ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរមួយបណ្ដាលឱ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសាររថយន្តហ៊ីយ៉ាន់ដាយមួយតោនកន្លះបុកជាមួយម៉ូតូដឹករទេះការ៉េម កាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២ខែមិថុនាឆ្នាំ២០១៤ នៅត្រង់ចំណុចមុខផ្សារជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ចំណុះមួយតោនកន្លះពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2I-2942 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកចំណុចកើតហេតុ ក៏បានទៅបុកម៉ូតូដឹករទេះការ៉េម ម៉ាកគុបជ្រុង អត់មានស្លាកលេខ ជិះដោយបុរសម្នាក់កំពុងបត់ឆ្លងផ្លូវពីត្បូងទៅជើង ចំពេញទៅហឹងបណ្តាលឱ្យរងរបួសធ្ងន់ បន្ទាប់ពីបង្កហេតុអ្នកបើកបររថយន្តបានបើកទ្វាររថយន្តរត់គេចបាត់ស្រមោល។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ធឿន អាយុ៣២ឆ្នាំ ភេទប្រុសមុខរបរលក់ការ៉េម ស្នាក់នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនបើករថយន្តបង្កមិនស្គាល់អត្តសញ្ញាណ បានបើកទ្វាររថយន្តរត់គេចបាត់ ។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តអង្គភាព៧១១ របស់កងពលតូចលេខ៧០ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមះ (ពេទ្យលោកសង្ឃ) ហើយពេលទៅដល់មន្ទីរពេទ្យក៏បានដាច់ខ្យល់ស្លាប់តែម្តង។
ចំណែកឯរថយន្តបង្កនិងម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើការ វាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាក្រោយចំណែកសពត្រូវបានសមត្ថកិច្ចទំនាកទំនងទៅក្រុមគ្រួសារមកទទួលយកទៅរៀបចំធ្វើបុណ្យ តាមប្រពៃណី៕