រដ្ឋមន្ត្រីVDEO ការពារជាតិអាមេរិក លោកChuch Hagel បានព្រមានទីក្រុងប៉េកាំងថា អាមេរិកនឹងប្រឆាំងសកម្មភាពបង្កអស្ថិរភាពនៅសមុទ្រចិនភាគខាងត្បូង ហើយនិងគាំទ្រជប៉ុនបន្ថែមទៀតនៅក្នុងការពង្រឹងឥទ្ធិពលនៅក្នុងតំបន់ អាស៊ី។ ថ្លែងនៅក្នុងវេទិកាគណៈប្រតិភូយោធាលំដាប់ថ្នាក់ខ្ពស់នៅសិង្ហបុរី រដ្ឋមន្ត្រីការពារជាតិអាមេរិកបានប្តេជ្ញាការពារសម្ពន្ធមិត្តរបស់ ខ្លួននៅអាស៊ី ។ លោក Chuch Hagel បានអំពាវនាវឲ្យដោះស្រាយបញ្ហាដោយសន្តិវិធីតាមផ្លូវអន្តរជាតិ ។
លោកបន្តថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ចិនបានបង្កអស្ថិរភាព នៅក្នុងសកម្មភាពទាមទារដែនអធិបតេយ្យភាពនៅសមុទ្រចិនខាងត្បូង ដោយសកម្មភាពផ្សេងៗដូចជា រារាំងមិនឲ្យហ្វីលិពីនចូលទៅកាន់កោះ Scarborough Shoal គំរាមកំហែងទីក្រុងម៉ានីលជុំវិញបញ្ហា Thomas Shoal និងការចូលទៅក្នុងដែនទឹកដែលមានជម្លោះជាមួយវៀតណាមជាដើម។ លោក Hagel បានថ្លែងថា ខណៈដែលអាមេរិកមិនកាន់ជើងខាងណានៅក្នុងជម្លោះខាងលើនេះក៏ដោយ ប៉ុន្តែអាមេរិកប្រឆាំងដាច់ខាតសកម្មភាពគំរាមកំហែង បំភិតបំភ័យ ឬការគំរាមកំហែងប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ។
អាមេរិកមិនអនុញ្ញាតឲ្យស្ថានការណ៍កើតឡើងខុសពីគោលការណ៍អន្តរជាតិដែល ចង់បានសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងពិភពលោកនោះឡើយ។ ថ្លែងតបចំពោះការអត្ថាធិប្បាយខាងលើរបស់អាមេរិក លោក Wang Guanzhong អគ្គមេបញ្ជាការរងកងទ័ពរំដោះប្រជាជនចិនបានហៅការថ្លែងរបស់លោក Hagel នោះ ថាពុំមានមូលដ្ឋានពិតប្រាកដ ហើយបានស្នើឲ្យអាមេរិកត្រូវតែបញ្ឈប់ការធ្វើអត្ថាធិប្បាយជាសាធារណៈ បែបនេះតទៅទៀត។
លោក Wang បានថ្លែងថា ការអត្ថាធិប្បាយរបស់អាមេរិកបែបនេះ ជាការគំរាមកំហែង និងបំភិតបំភ័យដល់ប្រទេសចិន យ៉ាងពិតប្រាកដ។ លោកបញ្ជាក់ថា គ្រប់ពេលទាំងអស់ រាល់ការថ្លែងជាសាធារណៈ គេតែងតែបញ្ចេញឈ្មោះរិះគន់ចំៗមកលើប្រទេសចិនដោយគ្មានមូលដ្ឋាន និងគ្មានហេតុផលទាល់តែសោះ ៕