សួន លីណា
ព្រះវិហារ:នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានប្រារព្ធពិធីអបរំចិត្តសាស្ត្រ ដល់នាយទាហាន នាយ ទាហានរង ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ
អ៊ុន ស៊ីផូ នាយករងទីចាត់ការឃោសារព័ត៍មាន អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ អមដំណើរដោយឯកឧត្តម ឧត្តមសេនីយ៍ទោ ហោ វណ្ណា មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុន ស៊ីផូ នាយករងទីចាត់ការឃោសារព័ត៍មាន អគ្គបញ្ជាការ នៃកង យោធពលខេមរភូមិន្ទ បានពន្យល់អំពីការវិវត្តន៍ នៃកំណែទម្រង់ របស់កងយោធពលខេមរភូមិន្ទ ចាប់ពីថ្ងៃជ័យជំនះ ៧មករា១៩៧៩មក កងទ័ពប្រជាជនកម្ពុជា មានភារកិច្ចប្រយុទ្ធទប់ស្កាត់ ការវិលត្រលប់មកវិញ នូវរបបប្រល័យពូជសាសន៍ ខិតខំកសាង និងអភិវឌ្ឍន៍ភូមិឃុំ សង្រ្គោះប្រជាជនចេញពីភាពអត់ឃ្លាន កសាងប្រទេសពីបាតដៃទទេ អភិវឌ្ឍន៍ប្រទេស រហូតដល់មានការបោះឆ្នោតដោយ UNTAC ឆ្នាំ១៩៩៣ កងទ័ពបានច្របាច់ចូលគ្នាមកពីគ្រប់ភាគីធ្វើអោយចំនួនទ័ព និងសក្តិប៉ោងឡើងយ៉ាងច្រើនលើសលុប ក្រោមនយោបាយ ឈ្នះៗរបស់សម្តេចតេជោ ធ្វើអោយឥទ្ធិពលកិត្តិយសរបស់កងយោធពលខេមរភូមិន្ទ ល្បីរន្ទឺលើឆាកអន្តរជាតិ តាមរយៈបេសសកកម្ម ក្នុងការថែរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ និងផ្ទៃក្នុងប្រទេស បានរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ធ្វើអោយប្រទេសជាតិ មានការអភិវឌ្ឍន៍ លើគ្រប់វិស័យ ប៉ុន្តែគួរអោយសោកស្តាយណាស់ ចំពោះជនអគតិមួយចំនួន ដែលបានប្រមាថមើលស្រាលលើថ្ងៃ ជ័យជំនះ ៧មករា ១៩៧៩ ដែលបានសង្រ្គោះពួកគេអោយរស់រៀនមានជីវិត ពីរបបប្រល័យពូជសាសន៍ ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោដឹកនាំ ។ ដូច្នេះយើងជាកងយោធពលខេមរភូមិន្ទ មានតួនាទីយ៉ាងសំខានក្នុងកិច្ចការពារជាតិសាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងភាពត្រឹមត្រូវ ។ ឯកឧត្តមមានប្រសាសន៍ទៀតថា ទម្រាំមានថ្ងៃនេះ ប្រជាជនកងទ័ពយើង បានបូជាជីវិត អស់រាប់ម៉ឺន រាប់សែននាក់ ដើម្បីដណ្តើមបានមកវិញ នូវសន្តិភាព ប្រជាជនរស់នៅសុខដុមរមនា ប្រទេសជាតិមានការអភិវឌ្ឍន៍ យើងប្រឆាំងដាច់ខាតមិនអោយបុគ្គល ឬពួកក្រុមណាមួយធ្វើឲ្យប្រទេសជាតិធ្លាក់ ទៅក្នុងដានអន្តរាយប្រវត្តិសាស្រ្តចាស់បានឡើយ ៕