ខេត្តព្រះសីហនុ៖ដោយមើលឃើញការលំបាកខ្វះខាត និងតំរូវការចាំបាច់ចំពោះបញ្ហាថវិកាបង្ហើយរបងសាលា របស់សាលាអនុវិទ្យាល័យបឹងតាព្រហ្ម មានទីតាំងនៅឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ខេត្តព្រះសីហនុ។
លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC បានផ្តល់ថវិកាសំរាប់សង់បង្ហើយរបងសាលាអនុវិទ្យាល័យបឹងតាព្រហ្មដែលនៅសល់មួយចំណែកផ្នែកខាងមុខដោយសារខ្វះថវិកាសង់បង្ហើយនាពេលកន្លងមកនេះហើយ។
ថវិកាសំរាប់ធ្វើរបងបង្ហើយនេះ លោក ឧកញ៉ា ទៀ វិចិត្រ ក៏បានប្រគល់អោយតំណាងរបស់លោកយកទៅប្រគល់ជូន លោក ចិន គឹមអឿន នាយកសាលាអនុវិទ្យាល័យដ៏កំសត់មួយនេះរួចរាល់ហើយដែរកាលពីថ្ងៃទី៤ ខែវិច្ឆិកា ២០១៦។
លោក ចិន គឹមអឿន នាយកវិទ្យាល័យបឹងតាព្រហ្ម បានបញ្ចាក់ថា លោកនឹងចាត់ចែងអោយជាងចាប់ផ្តើមសង់បង្ហើយរបងនេះអោយបានហើយរួចរាល់ក្នុងរយៈពេលចន្លោះពី១៥ទៅម្ភៃថ្ងៃទៀត។
លោក ចិន គឹមអឿនបន្តក្នុងនាម នាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និអាណាព្យាបាលសិស្សនៅក្នុងឃុំបឹងតាព្រហ្មផងដែរក៏បានថ្លែងអំណរគុណជាងនេកចំពោះលោកឧកញ៉ា ទៀ វិចិត្រ និងលោក ជំទាវ ដែលបានចំណាយធនធានផ្ទាល់ខ្លួនក្នុងការជួយសង់បង្ហើយរបងសាលាអនុវិទ្យាល័យបឹងតាព្រហ្មនេះ។
គួរបញ្ជាក់ថា លោក ឧកញ៉ាទៀ វិចិត្រ គឺជាអគ្គនាយកក្រុមហ៊ុន GTVC ដែលបំរើសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរតាម ទូកល្បឿនលឿនពីទីរួមខេត្តព្រះសីហនុឆ្ពោះទៅទីតាំងកោះនានា និងជាប្រធានសមាគមសប្បុរសធម៌អូរបីផងដែរ។
សមាគមនេះក៏បាននឹងកំពុងបំពេញបេសកកម្មមនុស្សធម៌ជួយសង្គម ជួយអ្នកក្រីក្រនិងអ្នករងគ្រោះនានានៅក្នុងខេត្តព្រះសីហនុយ៉ាងសកម្មផងដែរ។
គួររំលឹកផងដែរថាពាក់ពន្ធ័នឹងរបងសាលានេះប៉ុន្មានខែកន្លងទៅថ្មីៗនេះបងប្អូនសប្បុរសជនតាមមន្ទីរ អង្គភាពជុំវិញខេត្តព្រះសីហនុរួមទាំងប្រជាពលរដ្ឋមួយចំនួនទៀតធ្លាប់បានផ្តល់ជាថវិកាតាមសទ្ធាក្នុងការរួមគ្នាធ្វើរបងសាលាអនុវិទ្យាល័យបឹងតាព្រហ្មនេះក្នុងនោះលោក ឧកញ៉ាទៀ វិចិត្រ ក៏ធ្លាប់បានចូលរួមម្តងរួចហើយដែរតែថវិកាទាំងនោះមិនអាចធ្វើរបងនេះហើយរួចរាល់ដោយសារតែគំរោងនៃការសាងសង់មានការប្រែប្រួលខ្លះដើម្បីធ្វើអោយមានគុណភាពរឹងមាំយូរអង្វែង៕