ខេង ឧត្តម
សៀមរាប៖ ជនសង្ស័យចំនួន៥រូប ដែលពាក់ព័ន្ធនឹងការកាប់ បំផ្លាញដើមគ្រញូង ក្នុងឧទ្យានអង្គរ ត្រូវបានបញ្ជូនមកដល់ សាលាដំបូងខេត្តសៀមរាប នៅព្រឹកថ្ងៃទី១០ វិច្ឆិកានេះឆ្នាំ២០១៦នេះ។ បច្ចុប្បន្ន តុលាការ កំពុងដំណើរការនីតិវិធី សាកសួរចម្លើយ ដល់ជនសង្ស័យ ទាំង៥នាក់នោះ។ជនសង្ស័យទី១ ឈ្មោះ ឈរ ថាណាត មានតួនាទីជា អគ្គនាយករង អាជ្ញាធរជាតិអប្សរា ទទួលបន្ទុកផ្នែកព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា ជនសង្ស័យទី២ ឈ្មោះ ចេវ ផល ជាប្រធានការិយាល័យ ព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា និងជនសង្ស័យចំនួន៣នាក់ទៀត ដែលពាក់ព័ន្ធនឹងការកាប់ ដើមគ្រញូង ត្រូវបានបញ្ជូនមកដល់តុលាការ ដើម្បីសាកសួរចម្លើយ។ ជនសង្ស័យទាំងនោះ ត្រូវបានចោទពីបទការកាប់ឈើកម្រយោង លើមាត្រា៩៧ នៃច្បាប់ព្រៃឈើ។
គួររម្លឹកថា ដើមគ្រញូង មួយដើមដែលមានអាយុជាង២០០ឆ្នាំ មានមុខកាត់ ៨៥សង់ទីម៉ែត្រ បណ្តោយ១៥ម៉ែត្រ ត្រូវបានជនល្មើស លួចកាប់កាលពីថ្ងៃទី៦ វិច្ឆិកាកន្លងទៅ។ ដើមគ្រញូងនោះជាទីសក្ការបូជារបស់អ្នកភូមិ នគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។ បច្ចុប្បន្នអាជ្ញាធរខេត្ត បានសម្រេចដឹកដើមគ្រញូងនោះ ទៅប្រគល់ជូន ប្រជាពលរដ្ឋវិញ ដោយរក្សាទុក ក្នុងបរិវេណវត្តថ្មីដំរីសែនជ័យ ដោយអ្នកភូមិ ចង់ច្នៃធ្វើជាព្រះពុទ្ធរូប ដើម្បីឲ្យប្រជាពលរដ្ឋ ជិតឆ្ងាយគោរពបូជា តទៅមុខទៀត ៕