កំពង់ធំៈឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាព បានយកចិត្តទុក ដាក់មកលើបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំនារដូវវស្សានិងបានផ្សព្វផ្សាយដល់អាជ្ញាធរគ្រប់ស្រុកក្រុង ទាំងអស់ រួមទាំងកម្លាំងទាំង៣ប្រភេទដើម្បីត្រៀមរួចជាស្រេច ក្នុងការជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ។
ខេត្តកំពង់ធំ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃ បានធ្វើឲ្យទឹកស្ទឹងសែនបានដង្ហក់ឡើងយ៉ាងឆាប់រហ័ស ដោយសារតែទឹកភ្លៀងមួយចំនួនបានស្រោចស្របពេញទូទាំងខេត្ត និងទឹកមួយចំនួនបានហូរមកពីខេត្តព្រះវិហារ និងខេត្តជាប់ព្រំប្រទល់ ហូរចូលមកស្ទឹងសែនធ្លាក់ទៅបឹងទន្លេសាប ថែមទាំងបានធ្វើឲ្យទឹកស្ទឹងសែនឡើងស្រកៗតាមតែទឹកភ្លៀង។
ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ទី១ បានណែនាំទៅអភិបាលក្រុងស្រុក ឲ្យតាមដានជាប្រចាំគ្រប់ភូមិសាស្ត្រ ដោយខ្លាចក្រែងមានការលិចលង់ ផ្ទះសំបែង និងដំណាំដាំដុះរបស់ប្រជាពលរដ្ឋកន្លែងណា ហើយឲ្យកម្លាំងប្រដាប់អាវុធទាំង៣ ដើម្បីត្រៀមកម្លាំងធ្វើអន្តរាគមន៍ ដោយឡែកកន្លងមកនេះគឺមានតិចតួចគឺទឹកលិចផ្លូវ តែឡានម៉ូតូអាចចរាចរណ៍បានទេ និងមិនធ្វើឲ្យប៉ះពាលនោះទេនៅចំនុចភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយសារតែចំនុចទឹកលិចនេះគឺជាដៃស្ទឹងជីនិត គឺទឹកឡើងនៅពេលដែលមានភ្លៀង ក្រោយមកក៏ស្រកវិញ។
លោក ឡា យោ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំបានឲ្យដឹងថា តាមសភាពអាកាសធាតុ គឺពុំមានទឹកជំនន់នោះទេ ដោយសារតែកំរិតទឹកស្ទឹងសែននៅកំពស់១២,៥៦ជាច្រើនថ្ងៃហើយ និងពុំមានការ ព្រួយបារម្ភណ៍នោះទេ ក្នុងនោះធនធានទឹកបានចេញសេចក្តីជូនដំណឹងឲ្យមានការប្រុងប្រយ័ត្នពីថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៦ ទូទាំងប្រទេស គឺមានភ្លៀងដោយសាររងសម្ពាធទាប តែខាងខេត្តព្រះវិហារ និងខេត្តកំពង់ធំ ក៏ពុំមានភ្លៀងច្រើននោះទេ តែទោះជាយ៉ាងណានោះឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន។
ក្នុងនោះដែរឯកឧត្តម អ៊ុត សំអន បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ឲ្យផ្សព្វផ្សាយពីសម្ពាធទាបតាមការ ជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយស្ទឹងទាំងអស់រក្សាសុខភាពអាចនិងឆ្លងជម្ងឺតាមទឹកជំនន់ ដូចការពារក្មេងៗ ចាស់ជរា និងសត្វចិញ្ចឹម រួមទាំងសម្ភារៈផ្សេងៗ ព្រោះអាចនិងអន្តរាយបាន ។
ដោយ ប៊ុន រដ្ឋា



































