រឿងរ៉ាវលោក អៀង សុធារ៉ា ប្រធានក្រុមហ៊ុន អៀង គ្រុប រំលោភបំពានយកដីយាយតា នៅតំបន់ជាយ យាយអ៊ី ក្នុងភូមិ កែវផុស ទំហំ ៥.២ហិកតា បានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ បណ្តឹងគ្រប់យ៉ាងរបស់លោកយាយលោកតា ត្រូវគេបំបិតចោលមិនចាត់ការ ដោយសារតែអំពើឃុបឃិតគ្នារវាងលោក អៀង សុធារ៉ា និង ប្រព័ន្ធសមត្ថកិច្ចអ្នកអនុវត្តន៍ច្បាប់គេត្រូវរ៉ូវគ្នា។ សំរាប់លោកយាយ លោកតាជាជនរងគ្រោះដោយសារគ្មានសង្ឃឹម និង អស់ជំនឿទៅលើប្រព័ន្ធអ្នកអនុវត្តច្បាប់លោកយាយ តា ក៏បានពឹងអោយគេជួយសរសេរលិខិតមួយច្បាប់ រៀបរាប់រឿងពិតគ្រប់យ៉ាង ជុំវិញការរំលោភបំពានយកដីកម្មសិទ្ធិរបស់គាត់ពីសំណាក់ លោក អៀង សុធារ៉ា ប្រធានក្រុមហ៊ុន អៀង គ្រុបដាក់ជូនទៅសម្តេចតេជោ និង លោកជំទាវអោយជួយអន្តរាគមន៍ពីព្រោះបញ្ហានេះ មានតែសម្តេច និង លោកជំទាវទេទើបជួយដល់ពួកគាត់ជាជនរងគ្រោះបាន ។
នៅក្នុងខ្លឹមសារនៃលិខិតស្នើសុំជួយអន្តរាគមន៍របស់លោកតាឈ្មោះ នាង ឃិន អាយុ ៧២ ឆ្នាំនិងលោកយាយឈ្មោះ លាង ឃី អាយុ ៦៨ ឆ្នាំ មានទីលំនៅ ភូមិ កែវផុស ឃុំ ទំនប់រលក ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ ចុះថ្ងៃទី…២០ខែ មេសា ឆ្នាំ ២០១៦ បានបញ្ជាក់ថា :
រួបគាត់ទាំងពីនាក់ បានមករស់នៅកាន់កាប់ដីធ្លីនៅចំណុចពយយាយម៉ីនេះ តាំងពីមុនឆ្នាំ ១៩៨៩ មុនកម្លាំងខ្មែរក្រហមសមហរណកម្មជាមួយរដ្ឋាភិបាលទៅទៀត គឺរស់នៅជាមួយនឹងយោធាស្រុកស្ទឹងហាវ ហើយរូបគាត់ទាំងពីនាក់ត្រូវបានបញ្ជាការយោធាស្រុកប្រគល់ភារៈកិច្ចពីរ :
១- គឺដាំបន្លែ និង រកត្រីសាច់ទ្រទ្រង់កងទ័ពដែលឈរជើងនៅទីនោះ ។
២- ពិនិត្យ និង ឃ្លាំមើល រាយការណ៍ពីសកម្មភាពរបស់ខ្មាំង ដោយអនុវត្តតាមគោលការណ៍យុទ្ធសាស្ត្រ ៣ មិន ១ រាយការណ៍។
នៅក្នុងឆ្នាំ ១៩៨៩ រូបគាត់ទាំងពីបានធ្វើពាក្យស្នើសុំដីនោះ ទៅលោកមេបញ្ជាការស្រុកស្ទឹងហាវ “ទឹម យុន” តាមរយៈលោកមេឃុំជ្រោយស្វាយឈ្មោះ លោក ណូច បាន នៅក្នុងឆ្នាំ ១៩៨៩ ដោយហេតុថា កន្លងមកខ្ញុំធ្លាប់មានគុណបំណាច់ចំពោះកងទ័ពនៅទីនោះ លោកមេបញ្ជាការ និង លោកមេឃុំក៏បានអនុញ្ញាតិឱ្យតាមការស្នើសុំ ។ ដីនៅចំណុចនោះនាសម័យនោះ អាជ្ញាធរមិនអាចគ្រប់គ្រងបានទេ ព្រោះជាសមរភូមិប្រឈមរវាងកងទ័ពរដ្ឋាភិបាលជាមួយកម្លាំងខ្មែរក្រហម ។
