ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ អាជ្ញាធរក្រុងប៉ៃលិន ដឹកនាំដោយលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន ចុះជួបសំណោះសំណាលជាមួយប្រជាពលរដ្ឋ និងផ្សព្ធផ្សាយពីសេវាសាធារណៈនៅការិយាល័យច្រកចេញចូលតែមួយក្រុងប៉ៃលិន ។ ក្នុងពិធីនេះដែរមានការចូលរួមពីលោក សេង វន្ថា អភិបាលរងក្រុងប៉ៃលិន លោក លោកស្រីសមាជិកក្រុមប្រឹក្សាក្រុងប៉ៃលិន លោកចៅសង្កាត់អូរតាវ៉ៅ លោកមេភូមិ និងប្រជាពលរដ្ឋជាច្រើននាក់។ ដែលកម្មវិធីនេះប្រព្រឹត្តទៅក្នុងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បន្ទាប់ពីលោក ស៊ុន យី អភិបាលក្រុងប៉ៃលិន សំណោះសំណាលជាមួយប្រជាពលរដ្ឋ និងស្វែងយល់ពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋរួចមក លោក សេង វន្ថា អភិបាលរងក្រុងប៉ៃលិន បានមានប្រសាសន៏ថា៖ដើម្បីរួមចំណែកអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅតាមរដ្ឋបាលក្រុង ស្រុក តែចំពោះខេត្តប៉ៃលិនយើងមានមួយកន្លែងទេ គឺមានទីតាំងក្នុងក្រុងប៉ៃលិនតែម្តង ។ លោកមានប្រសាសន៏បន្តថា៖ ការបង្កើតការរិយាល័យច្រកចេញចូលតែមួយគឺ មានគោលបំណងលើកកម្ពស់គុណភាពការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ។ ការិយាល័យច្រកចេញចូលតែមួយគឺជា៖ កន្លែងផ្តល់សេវារដ្ឋបាលដែលប្រជាពលរដ្ឋត្រូវការជា ចាំបាច់ឲ្យទាន់ពេលវេលា និងតាមនីតិវិធីសាមញ្ញ កន្លែងប្រមូលផ្តុំសេវាកម្ម និងនីតិវិធីរដ្ឋបាលមួយចំនួន នៅកន្លែងតែមួយ ជាកន្លែងដែលបងប្អួនប្រជាពលរដ្ឋ មកទទួលទម្រង់បែបបបទ និងទទួលព័ត៌មានគ្រប់គ្រាន់ ច្បាស់លាស់ពីការផ្តល់សេវារដ្ឋបាលផ្សេងៗ ។ លោកបន្តទៀតថា៖ ការិយាល័យនេះរួមមាន ផ្នែកជួរមុខ សម្រាប់ផ្តល់ព័ត៌មាន ទទួល និងប្រគល់ឯកសារ និង ផ្នែកជួរក្រោយ មានមន្ត្រី ជំនាញដែលបញ្ជូនមកពីមន្ទីរ ស្ថាប័នពាក់ព័ន្ធតាមវិស័យនានា ដើម្បីមកបំពេញការងារនៅការិយាល័យច្រកចេញចូលតែមួយ ។ មន្ត្រីដែលបំរើការងារនៅការិយាល័យច្រកចេញចូលតែមួយ ពេញចិត្តនឹងផ្តល់សេវាទាំងនោះជូនប្រជាពលរដ្ឋ ប្រកបដោយទឹកចិត្តសប្បាយ រីករាយ រួសរាយ រាក់ទាក់ និងមានអាកប្បកិរិយាសុភាពរាបសារ មិនប្រព្រឹត្តិអំពើពុករលួយ ឬស៊ីសំណូកឡើយ។ លោកមានប្រសាសន៏បន្តទៀតថា៖ ដើម្បីធានានូវតម្លាភាព តារាងតម្លៃសេវាត្រូវបានផ្សព្វផ្សាយជាសាធារណៈ និងបិតបង្ហាញតាមជញ្ជាំងការិយាល័យច្រកចេញចូលតែមួយ ។លោកមានប្រសាសន៏បន្តទៀតថា៖ កាលពីមុនប្រជាពលរដ្ឋចង់ស្នើសុំសេវាកម្មអ្វីមួយ គឺពួកគាត់ត្រូវទៅទំនាក់ទំនងផ្ទាល់ជាមួយសមត្ថកិច្ច តែពេលនេះយើងគ្រាន់តែមកស្នើសុំសេវាកម្មទាំងនេះ នៅការិយាល័យច្រកចេញចូលតែមួយជាការស្រេច។ រាល់ទម្រង់បែបបទ និងលិខិតផ្សេងៗសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋដើម្បីបំពេញ ត្រូវបានរៀបចំឲ្យមានលក្ខណៈសាមញ្ញ ខ្លី ច្បាស់លាស់ និងងាយយល់ ៕



































