ដេប៉ូ​លក់​ឈើ នៅក្នុង​ខេត្ត​កំពង់ឆ្នាំង ដាក់​ម៉ាស៊ីន​អារ និង​ជ្រៀក​ឈើមូល​ដោយ​រលូន សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើ​មើលមិនឃើញ​

​ម៉ាស៊ីន​អត់​ច្បាប់​២​កន្លែង ជ្រោក​ក្រោម​រូបភាព​ជា​ដេប៉ូ​លក់​ឈើ កំពុងតែ​ធ្វើ​សកម្មភាព​អារ​ជ្រៀក​ឈើ​ចុង​១​តឹក​កន្លះ យ៉ាង​គគ្រឹក​គ្រេង ស្ថិត​ចំណុច​គល់ស្ពាន​ពោធិ ក្នុង​ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ។ 


​    ​ប្រភព​ពត៌មាន បានអោយដឹងថា ទីតាំង​ខាងលើ ជា​ដេប៉ូ​លក់​ឈើ ហើយ​ម្ចាស់​ដេប៉ូ បាន បំពាក់​នូវ​គ្រឿង​ម៉ាស៊ីន សម្រាប់​អារ​ជ្រៀក​ឈើ នៅ​ខាងក្រោយ​ដេប៉ូ​របស់ខ្លួន ។ ការ​អារ​ជ្រៀក​ឈើ​ខាងលើ​ជា​ប្រភេទ​ឈើ​មិនទាន់​គ្រប់​អាយុ ដែល​មាន​ទំហំ​ចាប់ពី​ចុង​១​តឹក ដល់​១​តឹក​កន្លះ ដែល​ឈ្មួញ​ខាងលើ អារ​ជា​ប្រភេទ​ឈើ​គ្រឿង  ។ ឈើមូល​ទាំងអស់ ដែល​ដឹក​ចូល​អារ​ជ្រៀក​ក្នុង​រោង​ម៉ាស៊ីន ទាំង​ពីរ​កន្លែង​ខាងលើនេះ សុទ្ធសឹង​ជា​ឈើ​ដែល​ឈ្មួញ​បាន​ទិញ និង​ដឹក​ពី​ភូមិសាស្ត្រ​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិសាត់ ។ 
​    ​ពាក់ព័ន្ធ​ពត៌មាន​ខាងលើនេះ លោក ឯម វិចិត្រ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ កំពង់ត្រឡាច បានអោយដឹងថា ដេប៉ូ​ឈើ​ខាងលើ ជា​ដេប៉ូ​មានច្បាប់ ប៉ុន្តែ​ការដាក់​ម៉ាស៊ីន​អារ​ជ្រៀក​នោះ គឺ​គ្មាន​ច្បាប់​អនុញ្ញាត​ទេ លោក​និង​បញ្ជា​អោយ​កូនចៅ ចុះ​ទៅ​ត្រួតពិនិត្យ​មើល​ជាក់ស្តែង ។​
​    ​មជ្ឈដ្ឋាន​ទូទៅ បាន​រិះគន់​ថា​ការ អារ​ជ្រៀក​ឈើ មិន​អាច​ធ្វើឡើង​ដោយ​ស្ងាត់ៗ គ្មាន​សំលេង និង​គ្មាន​ភ្នែក​មជ្ឈដ្ឋាន​ទូទៅ បានឃើញ និង​ដឹងលឺ​នោះទេ ការ​អារ​បាន​ដោយ​រលូន​បែបនេះ ប្រហែល​ជា​នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ កំពង់ត្រឡាច និង​សមត្ថកិច្ច​ពាក់ព័ន្ធ អាច​ត្រូវរ៉ូវ​ជាមួយ​ឈ្មួញ​ក៍​មិនដឹង ៕ 

1 (1) 2 (1) 3 (1)