ស្រាប់តែនៅឆ្នាំ ២០០៨ ឈ្មោះ អៀង សុធារ៉ា ប្រធានក្រុមហ៊ុន អៀងគ្រុប បានមកអះអាងថា ដីដែលខ្ញុមកំពុងរស់នៅទំហំ ជាង៥ហិកតា ខាងលើនោះ ជាដីរបស់គេទៅវិញ ។ នៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០០៩ ឈ្មោះ អៀង សុធារ៉ា បានឆ្លៀងឱកាសប្រើឧបាយកលបំភាន់ភ្នែក ឯកឧត្តម អភិបាលខេត្ត ស្នើសុំកម្លាំងកងពលតូចលេខ ៣១ ចំនួន ១០ នាក់ ដោយប្រើរូបភាពសុំកម្លាំងទាំងនោះមកការពារសំភារៈគ្រឿងចក្ររបស់ក្រុមហ៊ុន និង ការពារសន្តិសុខ សុវត្ថិភាពបុគ្គលិកជំនាញរបស់ក្រុមហ៊ុន យោងតាមសំណើរនៃការរៀបចំអំពើទុច្ចរិតរបស់បុគ្គលឈ្មោះ អៀង សុធារ៉ា នេះ ឯកឧត្តម អភិបាលខេត្តបានឯកភាពតាមលិខិតលេខ ១៨២/០៩ ស.ណ ចុះថ្ងៃទី ១៨-១២-១០០៩ តាមរយៈឥទ្ធិពលនៃលិខិតនេះ បុគ្គលឈ្មោះ អៀង សុធារ៉ា បានប្រើប្រាស់កម្លាំងប្រដាប់អាវុធចំនួន ១០ នាក់ ដែលខ្លួនបានស្នើសុំខាងលើ មកដុតបំផ្លាញលំនៅដ្ឋានរបស់ របស់ពូកគាត់ខូចខាតទាំងស្រុងយ៉ាងសាហាវព្រៃផ្សៃជាទីបំផុត ។ នៅថ្ងៃទី ១០-០១-២០១០ ឈ្មោះ អៀង សុធារ៉ា បានប្រើប្រាស់កម្លាំងកម្មករ ប្រើហិង្សាបំផ្លិចបំផ្លាញផលដំណាំ រំលោភដណ្តើមកាន់កាប់ដី របសគាត់ទាំងបំពាន និង ព្រៃផ្សៃជាទីបំផុត ដោយគ្មានខ្លាចក្រែងអាជ្ញាធរ សមត្ថកិច្ច និង ច្បាប់ជាតិទាល់តែសោះ ។ ក្រោយមករូបគាត់បានដាក់ពាក្យបណ្តឹងពីសកម្មភាពឈ្មោះ អៀង សុធារ៉ា ខាងលើទៅសាលាដំបូងខេត្តព្រះសីហនុ តែត្រូវបានសាលាដំបូងខេត្តសម្រេចតម្កល់រឿងនេះទុកឥតចាត់ការ តាមដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការលេខ ២៩៤៨ អក ចុះថ្ងៃទី ៣០-០៩-២០១០ ដោយយល់ឃើញថា ដីទំនាស់នេះឈ្មោះ អៀង សុធារ៉ា មានប័ណ្ណសម្គាល់សិទ្ធិចំនួន ១០ ប័ណ្ណ ចំណែកខ្ញុំបាទ-នាងខ្ញុំ ពុំទាន់មានប័ណ្ណសម្គាល់កម្មសិទ្ធិនៅឡើយ ។ លើករណីដីប័ណ្ណសំគាល់សិទ្ធិចំនួន ១០ ប័ណ្ណរបស់ឈ្មោះ អៀង សុធារ៉ា នោះ ដាច់ដោយឡែកគ្មានជាប់ពាក់ព័ន្ធនឹងដីរបស់ ពូកគាត់ ទំហំ ជាង៥ ហិកតា នោះទេ តែដោយគេយល់ថា ដីពួកគាត់មានព្រំជាប់នឹងដីរបស់គេ ហើយពុំទាន់មានប័ណ្ណសំគាល់កម្មសិទ្ធិ និង ដោយពូកគាត់ជាអ្នកក្រីក្រទន់ខ្សោយស្រាប់ផងនោះ គេបានឆ្លៀងឱកាសប្រើអំពើទុច្ចរិត រំលោភវាទទីយកដីរបស់គាត់ធ្វើជាកម្មសិទ្ធិរបស់ផ្ទាល់ខ្លួនគេតែម្តង ។
