ខេត្តព្រះសីហនុ៖ទីបំផុតជនសង្ស័យ ឈ្មោះ គៀង ហេង ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារជាបណ្តោះអាសន្នហើយនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ២០១៦នេះ។
លោក គៀង ហេង ដែលត្រូវបានគេស្គាល់ថាជាប្អូនថ្លៃរបស់មហាសេដ្ឋីល្បីឈ្មោះម្នាក់ត្រូវបាននគរបាលខេត្តព្រះសីហនុសម្រេចកសាងសំណុំរឿងបញ្ជូនអោយតុលាការចាត់ការបន្តតាមផ្លូវច្បាប់បន្ទាប់ពីលោកត្រូវបានសារពត៌មានមួយចំនួននិងបណ្តាញ ហ្វេសបុក បាននាំគ្នាចុះផ្សាយថា លោក គៀង ហេង នេះបានបង្ករហឹង្សាលើកញ្ញារូបស្រស់ ឈ្មោះ ពេជ្រ អារីហ្សា ដោយបានបណ្តាលអោយរងរបួសបែកមុខមាត់យ៉ាងធ្ងន់ធ្ងរនាពេលកន្លងទៅថ្មីៗនេះនៅក្លឹមកំសាន្តមួយនាខេត្តព្រះសីហនុ។
ករណីមួយនេះបានល្បីសុះសាយពេញផ្ទៃប្រទេសរហូតដល់មិនអាចបញ្ចប់ត្រឹមការសម្របសំរួលគ្នាឡើយបើទោះបីជាភាគីលោក គៀង ហេង បានបញ្ជាក់លើបណ្តាញ ហ្វេសបុកថា ទំនាស់របស់លោក ជាមួយ កញ្ញា ពេជ្រ អារីហ្សា ត្រូវបានសម្រុះសម្រួលគ្នាហើយយ៉ាងណាក្តី។
ជាក់ស្តែងនៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា២០១៦នេះ លោក ឧត្តមសេនីយ៏ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានហៅ ភាគីទំនាស់ទាំងពីនាក់មកសួរនាំនៅស្នងការដ្ឋានខេត្ត។
ទីបំផុត លោក ស្នងការក៏បានសម្រេចកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។
ជាការកត់សំគាល់ ជនសង្ស័យ ឈ្មោះ គៀង ហេង នេះសមត្ថកិច្ចមិនបានដាក់ខ្នោះដូចជនសង្ស័យដទៃទេនៅពេលបញ្ជូនទៅតុលាការ។នៅពេលទៅដល់សាលាដំបូង ជនសង្ស័យ គៀង ហេង នេះ បានដើរមានឱកាសឈរជជែកគ្នាលេងជាមួយបុគ្គលដទៃយ៉ាងរំភើយទាំងមិនមានដៃជាប់ខ្នោះអ្វីឡើយ។
គួរបញ្ជាក់ផងដែរថាពាក់ពន្ធ័ទៅនឹងករណីហឹង្សាខាងលើនេះ លោកវរសេនីយ៍ទោ ស៊ុត សំអុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានឲ្យដឹងថា៖ ជនបង្ករអំពើហិង្សានេះ ត្រូវបានរកឃើញកាលពីព្រឹកមិញ ដោយសម្ងំលាក់ខ្លួននៅផ្ទះយាយ នៅសង្កាត់៤ ក្រុងព្រះសីហនុ។
ដោយមានបញ្ជាពី លោក ឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្ត សមត្ថកិច្ចបាននាំខ្លួន មកសាកសួរទាំង២នាក់ គឺជន បង្កឈ្មោះ គៀង ហេង និងជនរងគ្រោះគឺកញ្ញា ពេជ្រ អារីហ្សា(ឈ្មោះពិតក្នុងអត្តសញ្ញាណប័ណ្ណឈ្មោះសុខ ម៉ី)។
ក្រោយការសាកសួរចប់លោកឧត្ដមសេនីយ៍ស្នងការ បានបញ្ជាឲ្យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមច្បាប់។ លោកអនុសេនីយ៍ឯកសុខន ស៊ីមន នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឲ្យដឹងថា៖ អំពើហិង្សានេះកើតឡើងតាំងពីថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៦មកម្ល៉េះ ដោយពួកគេមកលេងក្រុងព្រះសីហនុ ក្នុងពេលបុណ្យអុំទូក។
លោក សុខន ស៊ីមន បន្តថា៖ មុនដំបូងមានកម្មវិធីផឹកស៊ីនៅហាងមួយនៅមាត់សមុទ្រពយកំពេញ បន្ទាប់មកចូលក្លឹបកម្សាន្តអិលវី ទើបមានជម្លោះជាមួយគ្នានៅទីនោះ រហូតដល់ប្រើអំពើហិង្សា។
ឈ្មោះគៀង ហេង ដែលជាជនបង្ករហេតុ និង ត្រូវជាសង្សារជនរងគ្រោះ បានអូសនាងមកផ្ទះយាយគាត់វិញ(យាយរបស់គៀង ហេង) ។
លោក ស៊ីមន បញ្ជាក់ថា ពេលមកតាមផ្លូវមានការវាយតប់គ្នាថែមទៀត លុះពេលមកដល់ផ្ទះ បានវាយគ្នានៅនឹងមុខឪពុកនាងទៀតផង ពីព្រោះឪពុកនាងបានមកលេងក្រុងព្រះសីហនុដែរ ហើយស្នាក់នៅផ្ទះជាមួយគ្នា។
លោក ស៊ីមន បន្ថែមថា៖ ជំលោះនេះបានកើតឡើងដោយសារតែការស្រវឹងស្រា៕