ខេត្តព្រះសីហនុ៖ក្រុមអាជីវករជាង៥០នាក់ដែលប្រកបអាជីវកម្មសេវាកម្ម ផ្ទះសំណាក់ សណ្ឋាគារ និងកាស៊ីណូ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញមកជួបសំណេះសំណាល ជាមួយអភិបាលខេត្តព្រះសីហនុ យន្ត មីន កាលពីរសៀលថ្ងៃទី១៧ វិច្ឆិកា ២០១៦ នៅសាលាខេត្តព្រះសីហនុ។
គោលបំណងសំខាន់នៃការជួបសំណេះសំណាលនេះគឺដើម្បីស្នើអោយម្ចាស់អាជីវកម្មទាំងនោះចូលរួមរៀបចំសេវាកម្មសំរាប់រដូវបុណ្យសមុទ្រអោយបានល្អដោយកុំដំឡើងថ្លៃហួសហេតុពេក(ត្រូវកំណត់តំលៃអោយបានច្បាស់លាស់និងសមរម្យ)និងត្រូវថែរក្សាបរិស្ថានអានាម័យអោយបានល្អដើម្បីកុំអោយភ្ញៀវខកចិត្ត គេខ្លាចរាងចាលថ្ងៃក្រោយគេឈប់មកលេងទៀតនាំអោយបាត់បង់ប្រយោជន៏និងខូចមុខមាត់ខេត្តយើង។
គួរបញ្ជាក់ថា កន្លងមកខេត្តព្រះសីហនុ នៅពេលមានបុណ្យធំៗម្តងៗសេវាកម្មទាំងឡាយហាក់ដូចជាឡើងថ្លៃបើទោះណារដ្ឋបាលខេត្តបានណែនាំជារឿយៗយ៉ាងណាក្តី។បញ្ហានេះបានធ្វើភ្ញៀវមានការមិនសប្បាយចិត្តពិសេសអ្នកមានជីវភាពទាប។ដូច្នេះបន្ទាប់ពីពេលនេះទៅសង្ឃឹមថាម្ចាស់សេវាកម្មទាំងអស់នឹងចូលរួមថែភ្ញៀវបានល្អធ្វើអោយភ្ញៀវចង់មកលេងទៀតនិងដើម្បីធានានិរន្តរភាពអាជីវកម្មសំរាប់ជាប្រយោជន៏យូរអង្វែង៕