ខេង ឧត្តម
សៀមរាប៖ អភិបាលខេត្តសៀមរាប លោកឃឹម ប៊ុនសុង បានផ្តល់បទសម្ភាសន៍ តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា ដោយក្រោមការបញ្ជាដោយផ្ទាល់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សមត្ថកិច្ចខេត្តសៀមរាប បានចាប់ខ្លួនជនសង្ស័យលួចកាប់ឈើគ្រញូងនៅឧទ្យានជាតិអង្គរពីរនាក់ត្រូវបានចាប់ខ្លួនហើយ។ លោកបន្តថា៖ជនសង្ស័យទាំងពីរនាក់នោះម្នាក់ជាអគ្គនាយករងអាជ្ញាធរជាតិអប្សរាទទួលបន្ទុកព្រៃឈើនិងម្នាក់ទៀតជាប្រធានការិយាល័យព្រៃឈើនៃអាជ្ញាធរជាតិអប្សរា។
ហេតុការណ៍ឃាត់ខ្លួននេះនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះដោយកំពុងសួរនាំពីសំណាក់នគរបាលព្រហ្មទ័ណ្ឌខេត្ត។
លោកវរសេនីយ៍ឯកភឹងចន្តារ៉េតស្នងការរងទទួលបន្ទុកការងារព្រហ្មទ័ណ្ឌនៃស្នងការដ្ឋានខេត្តបានឲ្យដឹងថា៖លោកទទួលបានបទបញ្ជារពីលោកអភិបាលខេត្តឲ្យតាមដាននិងឃាត់ជនសង្ស័យទាំងពីរនាក់នោះមានឈ្មោះ ឈរ ថាណាត អគ្គនាយករងអាជ្ញាធរជាតិអប្សារាទទួលព្រៃឈើ និងលោក ចេវ ផល ប្រធានការិយាល័យគ្រប់គ្រងព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា។
លោកបន្តថា៖បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់កម្លាំងសមត្ថកិច្ចកំពុងសួរនាំ។
គួរបញ្ជាក់ថា៖ឈើគ្រញូងមួយដើមយ៉ាងធំមានអាយុកាលជាង២០០ឆ្នាំនៅក្នុងឧទ្យានជាតិអង្គរត្រូវបានគេលួចកាត់កាលពីយប់ថ្ងៃទី០៤ខែវិច្ឆិកាឆ្នាំ២០១៦ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។
លោកបានបញ្ជាក់ថា នេះគឺជាបញ្ជាផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន ឲ្យជនល្មើសត្រូវចាប់ឲ្យបាន។ដោយសម្តេចបានដឹងយ៉ាងច្បាស់ជនទាំងនេះបានប្រព្រឹត្តិខុសនឹងច្បាប់ ហើយយោងតាមមតិមហាជនបានស្នើទៅសម្តេចផងដែរ៕