ខេង ឧត្តម
សៀមរាប៖ បណ្ដាញព្រះសង្ឃឯករាជ្យ សហការជាមួយ អាជ្ញាធរជាតិអប្សរាប និងប្រជាពលរដ្ឋបាន ដាំកូនឈើ គ្រញូងបន្ថែមទៀត ដើម្បីជាប្រយោជន៏ សម្រាប់មនុស្ស សត្វ និងបេតិកភណ្ឌជាដើម ការដាំកូនឈើ បានឡើង នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបរិវេនវត្ត
ថ្មីដំរីសែនជ័យ ស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
ព្រះភិក្ខុ ប៊ុត ប៊ុនតិញ ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យ ព្រះអង្គមានថេរៈដីកាថាគោលបំណងដែលព្រះអង្គដឹកនាំការដាំកូនគ្រញូងនៅក្នុងតំបន់ឧទ្យានអង្គរធំពេលនេះ ចង់ឃើញការចូលរួម របស់ប្រជាពលរដ្ឋ ពីគ្រប់មជ្ឈដ្ឋាន ព្រមទាំងចង់ផ្សះផ្សារទឹកចិត្តខឹងសម្បាររបស់ពលរដ្ឋ ចំពោះការកាប់រំលំគ្រញូង១ដើមធំអាយុជាង២០០ឆ្នាំ ហើយប្រែក្លាយទឹកចិត្តខឹងសម្បារដោយសារតែការបាត់បង់ធនធានធម្មជាតិនោះ ឱ្យទៅជាការការពារកូនគ្រញូងតូចៗដែលទើបនឹងដាំថ្មីនោះវិញ។ ព្រះភិក្ខុ ប៊ុត ប៊ុនតិញ មានព្រះថេរៈដីកាបន្តថា ឈើ មិនត្រឹមតែ ផ្តល់ផលប្រយោជន៍ យ៉ាងខ្លាំង ចំពោះមនុស្ស និង សត្វនោះទេ វាក៏ជាការធ្វើឱ្យសំបូរព្រៃធម្មជាតិ ដើម្បីលើកស្ទួយដល់សម្រស់ប្រាសាទបុរាណ ឱ្យកាន់តែមានការទាក់ទាញភ្នែកអ្នកទេសចរណ៍ថែមទៀត។
លោក ហង្ស ពៅ អគ្គនាយករងអាជ្ញាធរអប្សរាបានមានប្រសាសន៍ថា ព្រៃឈើមិនត្រឹមតែផ្តល់ផលប្រយោជន៍ខ្លាំងចំពោះមនុស្សនិងសត្វនោះទេតែក៏មានប្រយោជន៍ ចំពោះបេតិកភណ្ឌផងដែរ ព្រោះព្រៃឈើអាចធ្វើជារបាំងការពារខ្យល់បក់បោក ទប់ស្កាត់ការសឹករិល ការហូរច្រោះ និងស្រូបទឹកក្រោមដីដើម្បីផ្តល់សំណើមដល់ប្រាង្គប្រាសាទ ដូច្នេះការដំាកូនឈើនៅក្នុងឧទ្យានអង្គរនៅពេលនេះគឺមានសារៈសំខាន់ណាស់ ៕