ម្ចាស់​ហាង​ចោទ​ភ្ញៀវ​ថា​ផឹកស៊ី​មិនទាន់​ឱ្យ​លុយ តែ​ភ្ញៀវ​ថា​ឱ្យ​ទៅ​បុគ្កលិក​

​ភ្នំពេញ ៖ ករណី​យល់ច្រលំ​មួយ​បាន​បង្កអោយមាន​ការភ្ញាក់ផ្អើល រវាង​ម្ចាស់​ហាង​ជាមួយ​និង​ភ្ញៀវ​ដែល​ចូល​ទៅ​ផឹកស៊ី ព្រោះតែ​មាន​ការយល់ច្រលំ​រឿង​លុយ ដោយ​ខាង​ម្ចាស់​ហាង​ថា​ភ្ញៀវ​ផឹកស៊ី​មិនទាន់​ឱ្យ​លុយ​ប៉ុន្តែ​ភ្ញៀវ​ថា​បាន​ឱ្យ​លុយ​ទៅ​កូនចៅ​ម្ចាស់​ហាង​រួចហើយ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧​និង​១៥​នាទី​យប់​ថ្ងៃទី​៣​ខែ​មិថុនា​ឆ្នាំ​២០១៤ នៅក្នុង​ហាង​ដែល​មាន​យី​ហ្វេ​មេឌា នៅ​ជិត​កន្លែង​ដាក់​ស្លាក​លេខ​ចាស់ ស្ថិតនៅក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ចំនួន​៥​នាក់​បាន​ចូល​ទៅ​ផឹកស៊ី​នៅ​ហាង​ខាងលើ លុះ​ផឹកស៊ី​ស្រវឹង​រួចរាល់​បុរស​ម្នាក់​ក្នុងចំណោម​បុរស​៥​នាក់​មិន​ចង់​ឱ្យ​ពួកម៉ាក​ចេញ​លុយ​ក៏​ដើរ​សំដៅ​ទៅ​នារី​ម្នាក់​ហើយ​បាន​ដក​លុយ​ក្រដាស​៥០​ដុល្លារ​មួយ​សន្លឹក ដាក់ចូល​ទៅក្នុង​សៀវភៅ​គិតលុយ រួច​បាន​ដើរមក​តុ​វិញ​ដើម្បី​ចាំ​លុយ​អាប់​។ មួយសន្ទុះ​ក្រោយមក​មិនឃើញ​បុគ្គលិក​ក្នុង​ហាង​យក​លុយ​មក​អាប់​ឱ្យ​ខ្លួន​ក៏​ទៅ​សួរនាំ​។ ពេល​នោះ​ភាគី​ម្ចាស់​ហាង​បាន​និយាយ​ទៅកាន់​ភ្ញៀវ​ថា​មិនទាន់​គិត​លុយ​ឱ្យ​ហាង​ទេ ភ្លាមៗ​ភ្ញៀវ​តប​វិញ​ថា បាន​ឱ្យ​លុយ​ទៅ​បុគ្គលិក​ស្រី​រួចហើយ​ប៉ុន្តែ​បុគ្គលិក​ស្រី​នោះ​ថា​មិនទាន់​បាន​ទទួល​លុយ​ពី​ភ្ញៀវ​ទេ ទើប​បង្ក​ឱ្យមាន​ការឈ្លោះប្រកែក​គ្នា​តែ​ម្តង​។​
​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋានក៏​បាន​ចុះមក​សម្រួល ដល់​កន្លែង​កើត​ហេតុការណ៍​  ហើយ​ក្រុម​ភ្ញៀវ​ដែល​រង​ការចោទប្រកាន់​ថា​ផឹកស៊ី​មិនទាន់​ឱ្យ​លុយ​បាន​សំណូមពរ ដល់​សមត្ថកិច្ច​សុំឱ្យ​ហាង​ឆែក​កាមេរ៉ា​សុ​វត្តិភាព ប៉ុន្តែ​ម្ចាស់​ហាង​ថា​មិនបាច់​ឆែក​ទេ​ព្រោះ​កន្លែង​ឱ្យ​លុយ​នោះ​នៅ​ចំហៀង​មិនអាច​មើល​ឃើញ​ទេ​។​
​ចុង​ក្រោយ​សមត្ថកិច្ច​សុំ​នាំខ្លួន​ភ្ញៀវ​ទាំង​៥​នាក់​ទៅ​កាន់​ប៉ុស្តិ៍​ដើម្បី​សួរ​នាំ​តែ​ក្រុម​បុរស​ទាំង​៥​នាក់​ឆ្លើយថា​មិន​ទៅ​ទេ​ហើយ​ក៏​បន្ត​ចរចារ​គ្នា​នៅ​មុខ​ហាង​តែម្ដង​៕​

3 2 1