សៀមរាប៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារជួបពិភាក្សាការងារជាមួយឯកឧត្តម Xiong Bo អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងលោកស្រីបណ្ឌិត Han Jing លេខាទី២ស្ថានទូតចិនទទួលបន្ទុកកិច្ចការវប្បធម៌ អប់រំ និងទេសចរណ៍។
ជំនួបនេះធ្វើឡើងនៅស្ថានទូតចិនប្រចាំកម្ពុជានៅរាជធានីភ្នំពេញ។ ក្នុងកិច្ចពិភាក្សាឯកឧត្តមអគ្គនាយកបានជម្រាបជូនឯកអគ្គរដ្ឋទូតចិន អំពីបេសកកម្មរបស់អាជ្ញាធរជាតិអប្សរា និងកិច្ចការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក។ ក្នុងនោះឯកឧត្តមបានរំលេចអំពីការងារសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា ដូចជា ការងារអភិរក្សជួសជុលប្រាង្គប្រាសាទ ការអភិវឌ្ឍទេសចរណ៍ និងការអភិវឌ្ឍសហគមន៍ក្នុងឧទ្យានអង្គរ។ កិច្ចការទាំងអស់នេះ ជាសកម្មភាពស្នូលដែលអាជ្ញាធរជាតិអប្សរាទទួលបានជោគជ័យជាបន្តបន្ទាប់ ហើយទទួលបានការកោតសរសើរ និងមានបណ្តាប្រទេសមួយចំនួនសុំរៀនសូត្រដកស្រង់បទពិសោធន៍ លើកិច្ចការទាំងនេះទៀតផង។
ចំពោះកិច្ចការអភិរក្សជួសជុលប្រាង្គប្រាសាទនេះដែរ ក្នុងរយៈកាលកន្លងមក ក៏ដូចជាបច្ចុប្បន្ន ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់លើកិច្ចការនេះ ដោយជួសជុលរួចរាល់ជាស្ថាពរនូវប្រាសាទចៅសាយទេវតា ហើយបច្ចុប្បន្ននេះ កំពុងជួសជុលប្រាសាទតាកែវជាបន្តទៀត។ ជាមួយគ្នានេះ ប្រទេសចិនក៏បានចូលរួមចំណែកលើការអភិវឌ្ឍសហគមន៍ ដោយចូលរួមអភិវឌ្ឍលើវិស័យកសិកម្មនៅភូមិធម្មជាតិរុនតាឯកតាមរយៈមជ្ឈមណ្ឌលលើកកម្ពស់កសិកម្មចិន-កម្ពុជា ហៅកាត់ថា CAPROC (China-Cambodia Agriculture Promotion Center)។
ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា ក៏បានអញ្ជើញឯកឧត្តមអគ្គរដ្ឋទូតចិន និងគណៈប្រតិភូធ្វើទស្សនកិច្ចនៅរមណីយដ្ឋានអង្គរ និងប្រាសាទបេងមាលា ជាប្រាសាទដែលមានសំណង់ស្ថាបត្យកម្មល្អឯក ហើយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរចិន។ ក្នុងនោះ ឯកឧត្តមអគ្គនាយកក៏បានសំណូមពរចំពោះអគ្គរដ្ឋទូតចិននូវការងារសហប្រតិបត្តិការមួយចំនួនដូចជា ជួយលើការងារអភិរក្សនិងលើកតម្លៃប្រាសាទបេងមាលា ដើម្បីធ្វើគំរូនៃកិច្ចសហការកម្ពុជា-ចិន លើកិច្ចការអភិរក្សបេតិកភណ្ឌ ការងារបណ្តុះបណ្តាលធនធានមនុស្ស ដោយផ្តោតលើការបណ្តុះបណ្តាលភាសាចិន ដល់មន្ត្រីបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា ដែលកំពុងធ្វើការជាមួយការដ្ឋានដែលដំណើរការដោយប្រទេសចិន។
ជាកិច្ចឆ្លើយតប ឯកឧត្តមអគ្គរដ្ឋទូតចិន បានស្វាគមន៍ចំពោះគណៈប្រតិភូអាជ្ញាធរជាតិអប្សរា និងជម្រាបជូនអំពីដំណើរដែលក្រុមការងាររបស់លោកបានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា។ ឯកឧត្តមក៏រំឭកអំពីលទ្ធផលជាវិជ្ជមាននៃដំណើរទស្សនកិច្ច របស់ប្រធានាធិបតីចិនមកកាន់កម្ពុជានាពេលថ្មីនេះ ដែលមានគម្រោងជាច្រើនដែលត្រូវបានចុះហត្ថលេខា ហើយក្នុងនោះ មានគម្រោងមួយចំនួនពាក់ព័ន្ធនឹងកិច្ចការអភិរក្សបេតិកភណ្ឌនិងវប្បធម៌។ ដូច្នេះ ឯកឧត្តមអគ្គរដ្ឋទូតចិនសន្យានឹងជំរុញគម្រោងដែលពាក់ព័ន្ធទាំងនេះ ឲ្យដំណើរការប្រកបដោយភាពរលូន ដើម្បីធ្វើឲ្យកិច្ចទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរឹងមាំប្រសើរឡើងថែមទៀត៕