ខេត្តព្រះវិហារ៖ស្រូវស្រែទុំក្រហមឆ្អិនឆ្អៅមានពណ៌ដូចមាស ដែលបានដុះនៅលើផ្ទៃដីរាប់សិបហិចតា របស់ប្រជាកសិករនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ហើយផលស្រូវដែលបានមកពីការខិតខំរបស់កសិករទាំងនោះ បានដេកដួលរាបស្មើដល់ដី ធ្វើឲ្យងាយរងការខូចខាតទាំងស្រុង ប្រសិនបើប្រជាកសិករខ្វះកម្លាំងពលកម្មក្នុងការប្រមូលយក ។ប៉ុន្តែ បន្ទុកដ៏ធ្ងន់នេះត្រូវបានអាជ្ញាធរស្រុកឆែប បានប្រញាប់ចាត់វិធានការ ក្នុងការចុះជួយប្រមូលផលស្រូវនេះ ឲ្យបានទាន់ពេលវេលា និងដើម្បីជួយដោះទុក្ខធុរៈដល់ប្រជាពលរដ្ឋ ពិសេស ជួយដល់គ្រួសារស្ត្រីមានប្តីជាជនពិការ និងមានកូនតូចៗនៅក្នុងបន្ទុករហូតដល់ទៅ៩នាក់។
នៅថ្ងៃអាទិត្យទី១៣វិច្ឆិកាម្សិលមិញ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឆែប លោកសុខ សានណារ៉ា បានចាត់វិធានការជាបន្ទាន់មួយ ដោយបានដឹកនាំកម្លាំងមន្ត្រីរាជការ កងកម្លាំងទាំង៣ និងកម្លាំងយុវជនកម្ពុជា ចុះជួយច្រូតកាត់ស្រូវស្រែរបស់កសិករ ក្រោយទទួលបានដំណឹងថា មានពលរដ្ឋមួយគ្រួសារមានប្តីជាជនពិការ ហើយគាត់កំពុងជួបការលំ បាកខ្វះកម្លាំងជួយច្រូតកាត់ ដើម្បីប្រមូលផលស្រូវដែលកំពុងដេកដួលដល់ដី នៅក្នុងភូមិក្តុល ឃុំម្លូរព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ។
កសិករម្ចាស់ស្រែ លោកស្រីដន សាវ៉ាត ស្ថិតក្នុងវ័យ៥៣ឆ្នាំ លោកស្រីបានសម្តែងក្តីរំភើបរកអ្វីមកប្រៀបផ្ទឹមគ្មាននោះទេ ព្រោះត្បិតលោកស្រីត្រូវបានយកចិត្តទុកដាក់ពីអាជ្ញាធរ ដែលបានដឹកនាំក្រុមមន្ត្រីក្រោមឧិវាទ ចុះជួយប្រមូលផលស្រូវរបស់គាត់ ដែលកំពុងប្រឈមនឹងការខូចខាតដោយសារទឹកភ្លៀង។ លោកស្រីដន សាវ៉ាតបន្តថា លោកស្រីមានប្តីជាជនពិការ ហើយមានកូនតូចៗរស់នៅក្នុងបន្ទុករហូតដល់ទៅ៩នាក់ នោះថែមទៀត ដូច្នេះ នៅក្នុងគ្រួសាររបស់លោកស្រី គ្មានអ្នកមានជំហរក្នុងការជួយដោះទុក្ខធុរៈនោះទេ គឺមានតែអាជ្ញាធរប្រចាំមូលដ្ឋានប៉ុណ្ណោះ ជាអ្នកជួយដល់គាត់ ពេលពួកគាត់កំពុងជួបការលំបាក។ លោកស្រី និងក្រុមគ្រួសារ បានសម្តែងការអរគុណ និងដឹងគុណ ទៅដល់អាជ្ញាធរស្រុក ខេត្ត ដែលបានគិតគូពីភាពសុខទុក្ខដល់គាត់ ក៏ដូចជាប្រជាពលរដ្ឋឯទៀតនោះដែរ។
តំណាងក្រុមយុវជនកម្ពុជា អ្នកនាងយូរ សុម៉ាលី និងលោកណាត់ វីណា អ្នកតំណាងទាំងពីរបានបង្ហាញពីសុតិស្ថិនិយមរបស់ក្រុមខ្លួនថា ពួកគេមានការសប្បាយចិត្តយ៉ាងខ្លាំង គ្រាដែលពួកគេបានមានឧិកាសក្នុងការចុះជួយដល់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកខ្វះកម្លាំងពលកម្ម នៅក្នុងការប្រមូលផលស្រូវដែលកំពុងតែទុំ ហើយបាននិងកំពុងប្រឈមនឹងការខូចខាត ប្រសិនបើច្រូតកាត់មិនបានទាន់ពេលវេលានោះទេ។ ក្រុមយុវជនបានអះអាងថា ឲ្យតែពលរដ្ឋណាមានការលំបាក ក្រុមយុវជនកម្ពុជា នឹងចូលរួមជាមួយអាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ នៅគ្រប់សកម្មភាពមនុស្សធម៌ ដោយមិនមានការរើសអើង ឬប្រ កាន់និន្នាការអ្វីទាំងអស់។
ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឆែប លោកសុខ សានណារ៉ា លោកបានថ្លែងឲ្យដឹងថា ក្នុងនាមលោកជាថ្នាក់ដឹកនាំស្រុក និងដោយមានការចង្អុលបង្ហាញជាប្រចាំ របស់នាយឧត្តមសេនីយ៍មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ មានការចង្អុលបង្ហាញពីឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត ឯកឧត្តមសួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ លោកតែងតែដាស់តឿនដល់មន្ត្រីក្រោមឧិវាទ ឲ្យចេះជួយគ្នាក្នុងគ្រាលំបាក មើលអំពីភាពសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេស ក្នុងនាមយើងជាមន្ត្រីតែងតែគោរពនូវអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោសែន សម្តេចតែងតែរំលឹកដល់មន្ត្រីរាជការទាំងអស់ ពិសេស មន្ត្រីថ្នាក់ក្រោមជាតិនៅមូលដ្ឋាន កុំឲ្យយើងក្នុងនាមជាមន្ត្រីគឺជាមន្ត្រីជើង១០ សូមឲ្យក្លាយជាមន្ត្រីជើង២ ត្រូវចេះមើលពីភាពសុខទុក្ខរបស់ប្រជាពលរដ្ឋ (សូមស្តាប់ការលើកឡើងរបស់លោកអភិបាលស្រុក)។ លោកថា ផ្ទៃដីបង្កបង្កើនផលនៅក្នុងស្រុកឆែបនេះ មានទំហំ៧ពាន់៧៧៤ហិចតា ហើយប្រជាកសិករបានធ្វើលើសផែនការដែលបានកំណត់ នៅក្នុងនោះដែរ ដីចំការនៅស្រុកឆែប មានរហូតដល់ទៅ៥៥៩ហុចតា ប្រមូលផលបាន១០០ភាគរយ ឯស្រូវទើបប្រមូលបានចំនួន៤៧ភាគរយប៉ុណ្ណោះ។
លោកអភិបាលស្រុកបានបញ្ជាក់ថា ក្រៅការចុះជួយប្រមូលផលស្រូវ របស់ប្រជាកសិករ អាជ្ញាធរស្រុកនៅបានចុះជួយសង់ផ្ទះ ជីកអណ្តូងទឹក ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ស្ថិតក្នុងវ័យជរា នៅតាមទីដាច់ស្រយាល បានជាច្រើនទៀតផងដែរ ៕
មាន វណ្ណតារា