ហើយ បណ្តឹងនេះជាបណ្តឹងព្រហ្មទណ្ឌ “បទល្មើសជាក់ស្តែង” ដែល អធិការដ្ឋាននគរបាលស្រុកស្ទឹងហាវបានកសាងសំណុំរឿងបញ្ជូនទៅតំណាងអយ្យការ ដើម្បីសុំធ្វើការចោទប្រកាន់ តែបែរជាតំណាងអយ្យការ មិនធ្វើការចោទប្រកាន់ មិនតែប៉ុណ្ណោះបានសម្រេចតម្កល់រឿងនេះទុកមិនចាត់ការថែមទៀត “ប្តឹងរឿងព្រហ្មទណ្ឌចាត់ការរដ្ឋប្បវេណី” ទុកឱ្យបុគ្គលរូបនេះធ្វើភ្លៀងធ្វើផ្គរតាមអំពើចិត្ត ។ បុគ្គលឈ្មោះ អៀង សុធារ៉ា នេះជាមនុស្សមានប្រាក់ មានឥទ្ធិពល មានខ្នងបង្អែក ដូចនេះហើយទើបនៅពេលថ្មីៗនេះ សាលាខេត្តព្រះសីហនុ បានចេញលិខិតលេខ៣១២ សជណ/១០ ចុះថ្ងៃទី ២៥-១០-២០១០ អនុញ្ញាតិឱ្យឈ្មោះ អៀង សុធារ៉ា មានសិទ្ធិកសាងរមណីយដ្ឋានធម្មជាតិនៅចំណុចដីទំនាស់ ដោយមិនរង់ចាំដំណោះស្រាយបញ្ចប់វិវាទតាមនីតិវិធីរបស់អាជ្ញាធរមានសមត្ថិកិច្ចថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និង សមត្ថកិច្ចតុលាការទេ ។
ហើយបើពិនិត្យលើកិរិយាកាន់កាប់របស់ឈ្មោះ អៀង សុធារ៉ា ថាតើគាត់ទិញដីនោះពីអ្នកណា មានលិខិតលក់ទិញដែរ ឬ អត់ ? ចំពោះប័ណ្ណសំគាល់កម្មសិទ្ធិចំនួន ១០ ប័ណ្ណ របស់ឈ្មោះ អៀង សុធារ៉ា ចេញដោយមន្ត្រីសុរិយោដីដែលធ្វើតាំងពីឆ្នាំ ១៩៩៥ ត្រឹមត្រូវតាមនីតិវិធីសុរិយោដីដែរ ឬ អត់ ? តើមន្ត្រីសុរិយាដីអាចចុះទៅវាស់វែងកើតទេ ? កំណត់ព្រំដីបានទេ ? អ្នកណាជាប់ព្រំអ្នកណា ? បើសម័យនោះដីនៅចំណុចនោះគ្មានមនុស្សទៅរស់នៅផងនោះ គឺមានតែកម្លាំងអតីតខ្មែរក្រហមដែលមិនទាន់ធ្វើសមហរណកម្ម និង កម្លាំងយោធាស្រុកស្ទឹងហាវប៉ុណ្ណោះ ដែលឈរជើងប្រចាំការប្រឈមមុខដាក់គ្នាស្ទើររាល់ថ្ងៃ ។
.ជាមួយគ្នានេះលោក ស៊ិន សឿន មន្ត្រីភូមិបាលស្រុកស្ទឹងហាវក៏ធ្លាប់បានបញ្ជាក់ផងដែរថា រវាងដីលោក អៀង សុធារា នឹងដីលោក យាយ លោកតា បើតាមការពិនិត្យចុះវាស់វែងជាក់ស្តែង មិនមានការពាក់ពន្ធ័គ្នាទេ គឺដីលោក អៀងសុធារា នៅផ្នែកខាងលើ ជាប់ព្រំប្រទល់ដី លោកយាយ លោកតា ហើយដីលោក យាយ លោកតា នៅជាប់ នឹងឆ្នេរសមុទ្រ ។
.ជំវិញអំពើរំលោភសិទ្ឋិខាងលើនេះលោកយាយលោកតា ដែលជាជនចាស់ជរា សូមសំណូមពរ ទៅដល់ សូម សម្តេចតេជោនិងលោកជំទាវ មេត្តាជួយអន្តរាគមន៍ទៅសាលាខេត្តព្រះសីហនុ និង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ឱ្យឈ្មោះ អៀង សុធារ៉ាប្រគល់ដីខាងលើទំហំជាង៥ហិកតាអោយរូបគាត់បានគ្រប់គ្រងវិញផងព្រោះរួបគាត់ទាំងពីនាក់ពុំមានដីឯណាសំរាប់រស់នៅក្រៅពីដីនេះឡើយ៕កោះពស់(រូបភាពលោកយាយលោកតានឹងអ្នកភូមិ )