សៀមរាប៖ ដោយមើលឃើញពីភាពស្មុគស្មាញ ហើយប្រឈមនឹងគ្រោះថ្នាក់ពេលធ្វចរាចរណ៍បត់ឆ្វេង បត់ស្តាំនៅត្រង់ចំណុចផ្លូវប្រសព្វចំបក់កំណប់ មានទីតាំងនៅខាងត្បូងប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរានឹងធ្វើការកែសម្រួលផ្លូវប្រសព្វនេះពីកោះត្រីកោណទៅជារង្វង់មូល (Mini roundabout) វិញ ដោយផ្អែកតាមយោបល់របស់អ្នកជំនាញការជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃគណៈកម្មការអាយស៊ីស៊ី-អង្គរ។លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរាដែលទទួលបន្ទុកសាងសង់គម្រោងនេះបានប្រាប់ថា បន្ទាប់ពីបានទទួលការណែនាំពីអ្នកជំនាញអំពីការកែសម្រួលផ្លូវប្រសព្វចំបក់កំណប់ពីកោះត្រីកោណទៅជាពាក់កណ្តាលរង្វង់មូល នាយកដ្ឋានបានបញ្ជូនក្រុមអ្នកជំនាញឱ្យទៅធ្វើការសិក្សា វាស់វែង និងគូសប្លង់រួចរាល់ហើយ ព្រមទាំងត្រូវអនុវត្តការងារប្រកបដោយលក្ខណៈបច្ចេកទេស មិនប៉ះពាល់ដល់បុរាណដ្ឋានអ្វីឡើយ។
លោក គឹមឡេង បន្តទៀតថា ការអនុវត្តគម្រោងនេះ គឺតម្រូវឱ្យរុះរើកោះត្រីកោណចាស់ចេញនឹងក្រាលដោយកម្រាលមុខផ្លូវជាប្រភេទDBST និងសាងសង់រង្វង់មូលថ្មី ដែលមានអង្កត់ផ្ចឹត២ម៉ែត្រជំនួសវិញ។ ការងារនេះនឹងបញ្ចប់ត្រឹមរយៈពេល៧ថ្ងៃប៉ុណ្ណោះ ដោយចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានលើកឡើងថា គោលបំណងនៃការកែសម្រួលផ្លូវប្រសព្វចំបក់កំណប់ ដោយរុះរើពីរាងត្រីកោណទៅជាពាក់កណ្តាលរង្វង់មូល គឺដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់យានយន្តគ្រប់ប្រភេទ ហើយរឹតតែងាយស្រួលគឺនឹងមានបន្ថែមស្លាកសញ្ញាចរាចរណ៍ៗបានត្រឹមត្រូវទៀតផង។ ម្យ៉ាងទៀតការកែសម្រួលផ្លូវនេះ នឹងជួយបញ្ជៀសគ្រោះថ្នាក់ ពង្រឹងសុវត្ថិភាពចរាចរណ៍បានយ៉ាងល្អផងដែរ។
ឯកឧត្តមបន្តទៀតថា កន្លងមកផ្លូវនេះច្រើនតែជួបបញ្ហាក្នុងការបត់ឆ្វេង បត់ស្តាំ ដូចជាពេលរថយន្តធ្វើដំណើរបត់ឆ្វេងមកពីផ្លូវហ្សាលឌឺកូល ប្រឈមនឹងឡានបត់ឆ្វេងមកពីអង្គរតូចដែរ ហើយពេលខ្លះក៏អាចជ្រុលទៅបុកនឹងយានយន្តដែលបត់ពីផ្លូវខាងកើតអង្គរក៏មាន។
បន្ថែមពីនោះ ក្នុងរយៈពេលនៃការកែសម្រួលផ្លូវប្រសព្វនេះ ឯកឧត្តមក៏សំណូមពរដល់ភ្ញៀវជាតិ-អន្តរជាតិ និងអ្នកធ្វើដំណើរទាំងឡាយមានការអធ្យាស្រ័យ ពិសេសបើកបរដោយប្រុងប្រយ័ត្ន។ គួរបញ្ជាក់ដែរថា ការកែសម្រួលផ្លូវប្រសព្វចំបក់កំណប់ពីរាងត្រីកោណទៅជារង្វង់មូល គឺជាគម្រោងមួយនៅក្នុងគម្រោងអភិវឌ្ឍន៍ទេសចរណ៍នៅក្នុងតំបន់អង្គរ ដើម្បីទាក់ទាញទេចរណ៍ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន។ ម្យ៉ាងវិញទៀតនោះ ដើមចំបក់នឹងត្រូវដាំឡើងវិញនៅទីនោះផង ដែរ ដើម្បីរំឭកដល់ប្រវត្តិសាស្ត្រនៃចំណុចទីតាំងចំបក់កំណប់៕