដីកាថា៖ ប៉ុន្មានយប់កន្លងទៅនេះ មានជនពុំស្គាល់មុខ បានបាញ់គ្រាប់ជំពាមកៅស៊ូ សំដៅមកលើកុដិចំអាត្មា បណ្តាលអោយរងរបួសស្រាល ក្នុងនោះលោកនេនមួយអង្គ ព្រះនាម តុន សុជា ព្រះជន្ម១៦វស្សា ក៏បានរងរបួសដែរ ។ដោយសារតែបែបនេះអាត្មា បានប្រាប់អាជ្ញាធរមូលដ្ឋាន និងបានចាត់អោយប្រជាការពារភូមិម្នាក់ឈ្មោះ រ៉ាយ សារ៉ុម ហៅជ័យ មកជួយការពារអាត្មា ។
ព្រះគ្រូចៅអធិការវត្តមានសង្សដីការទៀតថា៖ ក្រោយពីមានអ្នកការពារអាត្មា ជនពុំស្គាល់មុខទាំងនោះបានគុំគួន បែរជាត្រឡប់ទៅបាញ់ចំពាមកៅស៊ូដាក់ផ្ទះប្រជាការពារម្នាក់នោះទៅវិញ ជាក់ស្តែងនៅយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ ក្រុមជនមិនស្គាល់មុខទាំងនោះបានបាញ់គ្រាប់ចំពាមចូលផ្ទះឈ្មោះ រ៉ាយ សា រ៉ុម ជាថ្មីម្តងទៀត បណ្តាលអោយកូនស្រីគាត់អាយុ១៣ឆ្នាំម្នាក់បានរងរបួស។
លោក ប៊ិន សុផាន មេឃុំផ្សារ ស្រុកបរិបូរណ៌ បាននិយាយអោយដឹងថា៖ក្រោយពីទទួលព័ត៏មាននៃទំនាស់ ថាមានគេបាញ់គ្រាប់ចំពាមកៅស៊ូត្រូវរបួសកូនស្រីលោក រ៉ាយ សារ៉ុម លោកបានដឹកនាំក្រុមប្រឹក្សាឃុំ ប្រជាការពារ និងប្រជាពលរដ្ឋប្រមាណ២០នាក់ ទៅផ្ទះកើតហេតុ ប៉ុន្តែពេលទៅដល់ក្រុមមិនស្គាល់មុខទាំងនោះបានរត់គេចខ្លួនអស់ និងបានឯកភាពគ្នាដាក់កំលាំងប្រជាការពារនៅផ្ទះជនរងគ្រោះរហូតដល់ភ្លឺ ។
នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ ព្រះអនុគុណស្រុកបរិបូរណ៌ ព្រះនាម អៀន សារឿន រួមនិងមន្ត្រីសង្ឈ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ចំណុះជើងវត្តមួយចំនួនទៀតបាននិមន្ត ទៅកាន់វត្តកើតហេតុធ្វើការប្រជុំដោះស្រាយ។ ក្រោយពីបានប្រជុំពិភាក្សា ពិគ្រោះយោបល់គ្នារួចមក ព្រះអនុគុណស្រុក បានសំរេចព្រះទ័យ និមន្តព្រះគ្រូចៅអធិការវត្តព្រះជ័យឥន្ទ្រា ហៅវត្តព្រះបន្ទាយធ្លក រួមនិងព្រះសង្ឈ៣អង្គនៅក្នុងវត្ត អោយទៅគង់បណ្តោះអាសន្ន នៅវត្តព្រះឥន្ទទេព ស្ថិតនៅក្នុងឃុំមេលំ ស្រុកបរិបូរណ៌ បើទោះបីនៅ ព្រឹកនោះមានការតវ៉ាពីប្រជាពលរដ្ឋប្រមាណ ៣០-៤០នាក់គាំទ្រព្រះចៅអធិការជាអ្នករងគ្រោះក្តី ។
ព្រះអនុគណស្រុកមានសង្ឈដីកាថា៖ បើពុទ្ឋបរិស័ទ្ធ លោកតា លោកយាយ ចង់បានលោកគ្រូចៅអធិកាវត្ត ទៅគង់នៅវត្តបន្ទាយធ្លកវិញ ត្រូវធ្វើលិខិតស្នាមជាលាក់ល័ក្ខណអក្សរស្នើរសុំ និងទទួលខុសត្រូវលើសុវត្ថិភាពព្រះគ្រូចៅអធិការ និងព្រះសង្ឈខាងលើនេះ ទើបអាត្មាយល់ព្រមអោយត្រឡប់មកវិញ។
អធិករណ៍ក្លាយជាអំពើហឹង្សាបង្ករបួសស្នាមដល់ព្រះសង្ឃខាងលើនេះ ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋាននិយាយថា៖បញ្ហានេះ កើតឡើងដោយសារជំទាស់ដ៏យូរឆ្នាំ រវាងព្រះគ្រូចៅអធិការវត្ត ជាមួយគណកម្មការនិងអាចារ្យវត្ត ដែលគ្មានរឿងអ្វីក្រៅពីបច្ច័យរបស់វត្តចាយវាយមិនឯកភាពគ្នានោះឡើយ។ប្រជាពលរដ្ឋគាំទ្រលោកនិយាយថា៖ការលួចបាញ់គ្រាប់ចំពាមចំព្រះសង្ឃគឺជាអំពើបាបដ៏ធ្ងន់ធ្ងរក្នុងការគោរពប្រតិប្តព្រះពុទ្ធសាសនាដែលសមត្ថកិច្ចត្រូវតែស្រាវជ្រាវចាប់ជនដៃដល់អោយបានយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ និងត្រូវធ្វើការបោះឆ្នោតជ្រើសរើសគណកម្មការវត្តថ្មីទៅ ទើបបានសុខ និងទើបមានព្រះសង្ឍធ្វើបុណ្យក្នុងវត្ត៕