ខេត្តព្រះសីហនុ៖ឯកឧត្ដម លូ គីមឈន់ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ដព្រះសីហនុបានមានប្រសាសន៍ថា កាកបាទក្រហមនៅតែត្រៀមខ្លួនជានិច្ចក្នុងកិច្ចការជួយបងប្អូនប្រជាពលរដ្ឋយើងដែលជួបការលំបាកនានា។
ឯកឧត្ដម ក៏បានរំលឹកដល់មន្ត្រីមូលដ្ឋានទាំងឡាយត្រូវដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋរបស់ខ្លួននៅក្នុងតំបន់ ដែលមានបញ្ហាប្រឈមនានានិងត្រូវដោះស្រាយជូនពួកគាត់ឲ្យទាន់ពេលវេលាទាំងការដោះស្រាយជារួមនិងដំណោះស្រាយដោយឡែកក្នុងស្ថានភាពបន្ទាន់។
ថ្លែងក្នុងពិធីចុះសួសុខទុក្ខនិងចែកអំណោយនេះដែរ ឯកឧត្ដម លូ គឹមឈន់ បានលើកឡើងថា៖
១,មន្ត្រីនិងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសន្តិភាពអោយបានគង់វង្សព្រោះមានសន្តិភាពទើបមានការអភិវឌ្ឍ។
២,ថែរក្សាសុខភាពអោយបានល្អនិងហូបចុកមានអនាម័យ។
៣,ចេះដាំដំណាំរួមផ្សំដើម្បីជួយបង្កើនជីវភាពគ្រួសារ។
៤,បើបងប្អូនជួនការលំបាកសូមមកទាក់ទងជាមួយលោកមេភូមិឬលោកមេឃុំដើម្បីអោយពួកគាត់រៀបចំចាត់ចែងមកកាកបាទក្រហមដើម្បីដោះស្រាយជូន។
៥,សូមទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នា។
សូមបញ្ជាក់ថានៅទូទាំងស្រុកព្រៃនប់រយៈពេលពីរថ្ងៃចាប់ពី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦រហូតដល់ថ្ងៃទី២៥វិច្ឆិកាឆ្នាំ២០១៦នេះក្រុមការងារកាកបាទក្រហមខេត្តព្រះសីហនុបានធ្វើសកម្មភាព ចុះសួរសុខទុក្ខ និងយកអំណោយកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន១៤ឃុំ ស្មើនឹងចំនួន ១៥៧៩គ្រួសារ ។
បន្ទាប់ពីចែកជូននៅស្រុកព្រៃនប់នេះហើយកាកបាទក្រហមខេត្តគ្រោងនឹងបន្តយកអំណោយទៅចែកជូនពលរដ្ឋក្រក្រីជាច្រើនគ្រួសារទៀតនៅតាម ស្រុកផ្សេងៗទៀននៅទូទាំងខេត្តព្រះសីហនុតែម្តង។
ឯកឧត្ដមបានបញ្ជាក់បន្ថែមថាប្រមុខរាជរដ្ឋាភិបាលតែងតែយកចិត្ដទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋជាពិសេសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធានកាកបាទក្រហមកម្ពុជាបានចាត់បញ្ជូនក្រុមការងារកាកបាទក្រហមកម្ពុជា និងអាជ្ញាធរខេត្ដ ចុះសួរសុខទុក្ខ ជួយដោះស្រាយនូវរាល់បញ្ហាប្រឈមនានា និងជួយសម្រាលទុក្ខលំបាកបងប្អូនប្រជាពលរដ្ឋកម្ពុជាយើងទូទាំងប្រទេស ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរឡើយ។
ហើយកាកបាទក្រហមកម្ពុជានៅតែបន្តជួយសំរួលដល់បងប្អូនប្រជាពលរដ្ឋទាំងឡាយទោះនៅគ្រប់ទីកន្លែងនៅពេលណាបងប្អូនជួបការលំបាកឬហានិភ័យនានា៕