ស្ទឹងត្រែង៖រថយន្តធន់ធំមួយគ្រឿងដឹកស៊ីម៉ង់ បានបុកដើមឈើរលំកាត់ជាតិលេខ៩បណ្តាលឱ្យធ្លាក់ផ្លូវផ្ងាជើង តែសំណាងល្អមិនបង្កឱ្យមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ តែរថយន្តខូចខាតផ្នែកមុខធ្ងន់ធ្ងរកាលពីវេលាម៉ោង១២យប់ថ្ងៃទី២២រំលងអាធ្រាត្រ ឈានចូលថ្ងៃ២៣ខែសីហាឆ្នាំ២០១៦ នៅចំណុចត្នោតថ្មី ស្ថិតក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែង។ លោកសាយ កងនាយរងប៉ុស្តិ៍សំអាងបានឱ្យដឹងថាអ្នកបើបររថយន្តបង្កមានគ្នា២នាក់ដែលមានតៃកុងឈ្មោះសុខ វិទូ ភេទប្រុសអាយុ៣០ឆ្នាំ (អ្នករបរបើរថយន្ត) មានទីលំនៅភូមិពោធិកិល ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រួមដំណើរជាមួយឈ្មោះម៉ា ខុម ភេទប្រុស អាយុ៤៤ឆ្នាំ (ព្រូឡាន)។ លោកនាយរងប៉ុស្តិ៍បានបន្តឱ្យដឹងទៀតថានៅល្ងាចថ្ងៃ២២វេលាម៉ោង៥ល្ងាចមានខ្យល់ខ្លាំង ថែមទាំងភ្លៀង បានបង្កឱ្យដើមឈើមួយដើមធំ(ចំបក់)ពុកគល់រលំកាត់ផ្លូវ តែរថយន្តតូចអាចវាងឆ្លងកាត់បាន។ចំណែករថយន្តដែលរងគ្រោះ ជាប្រភេទរថយន្តធន់ធំភ្លៅ៤ក្បាលពណិ៍សទ្រង់ពណិ៍ខៀវពាក់ស្លាកលេខកំពុងចាម3A4212ដែលដឹកស៊ីម៉ង់ពីខេត្តបន្ទាយមានជ័យឆ្លងកាត់ផ្លូវជាតិលេខ៩ឆ្ពោះទៅកាន់ខេត្តរតនគីរី។
លោកបន្តថាក្រោយមានហេតុការកើតឡើង លោកបានកាត់មែកឈើដាក់ជាសញ្ញាសម្គាល់ ដើម្បីឱ្យអ្នកបើកបរមានការប្រុងប្រយ័ត្ន ហើយនៅទីនោះជាចំណុចផ្លូវកោង ក៍មានស្លាកសញ្ញាបន្តយល្បឿនដែរ តែដោយសារតៃកុងមិនបន្ថយល្បឿន ផុតផ្លូវកោងដល់ដើមឈើរលំ ធ្វើឱ្យរថយន្តបុកពេញទំហឹង រេចង្កូតធ្លាក់ប្រឡាយ តែសំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។
អ្នកបើកបររថយន្តឈ្មោះសុខ វិទូបាននិយាយថាគ្រោះថ្នាក់នេះ ដោយសារនៅយប់កើតហេតុមានភ្លៀងធ្លាក់ពិបាកមើលផ្លូវ ម្យ៉ាងទៀតការដាក់ស្លាកសញ្ញាតូចហើយជិតដើមឈើរលំពេក ទើបធ្វើឱ្យរថយន្តមិនអាចជាន់ហ្វាំងទាន់។លោកបន្តថាអាជ្ញាធរគួរតែពិនិតមើលដើមឈើនៅក្បែរផ្លូវ ដែលពុកគល់ស្ទើតែរលំហើយ មិនបានកាត់ចោលទុកឱ្យរលំកាត់ផ្លូវ បង្កឱ្យមានគ្រោះថ្នាក់ នេះបើសិនជាកំពុងបើបររលំចំរថយន្តវិញនោះ វាអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដំណើរជាមិនខានឡើយ។ ដើមឈើដែលរលំនៅព្រឹកថ្ងៃទី២៣ ត្រូវបានប្រជាពលរដ្ឋរួមជាសមត្ថកិច្ច យកម៉ាស៊ីកាត់ចេញដើម្បីសម្រួលដល់ការធ្វើដំណើរឱ្យបានស្រួលជាធម្មតាវិញ។ចំណែកថយន្តដឹកស៊ីម៉ងត្រូវបានម្ចាស់រករថយន្តមួយផ្សេងទៀតសាងឥវ៉ាន់ចេញដឹកទៅកាន់ខេត្តរតនគីរី៕