សៀមរាប៖ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជា តិអប្សរា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ ដែលដឹកនាំដោយលោកជំទាវ Hélène Carrère លេខាធិការអចិន្ត្រៃយ៍នៃបណ្ឌិតសភាប្រទេសបារាំង នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។ក្នុងជំនួបពិភាក្សានេះ ឯកឧត្តមអគ្គនាយកបានជម្រាបជូនអំពីដំណើរការនៃការងារ របស់អាជ្ញាធរជាតិអប្សរាដែលផ្តោតសំខាន់ទៅលើការជួសជុល ការអភិរក្សប្រាសាទ ការរៀបចំផែនការគ្រប់គ្រងទេសចរណ៍អង្គរ ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍សហគមន៍ក្នុងឧទ្យានអង្គរ។ បន្ថែមពីនោះ ឯកឧត្តមក៏បានជម្រាបជូនគណៈប្រតិភូផងដែរ អំពីជោគជ័យជាបន្តបន្ទាប់លើការអភិរក្ស និងការជួសជុលប្រាសាទក្នុងតំបន់អង្គរ ដែលទទួលបាន ការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អន្តរជាតិ។
លោកជំទាវ Hélène Carrère បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា និងសហការីដែលបានផ្តល់ឱកាសឱ្យក្រុមការងាររបស់លោកជំទាវបានចូលជួបសម្តែងការគួរសមនិងឈ្វេងយល់អំពីការងារសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរាដែលអនុវត្តបានយ៉ាងល្អគួរឱ្យកោតសរសើរ។ លោកជំទាវសង្ឃឹមថា ការងារទំនាក់ទំនងនិងកិច្ចសហការរបស់ស្ថាប័នជំនាញផ្សេងៗនៃរដ្ឋាភិបាលបារាំងនិងអាជ្ញាធរជាតិអប្សរាសម្រាប់ការងារអភិរក្សតំបន់ឧទ្យានអង្គរ ដែលជាបេតិកភណ្ឌពិភពលោកនៅតែបន្តភាពស្និទ្ធស្នាល និងមានការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកជាបន្តទៀត។
តបតាមសេចក្តីនេះ ឯកឧត្តមអគ្គនាយកក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់លោកជំទាវ Hélène Carrère និងក្រុមការងារដែលបានឈ្វេងយល់ពីកិច្ចការរបស់អាជ្ញាធរជាតិអប្សរា។ ជាពិសេសជាងនេះទៅទៀត ក្នុងរយៈកាលកន្លងមក រដ្ឋាភិបាលបារាំងក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងនិងអភិរក្សប្រាង្គប្រាសាទក្នុងតំបន់ឧទ្យានអង្គរផងដែរ ដោយទទួលធ្វើជាសហប្រធានគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថា (ICC-Angkor) ជាមួយប្រទេសជប៉ុន។ មិនតែប៉ុណ្ណោះក៏បានរួមចំណែកក្នុងការស្រាវជ្រាវ ជួសជុលប្រាសាទមួយចំនួនដូចជា៖ ប្រាសាទបាភួនដែលបានបញ្ចប់ការជួសជុលទាំងស្រុងនាពេលថ្មីៗនេះ ហើយបច្ចុប្បន្នប្រទេសបារាំងក៏កំពុងបន្តដំណើរការជួសជុលប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅកណ្តាលបារាយណ៍ទឹកថ្លាទៀតផង៕