ខេង ឧត្តម
សៀមរាប៖ពលរដ្ឋជាច្រើនព្រួយបារម្ភខ្លាចបាត់គល់គ្រញ៉ូង ដែលមានអាយុជាង២០០ឆ្នាំបន្ទាប់ពីដើមរបស់វាត្រូវបានមន្ត្រីអាជ្ញាធរជាតិអប្បរាកាត់រំលំទៅហើយ។គ្រញូង មួយដើមដែលមានមុខកាត់ ៩តឹកនិង បណ្តោយ១៥ម៉ែត្រ ត្រូវបានគេកាប់រំលំ កាលពីថ្ងៃទី៥ វិច្ឆិកាកន្លងទៅ។ ពលរដ្ឋម្នាក់មានប្រសាសន៍ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ថាដើមគ្រញ៉ូងនោះ ជាទីសក្ការបូជារបស់អ្នកភូមិ នគរក្រៅ។លោកចង់ឲ្យអាជ្ញាធរជួយសង់ស្តូប និងបង្កើនការយាមល្បាតឲ្យបានតឹងរ៉ឹង ដើម្បីកិច្ចការពារគល់របស់វា ដែលនៅជាប់នឹងដីនៅឡើយ។បុរសដដែលព្រួយបារម្ភថាប្រសិនបើជនខិលខូចមកលួចគាត់យកគល់គ្រញូងនោះ គឺអាចនឹងបណ្ដាលឲ្យប៉ះពាល់ដល់ថ្មប្រាសាទបុរាណ មួយចំនួនដែលនៅក្បែរនោះថែមទៀត។
ក្រោយពេលមានហេតុការណ៍កាប់រំលំដើមគ្រញូងមក អ្នកភូមិនគរក្រៅនិងពលរដ្ឋជាច្រើនទៀតតែងនាំគ្នាទៅមើលគល់គ្រូញ៉ូងនេះ ជាហូរហែជារៀងរាល់ថ្ងៃ។
និស្សិតផ្នែកទេសចរណ៍ នៃសកលវិទ្យាល័យ ប៊ីលប្រាយថ៍១ក្រុមដែលទៅមើលគល់គ្រញ៉ូង បានសម្តែងការសោកស្តាយយ៉ាងខ្លាំង។ ពួកគេយល់ថាគ្រញូងគឺជាប្រភេទឈើដ៍កម្រនិងជិតផុតពូជពីប្រទេសកម្ពុជាទៅហើយ។ និស្សិតដដែលសម្តែងការព្រួយបារម្ភដូចជាអ្នកភូមិដែរ គឺខ្លាចមានជនខឹលខូចលួចគាស់យកគល់គ្រញ៉ូង ដែលនៅសល់បណ្តាលឲ្យប៉ះពាល់ដល់ថ្មប្រាសាទបុរាណ៕