ខេត្តព្រះសីហនុ៖គណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ ប្រជុំរិតបន្តឹងអោយម៉ូតូកង់បីនិងរថយន្តទាំងអស់ត្រូវតែចូលចំណតជាដាច់ខាតដោយមិនអាចបណ្តែតបណ្តោយអោយយកចិញ្ចើមផ្លូវធ្វើជាកន្លែងចតទៀតទេព្រោះបញ្ហានេះនាំអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់,សោភណ្ឌភាពទីក្រុងនិងអារម្មភ្ញៀវទេសចរដែលមកកំសាន្តនៅខេត្តព្រះសីហនុ។
ការយកចិញ្ចើមផ្លូវធ្វើជាកន្លែងចត ម៉ូតូកង់បី,តាក់ស៊ី,និងយានយន្តឯកជនផ្សេងៗទៀត និងអ្នកខ្លះយកធ្វើជាកន្លែងលក់ដូរ បាននឹងកំពុងកើតមានយ៉ាងអានាធិបតេយ្យស្ទើរគ្រប់ផ្លូវនៅក្រុងព្រះសីហនុ ជាពិសេសនៅតាមទីប្រជុំជន មុខផ្សារលើ, ផ្សារពាណិជ្ជកម្ម,ផ្សារខ្លាំងលើ,ផ្សារយាយទូចមុខរោងចក្រស្បែកជើងញូស្តារ,ផ្សារទំនប់រលក,ផ្សារក្តាមមុខស្ថានីយ៏រថភ្លើង, មុខផ្ទះសំណាក់, សណ្ឋាគារ, ភោជនីដ្ឋាន, យានដ្ឋានជួសជុលរថយន្ត, តាមដងផ្លូវទៅផែទេសចរណ៏នៅចំណុចឆ្នេរអូរឈើទាល, តាមផ្លូវ៥០២(ក្បែរផ្ទះសម្តេចតេជោ) និងផ្លូវមុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ល។
បញ្ហានេះបានបណ្តាលអោយ៖
១.មានការកកស្ទះចរាចរណ៏។
២.ក្រុងទេសចរណ៏បាត់បង់សណ្តាប់ធ្នាប់។
៣.ខូចសោភណ្ឌភាពទីក្រុង។
៤.ភ្ញៀវទេសចរអាចមិនសប្បាយចិត្តដោយសារឃើញសភាពរញេរញ៉ៃដូច្នេះ។
៥.គ្រោះថ្នាក់ជាយថាហេតុ។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សារកដំណោះស្រាយអំពីបញ្ហារៀបចំសណ្តាប់ធ្នាប់ក្រុងនៅសាលាក្រុងព្រះសីហនុ លោក អ៊ី សុខឡេង អភិបាលក្រុងបានបញ្ជាក់ថា៖ទាំងម៉ូតូកង់បីនិងតាក់ស៊ីត្រូវតែងោយចូលចំណតជាដាច់ខាតដោយមិនខ្លាចលើកបដាតវ៉ាឡើយ។
លោក អភិបាលក្រុងបន្តថា៖ចំពោះម្ចាស់សេវាកម្មទាំងអស់មានភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ យាន្តដ្ឋានជួសជុលរថយន្តល…ល។ត្រូវតែរកចំណតសំរាប់អតិថិជនរបស់ខ្លួនដោយមិនអនុញ្ញាតអោយចតតាមចិញ្ចើមផ្លូវទៀតជាដាច់ខាត។បើមិនអនុវត្តតាមរដ្ឋបាលក្រុងនឹងមានវិធានការណ៏តាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។
លោកអភិបាលក្រុងក៏បានស្នើអោយម្ចាស់ម៉ូតូកង់បីម្ចាស់តាក់ស៊ីនិងម្ចាស់រថយន្តទាំងអស់ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីរៀបចំក្រុងយើងអោយបានល្អប្រសើរចាប់ពីពេលនេះតទៅនិងស្នើសមត្ថកិច្ចពាក់ពន្ថ័ត្រូវចូលរួមសហការអនុវត្តអោយាមានប្រសិទ្ថភាពខ្ពស់៕