ខេត្តកំពង់ធំៈ បញ្ហាកុងត្រូលជជុះនៅក្នុងស្រុកសណ្តាន់ បានកក្រើកសារជាថ្មី បានធ្វើឲ្យប្រជាពលរដ្ឋមានការក្តៅក្រហាយ យ៉ាងខ្លាំងចំពោះអាជ្ញាធរស្រុកសណ្តាន់ ដែលពុំមានវិធានការ បង្រ្កាបកុងត្រូលជជុះ បែរជាទុកឲ្យរីកដុះដាល ដូចផ្សិតនៅតាមដងផ្លូវ ដើរកាក់រថយន្ត កាឡេថង របស់ប្រជាពលរដ្ឋ និងក្រុមហ៊ុនជំរិតទាលុយ ដោយមិនមានការខ្លាចញញើតច្បាប់ ធ្វើឲ្យមានការរិះគន់យ៉ាងចាស់ដៃ ទៅលើលោក អ៊ួង ម៉ាលី អធិការស្រុកសណ្តាន់ អសមត្ថភាពក្នុង ការទប់ស្កាត់ និងលុបបំបាត់ចោលកុងត្រូលជជុះ ស្របតាមគោលនយោបាយភូមិឃុំមានសុវត្តិភាព។
ប្រភពព័ត៌មានច្បាស់ការ ពីប្រជាពលរដ្ឋបានឲ្យដឹងថា ជារៀងរាល់ថ្ងៃមានមនុស្សជាច្រើន ដែលមានការអួតអាងថាខ្លួនជា ស្ថាប័ននេះ ស្ថាប័ននោះ និងមានអ្នកខ្លះក្លែងបន្លំធ្វើជាអង្គការក្រៅរដ្ឋភិបាល បាននាំគ្នាកាក់កាឡេថង និងរថយន្តដឹកសិប្បកម្មស្របច្បាប់ ជំរិតទាលុយដាក់ដាក់ភាគហ៊ុនជាមួយ ចាប់ពី៤០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀលក្នុងមួយស្ថាប័ន ក្នុងមួយរថយន្ត ចំណែកប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រកព្រឹកខ្វះល្ងាច ត្រូវបានក្រុមលោតឆាត់ទាំងនេះ ជំរិតទាលុយចាប់ពី១៥ម៉ឺនទៅ២០ម៉ឺនរៀលក្នុងកាឡេថង ទង្វើទាំងនេះដែល អាជ្ញាធរបណ្តែតបណ្តោយ ឲ្យកើតឡើងនៅក្នុងស្រុកសណ្តាន់ ប្រៀបបានទៅនឹងកំពង់តែហែកសន្លឹក ឆ្នោតនិងជាការបាត់បង់ជំនឿលើថ្នាក់ដឹកនាំ។
លោកពូម្នាក់សុំមិនបញ្ជេញឈ្មោះ បានឲ្យដឹងថា បើសកម្មភាពដែលអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច នៅតែបណ្តែតបណ្តោយឲ្យមានសកម្មភាព ប្រដេញរថយន្ត ប្រដេញកាឡេថងដែលដឹកផលអនុផលព្រៃឈើ ទោះជា ថ្នាក់ដឹកនាំខំប្រឹងប្រែងជាងនេះ១០ដងទៀត ក៏មិនអាចធ្វើឲ្យប្រជាពលរដ្ឋមានភាពជឿជាក់ និងមានភាពកក់ ក្តៅបានដែរ ដោយសារតែចាប់ពី ចំនុច៩៩ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ឆ្ពោះមកដល់កំពង់ថ្ម មិនតិចពី៥០នាក់ នោះទេ ដែលតាំងខ្លួនជាអ្នកអភិរក្សលុយ ពីអ្នករកស៊ីផលអនុផលព្រៃឈើ ទោះជាក្រុមហ៊ុនបានច្បាប់អនុញ្ញាតិក៏ដោយ ក៏ក្រុមទាំងនេះនៅតែដេញកាក់តាមទំលាប់។
ទង្វើធ្វើឲ្យអសកម្ម ក្នុងការទប់ស្កាត់ និងលុបបំបាត់កុងត្រូលជជុះ នៅតាមដងផ្លូវនេះ ត្រូវបានមហាជនជាច្រើនសំណូមពរ ឲ្យឯកឧត្តម អភិបាលខេត្តកំពង់ធំ និងជាប្រជាធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ បញ្ជាកម្លាំងចុះត្រួតពិនិត្យ និងចាត់វិធានការដាច់ខាត ចំពោះចំពោះក្រុមឈ្លើងសង្គមដែលតែងតែជំរិតទាលុយនៅតាមដងផ្លូវ ដើម្បីជាទំនុកជឿងជាក់របស់ប្រជាពលរដ្ឋ ។
ដោយ ប៊ុន រដ្ឋា