ខេត្តព្រះសីហនុ៖មុខសញ្ញាក្រុមចោរប្លន់ប្រដាប់អាវុធដែលបានចេញធ្វើសកម្មភាពប្លន់ពេលយប់នៅខេត្តព្រះសីហនុចំនួន4
ករណីកន្លងទៅថ្មីៗនេះត្រូវបានសមត្ថកិច្ចនគរបាលខេត្តបង្ក្រាបបានជាបន្តបន្ទាប់ក្រោយពីបានធ្វើការតាមដានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់តបតាមបទបញ្ជាររបស់ ឯឧ អគ្គស្នងការនគរបាលជាតិ នេត សាវឿន។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរង ទទួលផែនកណ្តាលនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា៖ ពួកចោរប្លន់ ប្រដាប់អាវុធ ដែលតែងតែ ឆ្មក់ធ្វើសកម្មភាព ប្លន់ប្រជាពលរដ្ឋនៅពេលយប់កន្លងមកនោះ ត្រូវសមត្ថកិច្ចនគរបាលស្រាវជ្រាវចាប់ខ្លួនបានចំនួន៤នាក់ហើយ ម្នាក់ចាប់ខ្លួននៅថ្ងៃទី២៥ខែតុលាកន្លងទៅ រីឯ៣នាក់ទៀតស្រាវជ្រាវចាប់បាន ក្នុងយប់ថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០១៦ថ្មីៗនេះ ។ លោកឧត្តមសេនីយ៍ត្រី កុល ផាលី បញ្ជាក់ថា៖ មុខសញ្ញាដែលចាប់បានមាន៤នាក់ ៖ទី១.ឈ្មោះ វី ដា ភេទប្រុស អាយុ២០ឆ្នាំ (ជាមេខ្លោងកាន់កាំភ្លើងភ្ជង់បាញ់) ទី២.ឈ្មោះ ផល ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ (សហចារី)និងទី៣.ឈ្មោះវេង រិន ភេទប្រុស អាយុ១៨ឆ្នាំ (សហចារី)។
ជនសង្ស័យ៣នាក់ខាងលើ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។ រីឯទតី៤.ឈ្មោះ ញឹម ប៊ុន ថេរ ភេទប្រុស អាយុ១៦ឆ្នាំ ជាសហចារី បច្ចុប្បន្នកំពុងឃុំខ្លួន នៅពន្ធនាគារ ចាប់ខ្លួននៅថ្ងៃទី២៥ ខែតុលាឆ្នាំ២០១៦ ពីបទចោរកម្ម (ជនសង្ស័យខាងលើសារភាពថាឈ្មោះញឹក ប៊ុនថេនេះបានចូលរួមធ្វើសកម្មភាពប្លន់នៅថ្ងៃទី២៥ខែតុលា២០១៦)។
ដោយឡែកវត្ថុតាងដែលចាប់យកបានមានដូចជា៖ ១.ម៉ូតូម៉ាកហុងដា១២៥ សេសេ សេរីឆ្នាំ ២០១៣ ឡើងសេរីឆ្នាំ ២០១៤ ជាមធ្យោបាយធ្វើសកម្មភាពប្លន់ ទាំង៤លើក ។ ២.ទូរស័ព្ទដៃ I-phone 5s ១គ្រឿង ជាផលអំពើចោរកម្ម (ប្លន់ថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០១៦)។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៣ខាងលើបានសារភាពថា ពួកគេធ្លាប់ធ្វើសកម្មភាពប្លន់ពេលយប់ចំនួន៤លើក នៅក្រុងព្រះសីហនុចាប់តាំងពីចុងខែមិថុនាឆ្នាំ២០១៦មកម៉្លេះ ដោយមានបក្ខពួកទាំងអស់៥នាក់ ។
ចំពោះម៉ូតូ២គ្រឿង ដែលប្លន់បានសម្រេចកាលពីលើកមុនៗពួកគេបានជិះតាមផ្លូវស្រុកស្ទឹងហាវ ហើយឡើងទៅផ្លូវជាតិលេខ៤យកទៅលក់នៅផ្សារដីហុយរាជធានីភ្នំពេញ។
ចំណែកអាវុធខ្លីម៉ាក K៥៩ ឈ្មោះ វី ដា បានទិញពីជនមិនស្គាល់អត្តសញ្ញាណ នៅផ្លូវផ្សារដីហុយរាជធានីភ្នំពេញ តំលៃ ៥០០$ ពេលសមត្ថកិច្ចចាប់ខ្លួនយប់មិញ ភ័យពេកបានបោះចោលតាមផ្លូវ (កំពុងរុករក) ។
បចុ្ចុប្បន្នសង្ស័យទាំងនេះកំពុងចាត់ការតាមនីតិវិធិច្បាប់។
លោកស្នងការរង កុល ផាលី ក៏បានប្រាប់អំពីប្រវត្តិក្រុមនេះធ្លាប់ធ្វើសកម្មភាពប្លន់ចំនួន៤លើកនៅក្រុងព្រះសីហនុកន្លងមកថា៖ លើកទី១.នៅថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៦ ម៉ោង២២និង៥០នាទី នៅភូមិ១សង្កាត់៣ ក្រុងព្រះសីហនុ ពួកវាចំនួន២នាក់ បានភ្ជង់ប្លន់យកម៉ូតូម៉ាកហុងដា១២៥សេសេ សេរីឆ្នាំ២០១៥មួយគ្រឿង ពីនារីម្នាក់ឈ្មោះលីម មុំ ភេទស្រី អាយុ២២ឆ្នាំ ហើយពួកគេបានបាញ់អោយរបួសភ្លៅ ឈ្មោះ ពល សំមាន ភេទប្រុស អាយុ២២ឆ្នាំ (អ្នកជិតខាងមកជួយ )។ លើកទី២,នៅថ្ងៃទី ១៩.១០.២០១៦ ម៉ោង១៩និង៤០នាទី នៅភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ មានជនសង្ស័យចំនួន២នាក់ បានបាញ់គំរាម១គ្រាប់ ប្លន់យកម៉ូតូសេ១២៥ សេរីឆ្នាំ ២០១៦ (បានសម្រេច) ពីជនរងគ្រោះឈ្មោះ ស្រេង គឹមស៊ាង ភេទស្រីអាយុ២៧ឆ្នាំ ។ លើកទី៣. នៅថ្ងៃទី ៣១.១០.២០១៦ ម៉ោង៤និង៣០នាទីទៀបភ្លឺ នៅភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ ជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាព ភ្ជង់ប្លន់ម៉ូតូ តែមិនបានសម្រេច ដោយសារជនរងគ្រោះបើកម៉ូតូរត់គេច ជនរងគ្រោះឈ្មោះ វ៉ាន់ សុភី ភេទស្រី អាយុ២៩ឆ្នាំ ។ លើកទី៤.នៅថ្ងៃទី០១.១១.២០១៦ ម៉ោង០៤និង៤៥នាទីទៀបភ្លឺ នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពភ្ជង់ប្លន់យក ទូរស័ព្ទដៃម៉ាក I-phone 5s ១គ្រឿង ពីជនរងគ្រោះឈ្មោះសូ ស្រីដា ភេទស្រី អាយុ២០ឆ្នាំ៕(ប្រភព fb លោក ស្នងការខេត្តព្រះសីហនុ)